ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី២១ ឧសភា ពលរដ្ឋរស់នៅភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ប្រមាណ៣០នាក់ បាននាំគ្នាយក គោយន្តកន្ត្រៃមកភ្ជួរដីស្រែដែលមានទំនាស់ស្ថិតនៅក្នុងភូមិរស្មីសាមគ្គី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។ លោកយិន វ៉ាង អាយុ៤៩ឆ្នាំ បានអះអាងថា គាត់ជាតំណាងឱ្យពលរដ្ឋចំនួន៤២គ្រួសាររស់នៅក្នុងភូមិឃុំខាងលើ និងបាននាំគ្នាមកភ្ជួរដីស្រែនៅចំណុចដីទំនាស់នោះជាមួយនឹងលោកលី អ៊ុតនី ដែលដីមានទំហំសរុប៤៥៩.៦០០ហិកតា ។
ពលរដ្ឋទាំងនោះបានរៀបរាប់ឱ្យដឹងថា ដីដែលមានបញ្ហានេះគឺពួកគាត់បានមកពីការបែងចែករបស់អង្គភាពមន្ទីរកងពលលេខ៤៥០ ក្នុង១គ្រួសារបានដីចំនួន៥ហិកតា សម្រាប់ធ្វើស្រែ ប៉ុន្តែក្រោយមកត្រូវលោកព្រាប សារុន ជាមេរបស់ខ្លួនយកដីទាំងអស់នេះលក់ឱ្យលោកលី អ៊ុតនី ទើបបានជាពួកគាត់មិនសុខចិត្តកើតមានជម្លោះបែបនេះ ។ ក្រុមប្រជាពលរដ្ឋបន្តថា កន្លងមកនៅពេលដែលពួកគាត់យកគ្រឿងចក្រមកភ្ជួររាស់លើដីស្រែនេះ គឺត្រូវអាជ្ញាធរចាប់យកគ្រឿងចក្រផងដែរ ។ ព្រឹកថ្ងៃទី២១ ឧសភា នៅពេលដែលពួកគាត់យកគ្រឿងចក្រមកភ្ជួររាស់លើដីស្រែនេះទៀតក៏ខាងអាជ្ញាធរមានសមត្ថកិច្ចបានមកហាមឃាត់ពួកគាត់ឱ្យផ្អាកសកម្មភាពតែពួកគាត់មិនព្រមទេ ។
លោកយិន វ៉ាង និយាយប្រាប់សមត្ថកិច្ចថា ពួកគាត់មិនបញ្ឈប់សកម្មភាពទេ ហើយបើចង់ឱ្យពួកគាត់បញ្ឈប់សកម្មភាពនោះ លុះត្រាតែមេរបស់គាត់លោកព្រំ ជឿន នៅក្រសួងការពារជាតិហាមឃាត់ទើបពួកគាត់ឈប់ ហើយបើខាងលោកលី អ៊ុតនី ចង់ដោះស្រាយបែបណានោះសូមឱ្យឡើងទៅជួបថ្នាក់ជាតិដោះស្រាយជម្លោះដីធ្លីចុះ ពីព្រោះរឿងរ៉ាវនេះពួកគាត់បានដាក់ពាក្យបណ្តឹងរួចរាល់អស់ហើយ ។
ចំណែកលោកលី អ៊ុតនី បានឱ្យដឹងថា ដីដែលមានបញ្ហាទំនាស់នេះគឺរូបលោកបានទិញពីលោកព្រាប សារុន និងនាយទាហានកងពលលេខ៥១ ប្រចាំទិសពាយ័ព្យ ក្នុង១ហិកតាតម្លៃ៣.០០០បាត តាំងពីឆ្នាំ១៩៩៨ និងរហូតដល់ឆ្នាំ២០០៤ រូបលោកបានត្រួសត្រាយព្រៃ និងដោះមីនបានមួយចំនួនធំ ហើយមានលិខិតស្នាមទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុក យ៉ាងត្រឹមត្រូវផងដែរ ។ លោកបន្តថា បន្ទាប់មកលោកបានធ្វើប្រឡាយនិងលើកជាភ្លឺស្រែក្នុង១ហិកតា ភ្លឺ១ និងធ្វើស្រែតាំងពីឆ្នាំ២០០៤រហូតមក ព្រមទាំងបានអាស្រ័យផលជាធម្មតា ។ ស្រាប់តែនៅចុងឆ្នាំ២០០៩ មានពលរដ្ឋមួយចំនួនមកចាប់ទន្ទ្រានយកដីស្រែរបស់គាត់និងអះអាងថា ជាដីរបស់ពួកគេទៅវិញដោយពុំមានអ្វីជាឯកសារសម្រាប់សម្គាល់ឡើយ គឺគ្រានន់តែអះអាងថា ជាដីរបបមេទាហានចែកឱ្យតែប៉ុណ្ណោះ ដូច្នេះហើយបានជាបណ្តាលឱ្យកើតជារឿងរ៉ាវបែបនេះ ។
លោកលី អ៊ុតនី បានបញ្ជាក់ថា កាលពីជំនាន់ដែលលោកទិញដីពីលោកព្រាប សារុន ដែលនៅជាដីចំការមីននោះមិនឃើញមានមកតវ៉ាថាជាដីរបស់ពួកគេទេគឺទុករហូតដល់រូបគាត់ជួលគេដោះមីនរួចរាល់មួយចំនួនធំហើយនិងថែមទាំងធ្វើស្រែអស់រយៈពេល៦ឆ្នាំមកហើយ ហើយទើបលេចមុខពួកគេមកតវ៉ាថាជាដីរបស់ខ្លួនទៅវិញ ។ ចំពោះក្រុមជនខិលខូចមួយចំនួនដែលបានដើរបង្កព្យុះភ្លៀងនិងធ្វើបាបពលរដ្ឋ ស្លូតត្រង់ធ្វើឱ្យខាតបង់នោះ ក្នុងនាមលោកជាអ្នករងគ្រោះសំណូមពរដល់ថ្នាក់ដឹកនាំនិងអាជ្ញាធរជាតិជួយរកយុត្តិធម៌ដល់រូបលោកផង ជាពិសេសគឺស្ថាប័នតុលាការតែម្តង។ ជនខិលខូចដែលជាបក្សពួករបស់លោកព្រាប សារុន នោះគឺមានឈ្មោះយ៉ែម យួម ឈ្មោះមុំ គឹមហៃ ឈ្មោះជួប ពិន ឈ្មោះមិន ណៃ និងឈ្មោះសឹង សាវី បានផ្តិតមេដៃលក់ដីឱ្យលោកនិងបានធ្វើលិខិតផ្ទេរសិទ្ធិកាន់កាប់ត្រឹមត្រូវនៅក្នុងអាជ្ញាធរមូលដ្ឋានហើយនោះ ស្រាប់តែបែកធ្លាយចេញជារឿងដូចខាងលើនេះទៅវិញ តើច្បាប់គួរមានវិធានការយ៉ាងណាចំពោះពួកគេនោះ។
គួរតែចាត់វិធានការយកពួកគេទៅផ្តន្ទាទោសតាមច្បាប់ទើបជាការប្រសើរបើពុំដូច្នេះទេបញ្ហាបែបនេះនឹងកើតមានឡើងសម្រាប់ពលរដ្ឋស្លូតត្រង់ និងអាចធ្វើឱ្យសង្គមជាតិកើតមានបញ្ហាមិនចេះចប់ឡើយ ៕
ចែករំលែកព័តមាននេះ