រាជធានីភ្នំពេញ ៖ រយៈពេលមិនដល់១ខែផង បន្ទប់ដាក់កាតុងសំបកថ្នាំក្នុងឃ្លាំងផលិតឱសថនិងស្រាទឹកត្នោត PPM ត្រូវបានរងគ្រោះដោយអគ្គិភ័យឆាបឆេះចំនួន៣លើកជាបន្តបន្ទាប់ ប៉ុន្តែរាល់ពេលឆេះម្តងៗត្រូវបានអាជ្ញាធរខណ្ឌដង្កោ និងសមត្ថកិច្ចនានា ជាពិសេសក្រុមរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ពន្លត់ទាន់ពេលវេលា ។
ហេតុការណ៍ឆេះលើកចុងក្រោយនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១១ ដែលឃ្លាំងខាងលើមានទីតាំងស្ថិតនៅជិតរង្វង់មូលថ្នល់បំបែកចោមចៅ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ការឆាបឆេះនោះរហូតមកដល់ពេលនេះគេមិនទាន់រកមូលហេតុឃើញនៅឡើយទេ ហើយនៅវេលាព្រឹកថ្ងៃកើតហេតុនោះប៉ូលិសក្រសួងមហាផ្ទៃបានឃាត់ខ្លួនបុគ្គលិកឃ្លាំងឱសថនោះចំនួន១១នាក់ ធ្វើការសាកសួរផងដែរ ដើម្បីស្វែងរកមូលហេតុនៃការឆេះនោះ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា អគ្គិភ័យដែលបានឆាបឆេះបន្ទប់ដដែលៗចំនួន៣លើកកន្លងមកនេះ គឺលើកទី១ នៅព្រឹកថ្ងៃទី២៦ ខែមេសា លើកទី២ នៅថ្ងៃទី២៣ ខែឧសភា និងលើកទី៣ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១១។ ប៉ុន្តែការឆេះទាំង៣លើកនេះត្រូវបានពន្លត់ទាន់ពេលវេលា ទើបមិនរាលដាលដល់បន្ទប់ និងអគារផ្សេងៗទៀត ។ ប្រភពដដែលបានបន្តទៀតថា នៅពេលកើតហេតុលើកចុងក្រោយនេះ គេបានឃើញផ្សែងហុយចេញពីក្នុងបន្ទប់ដាក់កាតុងសំបកថ្នាំពេទ្យ ដែលបន្ទប់មួយនោះត្រូវបានគេដឹងថា មានដាក់ម៉ាស៊ីន Chiller ប្រព័ន្ធម៉ាស៊ីនត្រជាក់ធុនធំសម្រាប់ឱ្យថ្នាំត្រជាក់ផង ដែរ ។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីឃើញផ្សែងហុយចេញបែបនេះ បុគ្គលិកនៅទីនោះបានភ្ញាក់ផ្អើលខ្លះដងទឹកជះពន្លត់ និងខ្លះទៀតផ្តល់ព័ត៌មានដល់អាជ្ញាធរ ។ ពេលនោះអាជ្ញាធរខណ្ឌដង្កោ ដឹកនាំដោយលោកអភិបាលខណ្ឌគិត សុផា និងលោកអភិបាលរងហែម ដារិទ្ធិ បានចេញអន្តរាគមន៍ ។ ចំណែកឯរថយន្តពន្លត់អគ្គិភ័យ២គ្រឿងដែលប្រចាំការនៅសាលាខណ្ឌដង្កោ រួមជាមួយរថយន្តពន្លត់អគ្គិភ័យរបស់កងពលតូចលេខ៧០ ពីរគ្រឿងទៀតបានចេញទៅបាញ់ទឹកពន្លត់ភ្លាមៗដែរ ។ ដោយសារការអន្តរាគមន៍ទាន់ពេលវេលាទើបអាចពន្លត់ភ្លើងបានមិនឆេះរាលដាលដល់កន្លែងផ្សេងទៀត ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមកពីស្ថាប័នជាច្រើនរួមមានទាំងប៉ូលិសបច្ចេកទេសផង បានចុះទៅកាន់ទីនោះដើម្បីធ្វើការស្រាវជ្រាវពីហេតុការណ៍នោះ ។ មិនតែប៉ុណ្ណោះប៉ូលិសក្រសួងមហាផ្ទៃបានឃាត់ខ្លួនបុគ្គលិកនៅទីនោះចំនួន១១នាក់យកទៅធ្វើការសាកសួរ ព្រោះមានប្រភពខ្លះខ្សិបខ្សៀវគ្នាថា សង្ស័យមានគេលួចដុត ឯប្រភពខ្លះទៀតសង្ស័យថា ទុស្សេខ្សែភ្លើងម៉ាស៊ីនត្រជាក់ធុនធំសម្រាប់ធ្វើឱ្យថ្នាំត្រជាក់នោះ ៕
ចែករំលែកព័តមាននេះ