រាជធានីភ្នំពេញ ៖ មកទល់ពេលនេះ មានប្រជាពលរដ្ឋកម្ពុជាចំនួន ប្រមាណ ២,៥០០នាក់ហើយ មកពីគ្រប់មជ្ឈដ្ឋាន បានចុះ និងបន្តចុះឈ្មោះតាមប្រព័ន្ធអនឡាញ ដោយបានបំពេញព័ត៌មានរបស់ខ្លួនងាយៗ ដើម្បីចូលរួមក្នុងដំណើរទស្សនកិច្ចទៅកាន់បណ្តាខេត្តស្ថិតនៅតាមបណ្តោយក្រវាត់ព្រំដែន ប៉ែកឦសាន នៃប្រទេសកម្ពុជា ហើយចំនួននេះ គឺរាប់ចាប់តាំងពីថ្ងៃ នៃការបើកការចុះឈ្មោះដំបូងមកកាលពីចុងខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ ។
លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា សម្រាប់ដំណើរទស្សនកិច្ច ថ្ងៃទី២១ ខែកញ្ញា ខាងមុខនេះ ក្រុមអ្នករៀបចំ បានកំណត់រួចហើយ នូវចំនួនអ្នកត្រូវទៅចូលរួមទាំង ២០០នាក់ សម្រាប់ទស្សនកិច្ចលើកទី៣ ក្នុងក្របខណ្ឌ នៃការរៀបចំដំណើរទស្សនកិច្ចពលរដ្ឋរយៈពេល១ថ្ងៃ ដោយឥតគិតថ្លៃ ក្នុងតម្រាយផ្លូវចេញពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី រួចវិលត្រលប់មករាជធានីភ្នំពេញវិញ នៅថ្ងៃដដែល ។ បញ្ជីឈ្មោះ ប្រជាពលរដ្ឋទាំង២០០នាក់ ត្រូវបានក្រុមការងាររៀបចំរួច និងអញ្ជើញចូលរួមប្រជុំកិច្ចប្រជុំនារសៀលនេះ ដើម្បីទទួលព័ត៌មានស្តីពីកម្មវិធីធ្វើដំណើរ ការសម្របសម្រួលការត្រៀមរៀបចំសម្រាប់ដំណើរទស្សនកិច្ច និងព័ត៌មានសំខាន់ៗ ពាក់ព័ន្ធនឹងការងារព្រំដែន សម្រាប់ជាការយល់ដឹងបន្ថែម និងឈ្វេងយល់ឱ្យស៊ីជម្រៅទៀតជុំវិញការគ្រប់គ្រងតំបន់ក្រវាត់ព្រំដែន និងការការពារអធិបតេយ្យជាតិ បូរណភាពទឹកដីកម្ពុជា ។
សូមរម្លឹកថា ទស្សនកិច្ចនេះ បើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់ ហើយថវិកាសម្រាប់ការចំណាយគឺជាការឧបត្ថម្ភដោយ សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។ ថវិកានេះ ជាថវិកាផ្ទាល់របស់សម្តេចធិបតី និងលោកជំទាវ ព្រមទាំងសប្បុរសជន ដែលជាថវិកាដោយឡែក មិនពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែនឡើយ ៕







ចែករំលែកព័តមាននេះ