ខេត្តបន្ទាយមានជ័យ ៖ អ្នកគ្រូបង្រៀនជាប់កិច្ចសន្យាម្នាក់បានស្រែកថា«អយុត្តិធម៌ណាស់ បង្រៀនរយៈពេល១៦ឆ្នាំហើយ ត្រូវបានការិយាល័យអប់រំក្រុងបញ្ឈប់គាត់មិនឱ្យបង្រៀនបន្តទៅទៀត ។
អ្នកគ្រូមានឈ្មោះ អឿ មុន្នី ជាគ្រូបង្រៀន«សាលាបឋមសិក្សាសុខសាន្ត» ស្ថិតក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត បានបង្ហោះសារតាមបណ្តាញសង្គមហ្វេសបុកផ្ទាល់ខ្លួន និងមានរូបភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រៈរាជាណាចក្រកម្ពុជា បានប្រគល់ប័ណ្ណសរសើរ និងរូបភាពអ្នកគ្រូថតនៅមុខការិយាល័យអប់រំក្រុងប៉ោយប៉ែត និងសិស្សក្នុងសាលារៀននិងសំណេរដែលមានក្លឹមសារថា ៖ សូមគោរពជូនសម្តេចតេជោ ហ៊ុន សែន ជាទីគោរពដ៍ខ្ពង់និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដ៏ខ្ពង់ខ្ពស់ នាងខ្ញុំឈ្មោះ អឿ មុន្នី នៅតែមិនអស់ចិត្តចំពោះការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ និងកម្លាំងចិត្តដែលបានស្ម័គ្រចិត្តជាគ្រូបង្រៀនជាប់កិច្ចសន្យានៅសាលា«បឋមសិក្សាសុខសាន្ត» ចាប់ពីឆ្នាំ២០០៦ ដល់២០២៣នេះ មានរយៈពេល១៦ឆ្នាំហើយ ។
អ្នកគ្រូបានបញ្ជាក់ថា កាលពីឆ្នាំ២០០៦ អ្នកគ្រូបង្រៀនទទួលបានប្រាក់ខែ១ខែចំនួន១៣ម៉ឺនរៀល នៅឆ្នាំ២០២៣នេះ ទទួលបានប្រាក់ខែ១ខែចំនួន១.១២០.០០០រៀល ស្រាប់តែនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ លោកនាយកសាលានិងមន្ត្រីការិល័យអប់រំក្រុងប៉ោយប៉ែតបានអោយនាងខ្ញុំបញ្ឈប់បង្រៀន ហើយលោកនាយកសាលាបានដាក់ប្អូនប្រុសរបស់គាត់២នាក់មកបង្រៀនជំនួស ដែលជាគ្រូជាប់កិច្ចសន្យា ហើយប្រាប់គាត់ថា «ចាស់ហើយឈប់ទៅ បើគ្រូបង្រៀនមានក្របខណ្ឌចូលមិនបានតវ៉ាទេ» ។
អ្នកគ្រូបានបញ្ជាក់ថា ចំណែកអ្នកគ្រូរស់នៅក្នុងភូមិសុខសាន្ត តែគ្រូបង្រៀនជាប់កិច្ចសន្យា២នាក់ដែលជាសាច់ញាតិលោកនាយកមិនម៉ែនជាអ្នកស្រុកនេះឡើយ ។ អ្នកគ្រូពោលពាក្យថា ដូចបទចម្រៀងអ្នកស្រី ហ៊ឹម ស៊ីវ៉ន ច្រៀងពិតជាមិនខុសទេ « កាលនៅគ្រាក្រ គ្រូល្អនោះនៅឯណា?» នាយកធ្វើបែបនេះ វាដូចជាអយុត្តិធម៌ពេកហើយ ចំពោះខ្ញុំធ្វើបែបនេះដូចជាកាច់បំបាក់ដៃទាំងសងខាងរបស់ខ្ញុំ។
លោក ឈូ ប៊ុនរឿង ប្រធានមន្ទីអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យបានប្រាប់នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ថា «តាមពិតអ្នកគ្រូ អឿ មុន្នី គាត់មានវ័យចំណាស់ហើយ មានធ្វើកិច្ចសន្យានៅការិយាល័យអប់រំក្រុងប៉ោយប៉ែត សុំបង្រៀនរយៈពេល១ឆ្នាំ ពេលនេះដល់កិច្ចសន្យាទើបសុំអោយអ្នកគ្រូឈប់សម្រាក ដើម្បីអោយក្មេងៗជំនាន់ក្រោយបានបង្រៀនទេ ។
មានព័ត៌មានបន្ថែម កោះសន្តិភាពផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ