រាជធានីភ្នំពេញ ៖ បន្ទាប់ពីទទួលការសង្គ្រោះព្យាបាលជាបន្ទាន់អស់រយៈពេល៤ថ្ងៃនៅមន្ទីរពេទ្យកាល់ម៉ែត លោកសុខ សំណាង ចាងហ្វាងកាសែតដំណឹងថ្មី បានទទួលមរណភាពនៅវេលាម៉ោង២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ឧសភា។
លោកសុខ សំណាង កើតនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ១៩៥៥ នៅភូមិចាក់អង្រែលើ ឃុំចាក់អង្រែលើ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ លោកមានភរិយាឈ្មោះឈុន កេតសារ៉ា បានរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ១៩៨៥ ដែលមានកូនប្រុសស្រីចំនួន៥នាក់ ក្នុងនោះប្រុសចំនួន២នាក់ និងស្រីចំនួន៣នាក់។ លោកបានបញ្ចប់ការសិក្សាដល់ថ្នាក់ទីបញ្ចប់នៅវិទ្យាល័យតាខ្មៅនាឆ្នាំ១៩៧៥ បានចូលបម្រើការងារជាមន្ត្រីសារព័ត៌មានអាកាប៉េ (AKP) តាំងពីឆ្នាំ១៩៨៣ និងបានចូលបំពេញការងារជាមួយសារព័ត៌មានផ្សេងៗដូចជា សារព័ត៌មានកោះសន្តិភាព ក្នុងឋានៈជាអ្នកថតរូប និងយកព័ត៌មាន ព្រមទាំងសារព័ត៌មានសេដ្ឋកិច្ច។ ក្នុងនោះផងដែរលោកក៏ជាមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងការពារជាតិ មានឋានន្តរស័ក្តិជាវរសេនីយ៍ទោ នៅក្នុងអង្គភាពង៧០។ រហូតមកដល់បច្ចុប្បន្ននេះលោកមានតួនាទីជាចាងហ្វាងសារព័ត៌មានដំណឹងថ្មី។
កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១០ វេលាម៉ោង៤ល្ងាច លោកសុខ សំណាង បានចុះបំពេញការងារជាអ្នកសារព័ត៌មាននៅខេត្តព្រះសីហនុ ក្នុងឱកាសបំពាក់ឋានន្តរស័ក្តិ ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ ក្នុងខណៈពេលដែលកំពុងសម្រាកស្ថិតនៅក្នុងសណ្ឋាគារមួយ ជំងឺលើសឈាមក៏បានបង្កឡើង ធ្វើឱ្យរូបលោកដួលសន្លប់ក្នុងបន្ទប់ទឹកដាច់សរសៃឈាមក្នុងខួរក្បាលភ្លាមៗ ជាហេតុធ្វើឱ្យលោកពិការអស់រយៈពេលជាង១ឆ្នាំ។ ក្នុងនោះផងដែរបានទៅព្យាបាលនៅប្រទេសវៀតណាមបានមួយរយៈ។ ដោយមានការជួយជ្រោមជ្រែង និងមានការជួយឧបត្ថម្ភជាថវិកាពីសំណាក់សម្តេច និងលោកជំទាវ អស់លោក លោកស្រីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស រួមជាមួយការជួយឧបត្ថម្ភពីនាយកគ្រប់គ្រងសារព័ត៌មានកោះសន្តិភាពជាបន្តបន្ទាប់ផងដែរ ធ្វើឱ្យអាការជំងឺរបស់លោកមានសភាពធូរស្រាលជាងមុន ដោយបានរស់នៅក្នុងពិការភាពបានរយៈពេលជាង១ឆ្នាំ។
ជាអកុសលនៅវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១១ អាការជំងឺរបស់លោកក៏បានរើឡើងវិញយ៉ាងធ្ងន់ធ្ងរ ពេលនោះក្រុមគ្រួសាររបស់លោកក៏បានបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែតភ្លាមៗផងដែរ។ ដោយសារអាការរោគរបស់លោកមានសភាពធ្ងន់ធ្ងរខ្លាំងពេក ជាហេតុធ្វើឱ្យវេជ្ជបណ្ឌិតមិនអាចជួយសង្គ្រោះជីវិតលោកបានទាន់ពេលវេលា។
សពលោកសុខ សំណាង តម្កល់ធ្វើបុណ្យតាមប្រពៃណីនៅផ្ទះលេខ១៣៤៣ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១១។ លុះព្រឹកឡើងវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១១ ដង្ហែសពទៅបញ្ចុះនៅវត្តកំពង់ស្វាយ ភូមិកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ៕
ចែករំលែកព័តមាននេះ