ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​​សហគមន៍​ព្រៃឡង់​ធ្វើការ​តវ៉ា​​សុំ​​​ឱ្យរដ្ឋាភិបាល​​​បញ្ឈប់​​ការ​ផ្តល់​​​ព្រៃ​សម្បទាន​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ប្រជា​ពលរដ្ឋ​​-ជន​ជាតិ​ភាគតិច​មក​ពី​ខេត្តក្រចេះ ​ស្ទឹង​ត្រែង ​កំពង់​ធំ ​និង​ព្រះវិហារ ​បាន​​មក​​​ប្រមូលផ្តុំគ្នា​​​កាលពីវេ​លា​ម៉ោង​​៨ព្រឹក​​ថ្ងៃទី​​​​២៥ ឧសភា ​២០១១ ស្រែក​ហ៊ោ​កញ្ជ្រៀវ​​​ ច្រៀង​រាំ ​ដែលជា​ពិធី​​មួយស្នើ​សុំ​ទៅ​រដ្ឋា​ភិបាល​​​ឱ្យបញ្ឈប់​ការ​​ផ្តល់​​ព្រៃ​​សម្បទាន​នៅ​ព្រៃ​​ឡង់​​ដល់​បណ្តា​ក្រុមហ៊ុន​វិនិយោគ​ទៀត​​​ទៅ

រាជធានីភ្នំពេញ ៖ ​ប្រជា​ពលរដ្ឋ​​-ជន​ជាតិ​ភាគតិច​ប្រមាណ​​​​២០០នាក់​​មក​ពី​ខេត្តក្រចេះ ​ស្ទឹង​ត្រែង ​កំពង់​ធំ ​និង​ព្រះវិហារ ​បាន​​មក​​​ប្រមូល​ផ្តុំគ្នា​​​​នៅលើ​​ទីលាន​ប្រជាធិបតេយ្យ​កាលពីវេ​លា​ម៉ោង​​៨ព្រឹក​​ថ្ងៃទី​​​​២៥ ឧសភា ​២០១១ ស្រែក​ហ៊ោ​កញ្ជ្រៀវ​​​ ច្រៀង​រាំ ​ដែលជា​ពិធី​​មួយស្នើ​សុំ​ទៅ​រដ្ឋា​ភិបាល​​​ឱ្យបញ្ឈប់​ការ​​ផ្តល់​​ព្រៃ​​សម្បទាន​នៅ​តំបន់​ព្រៃ​​ឡង់​​ដល់​បណ្តា​ក្រុមហ៊ុន​វិនិយោគ​​ផ្សេងៗ​ទៀត​​​ទៅ ព្រោះ​វា​​​​ហិនហោច​​គំរប​បៃ​តង​ ប៉ះ​ពាល់​បរិស្ថាន​ និង​ជីវ​ភាពរស់នៅ​​របស់ប្រជា​ពលរដ្ឋ​​​ដែល​ពឹង​ផ្អែក​​លើផល-​អនុផល​ព្រៃឈើ​​ទាំង​នោះ ។ ​

តំណាង​​ជនជាតិភាគតិច​​មួយ​រូប​និយាយ​​​សុំ​មិន​បញ្ចេញ​​​ឈ្មោះ​​​បាន​ឱ្យ​ដឹង​ថា ​​បង​ប្អូនប្រជា​សហគមន៍​រស់នៅ​​ជុំវិញ​​​តំបន់​ព្រៃឡង់ ​មាន​ខេត្ត​ព្រះ​វិហារ ក្រចេះ កំពង់ធំ និង​​​ប្រជាពលរដ្ឋ​​កម្ពុជា​រស់នៅ​​តាមបណ្តា​​ខេត្ត​នានា​ក្នុង​ប្រទេស​កម្ពុជា​​រួមជាមួយ​ជនជាតិដើម​ភាគតិច ​ដែល​ទទួល​​ផលប្រយោជន៍​​ផ្ទាល់ និង​ប្រយោល​​ពី​​ព្រៃឡង់ កំពុង​មាន​​​ការព្រួយ​បារម្ភយ៉ាង​ខ្លាំង​ចំពោះ​​សកម្មភាព​​អភិវឌ្ឍ​ជា​ទ្រង់ទ្រាយ​ធំ​ក្នុង​​​តំបន់​ព្រៃ​ឡង់ ដូចជា ​សម្បទាន​​ដីសេដ្ឋកិច្ច ​សម្បទាន​រ៉ែ ​​សម្បទាន​​​ព្រៃគប់ និង​​​ការ​កាប់​បំផ្លាញ​​​ព្រៃឈើ​​អនាធិបតេយ្យ​​​ក្នុងតំបន់​ព្រៃ​​ឡង់​។​ ​ប្រជា​សហ​គមន៍​​យល់ឃើញ​ថា ​បើ​សកម្មភាព​​​​ទាំង​នេះ​​នៅ​តែ​បន្ត​​​នោះ វា​នឹង​​​ធ្វើ​ឱ្យធនធាន​​ធម្មជាតិ​​ដែល​មាន​​តម្លៃ​​​មហាសាល​ក្នុង​ព្រៃឡង់​​​ដូច​ជា ​សត្វ​ពាហនៈ ​​ព្រៃឈើ​ធម្មជាតិ ផលអនុ​​​ផល​ព្រៃ​ឈើ ដែលប្រជា​ពលរដ្ឋ​​​អាស្រ័យផល ​​ជីវ​ចម្រុះ​​​គ្រប់​ប្រភេទ​​​ត្រូវបាត់បង់​​​ ហើយ​​​នឹង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​​​ដល់មុខរបរ​​ប្រជាពលរដ្ឋ​​​​ វប្បធម៌ ​ប្រពៃ​ណី​​​ជន​ជាតិដើម​ភាគតិច​​​ ជំរកសត្វព្រៃ​​​ ប្រភពជីវ​​​​ជាតិ និង​ប្រភព​ទឹក​​ដែល​​​ហូរ​ចាក់​តំបន់​​ទំនាប​​​សម្រាប់​វិស័យ​​​កសិ​កម្ម​ ជាពិសេស​ធ្វើ​ឱ្យ​មាន​ការប្រែ​ប្រួល​​អាកាសធាតុ និង​បង្ក​ឱ្យមាន​គ្រោះ​ធម្មជាតិ​​ ។​

ជាក់ស្តែង​​ដើមច្បោះ​របស់​សហគមន៍​​ក្នុងព្រៃ​ឡង់​​​ត្រូវបានកាប់​បំផ្លាញ​​​​ពី​​សំណាក់​ក្រុមហ៊ុន និង​អ្នក​​មាន​អំណាច​​​មានចំនួន​​២៤៣.៦៤៤​ដើម យ៉ាង​​​រង្គះ​រង្គាល ​​ហើយ​បានធ្វើ​ឱ្យប្រជា​ពលរដ្ឋ​​​ជួបការ​លំបាក​​យ៉ាងខ្លាំង ។ ​​ប្រជា​ពលរដ្ឋ​​​ដឹង​ថា ​​ការអភិវឌ្ឍន៍​​​គឺជា​តម្រូវការ​​ចាំបាច់​​របស់​រាជ​រដ្ឋា​ភិបាល ក៏ប៉ុន្តែ​​​មានជម្រើស​​ច្រើនទៀត​ក្នុង​ការ​ស្វែង​រក​​​ធនធាន​​មកធ្វើ​ការអភិវឌ្ឍ​ប្រទេស​ជាតិ​ក្រៅពី​ការ​​ផ្តល់​សម្បទាន​​​សេដ្ឋកិច្ច​ក្នុង​តំបន់​ព្រៃ​ឡង់​ដូចជា ការថែ​រក្សា​​​ព្រៃឈើ​ធម្មជាតិ​​ ដើម្បី​ឥណទាន​​កាបោន និង​ការ​លើក​កម្ពស់​​​​ការ​ច្នៃ ប្រឌិត​​​​​ផលអនុផលព្រៃឈើ​​ជាដើម។ល។ ​ដោយ​ហេតុ​​ផល​ខាងលើនេះ ហើយទើប​បង​ប្អូន​​ជន​ជាតិ​ដើម​ភាគតិច​នាំ​​​គ្នា​មក​​កាន់​​ទីលាន​​ប្រជាធិប​តេយ្យ​ ក្នុងរាជធានី​ភ្នំពេញ និង​​សម្តែង​​របាំ​កាន់​​បដា​ពាក្យ​ស្លោក​ដើម្បីសុំ​យ៉ាង​​ទទូច​ដល់​រាជ​រដ្ឋា​ភិបាល​​​​​ចាត់វិធានការ​​​​ជា​បន្ទាន់​​​ប្រកប​ដោយ​​​​ប្រសិទ្ធ​ភាព​​​​​ខ្ពស់​ក្នុងការ​​​ការពារ​ព្រៃឡង់ ​គឺ​​បញ្ឈប់​​​ការ​ផ្តល់​សម្បទាន​​នានា​ក្នុង​តំបន់ព្រៃឡង់​ជាដើម ៕