កាសែតបារាំង FRANCE SOIR ក្នុងបទអត្ថាធិប្បាយរបស់ខ្លួនកាលពីថ្ងៃទី២៥ ឧសភា សរសេរថា លោកមូអាម៉ាកាដាហ្វី អាចត្រៀមបោះបង់ចោលអំណាចក្នុងលក្ខខណ្ឌដែលលោកអាចស្ថិតក្នុងប្រទេសលីប៊ី ។
ដោយដកស្រង់ប្រភពព័ត៌មានច្បាស់ការនានាជិតដិតនឹងរដ្ឋអំណាចលីប៊ី កាសែតនោះអះអាងថា បណ្តាបេសកជនរបស់លោកកាដាហ្វី បានជួបចាប់តាំងពីប៉ុន្មានសបា្តហ៍មកហើយក្នុងលក្ខណៈអាថ៌កំបាំងបំផុតជាមួយបណ្តាអ្នកទទួលខុសត្រូវលោកខាងលិចក្នុងនោះមានអ្នកទទួលខុសត្រូវបារាំងផងដែរ ដោយភាគីនីមួយៗចង់បញ្ចប់រឿងនេះដោយឆាប់រហ័ស ។
រដ្ឋមន្ត្រីការបរទេសបារាំងលោក ALAIN JUPPE ថ្លែងកាលពីថ្ងៃទី២៤ ឧសភា នៅមុខបណ្តាសមាជិកសភាថា ប្រតិបត្តិការយោធារបស់អូតង់នៅលីប៊ីទទួលបានជោគជ័យ ហើយនឹងត្រូវបញ្ចប់ក្នុងប៉ុន្មានខែខាងមុខទៀតយ៉ាងយូរបំផុត ។
យោងតាមកាសែត FRANCE SOIR ថា លោកាដាហ្វីមានការសោកសង្រេងខ្លាំងចំពោះការស្លាប់កូនប្រុសពៅរបស់លោក និងចៅ៣នាក់ក្នុងការទម្លាក់គ្រាប់បែករបស់អូតង់កាលពីថ្ងៃទី១ ឧសភា កន្លងមកនេះ ហើយចាប់តាំងពីពេលនោះមកគេតាមប្រមាញ់សម្លាប់លោក ។ ក្នុងកាលៈទេសៈបែបនេះលោកកាដាហ្វីហាក់មានអារម្មណ៍ថា លោកប្រៀបដូចជាតោមួយក្បាលជាប់ក្នុងទ្រុងហើយពុំអាចចេញទៅណាផ្តេសផ្តាស ជាពិសេសក្នុងតំបន់វាលខ្សាច់ ។ លោកកាដាហ្វីមួយថ្ងៃៗចំណាយពេលច្រើនម៉ោងតាមដានអីុនធើរណេតជាភាសាអារ៉ាប់ អង់គ្លេស ឬអីុតាលី ។ លោកចង់ដឹងថា តើគេនិយាយអ្វីខ្លះហើយ តើព័ត៌មានចុងក្រោយទាំងឡាយមានអ្វីខ្លះតាមវ៉េបសាយ ៕
ចែករំលែកព័តមាននេះ