ខេត្តបាត់ដំបង ៖ ស្ត្រី៣នាក់បានមកដល់ស្នាក់ការសមាគមការពារសិទ្ធិមនុស្ស «អាដហុក» ខេត្ត កាលពីព្រឹកថ្ងៃទី២៤ ឧសភា ដើម្បីស្នើដល់សមាគមការពារសិទ្ធិមនុស្សមួយនេះជួយអន្តរាគមន៍រំដោះកូននិងប្តីរបស់ពួកគាត់សរុបចំនួន៨នាក់ ដែលខ្លួនកំពុងរងទារុណកម្មនៅលើទូកនេសាទ និងខ្លះទៀតកំពុងលាក់ខ្លួនក្បែរមាត់សមុទ្រនៃប្រទេសម៉ាឡេស៊ី ដោយសារតែពួកទាហានសៀមចាប់យកទៅលក់កម្លាំងពលកម្មបន្តឱ្យពួកនេសាទនៃប្រទេសនេះ ។
អ្នកស្រីអ៊ាង ដុន អាយុ៥៦ឆ្នាំ រស់នៅស្រុកសំពៅលូន ជាប់ព្រំដែនប្រទេសសៀមបាននិយាយថា ក្នុងចំណោមកម្មករខ្មែរទាំង៨នាក់នោះ គឺមានកូនប្រុសគាត់ម្នាក់និងក្មួយប្រុសម្នាក់ផង ។ អ្នកស្រីបានប្រាប់ថា ពួកគេធ្លាប់ចេញចូលធ្វើកម្មករលើទឹកដីសៀមជាប្រចាំ ដោយមិនស្របច្បាប់ទេ ប៉ុន្តែនៅចុងក្រោយនេះពួកគេចេញទៅតាំងពីដើមខែមករា ឆ្នាំ២០១១ តែគ្មានឮដំណឹងសោះ លុះនៅថ្ងៃទី២០ ឧសភា ស្រាប់តែកូនប្រុសគាត់ឈ្មោះទិត្យ ភ័ក្ត្រ អាយុ៣០ឆ្នាំ បានទូរស័ព្ទមកប្រាប់គាត់ថា ពួកគេត្រូវទាហានសៀមចាប់យកទៅលក់ឱ្យធ្វើកម្មករចុះទូកនេសាទនៅប្រទេសម៉ាឡេស៊ី ។ កូនប្រុសរបស់គាត់បានបញ្ជាក់ប្រាប់ថា រូបគេនិងគ្នីគ្នាចំនួន៥នាក់ទៀតបានលោតចុះទឹកហែលឆ្លងសមុទ្រលាក់ខ្លួនក្បែរសមុទ្រមួយកន្លែងនៅប្រទេសម៉ាឡេស៊ី រីឯ២នាក់ទៀតកំពុងស្ថិតនៅលើទូកនេសាទនោះហើយកំពុងរងទារុណកម្មដែរ ។ ពេលឮដូច្នេះទើបគាត់មករកអង្គការអាដហុកឱ្យជួយអន្តរាគមន៍ ។
នៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៤ ឧសភា កូនប្រុសអ្នកស្រីអ៊ាង ដុន ឈ្មោះទិត្យ ភ័ក្ត្រ អាយុ៣០ឆ្នាំ ដែលកំពុងសំងំលាក់ខ្លួននៅក្នុងផ្ទះពលរដ្ឋម៉ាឡេស៊ីមួយកន្លែងនៅមាត់សមុទ្របានប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា រូបគេនិងគ្នីគ្នា៥នាក់ទៀតដែលមានឈ្មោះឯម សុង ឈ្មោះសូ រ៉ា ឈ្មោះប៊ី ស៊ីន ឈ្មោះមាស សារុន និងឈ្មោះទា សុខ កំពុងសំងំលាក់ខ្លួនក្នុងផ្ទះពលរដ្ឋម៉ាឡេស៊ីមួយកន្លែងក្បែរមាត់សមុទ្រក្នុងខេត្តសារ៉ាវ៉ាត់នៃប្រទេសសាម៉ាឡេស៊ី ។ ទិត្យ ភ័ក្ត្រ បានប្រាប់ទៀតថា រីឯពួកខ្លួន២នាក់ទៀតគឺឈ្មោះឆន ក្រិម និងឈ្មោះពឹង កំពុងរងទារុណម្មនៅលើទូកនេសាទរបស់ជនជាតិម៉ាឡេស៊ី ព្រោះពួកគេតូចៗមិនអាចហែលទឹកឆ្លងសមុទ្របាន។
កម្មករខ្មែររូបនេះបានរៀបរាប់ថា ពួកខ្លួនបានចូលទៅធ្វើកម្មករដោយមិនស្របច្បាប់លើទឹកដីសៀមដែលពួកខ្លួនធ្លាប់ចេញចូលជាប្រចាំ ប៉ុន្តែនៅថ្ងៃទី១៤ មេសា កន្លងទៅ ក៏ត្រូវពួកទាហានសៀមព័ទ្ធចាប់បញ្ជូនតាមរថយន្តមកកាន់សមុទ្រម៉ាឡេស៊ីដើម្បីលក់ឱ្យធ្វើពលកម្មលើទូកជនជាតិម៉ាឡេស៊ី ។ បុរសនេះនិយាយទៀតថា ពួកខ្លួនត្រូវធ្វើដំណើរតាមទូកចំនួន១០យប់ទើបដល់ខេត្តសារ៉ាវ៉ាត់ ប្រទេសម៉ាឡេស៊ី ហើយខណៈនោះពួកខ្លួន៦នាក់បានលោតចុះពីទូកពេលយប់ដោយកាន់ប៊ីដុងម្នាក់១ ហែលឆ្លងសមុទ្រ ប្រហែល២០០ម៉ែត្រទើបដល់ច្រាំង ហើយលាក់ខ្លួនមួយរយៈ ។ ឈ្មោះទិត្យ ភ័ក្ត្រ បានបញ្ជាក់ថា ពេលខ្លួនលោតចុះទឹកហែលបានបន្តិចគេឮសំឡេងស្រែកឱ្យជួយដែលទំនងម្ចាស់ទូកវាយធ្វើបាបឈ្មោះក្រឹម និងឈ្មោះពឹង ដែលនៅលើទូកនោះ។
រីឯអ្នកស្រីផាន់ សុវ៉ាង អាយុ៤៥ឆ្នាំ រស់នៅស្រុកសំពៅលូន ដែរបាននិយាយថា ប្តីរបស់គាត់ក៏កំពុងលាក់ខ្លួននៅជាមួយគេដែរក្រោយពីហែលទឹករួចពីទូកនេសាទ ។ ដោយឡែកអ្នកស្រីឆាយ ឈូន រស់នៅស្រុកកំរៀង ក៏បានប្រាប់ដែរថា កូនប្រុសគាត់ម្នាក់និងក្មួយម្នាក់ក៏រត់រួចពីទូកនេសាទនោះហើយដែរ ។ ពួកគាត់និយាយថា ពួកគាត់មកកាន់ស្នាក់ការអាដហុកនេះក្នុងបំណងសុំឱ្យជួយអន្តរាគមន៍យ៉ាងណារំដោះកូន ក្មួយ និងប្តីរបស់គាត់ពីប្រទេសម៉ាឡេស៊ីផង ពិតមែនតែពួកគេឆ្លងដែនខុសច្បាប់ក្តី ។
លោកយិន ម៉េងលី មន្ត្រីស៊ើបអង្កេតអង្គការអាដហុកប្រចាំខេត្តបាត់ដំបង និងប៉ៃលិន បានថ្លែងថា យើងបានទទួលបណ្តឹងរបស់អាណាព្យាបាលពលករខ្មែរទាំងនោះហើយ ហើយយើងនឹងបញ្ជូនសំណុំរឿងនេះទៅកាន់ស្នងការដ្ឋានខេត្តដើម្បីចាត់ការបន្ត ។ លោកនិយាយថា បើករណីដែលស្នងការដ្ឋានជួបការលំបាកយើងនឹងរាយការណ៍ជូនទៅសមាគមអាដហុកនៅភ្នំពេញដើម្បីសហការជាមួយក្រសួងមហាផ្ទៃចាត់ការរឿងនេះឱ្យបានលឿន ព្រោះពលករទាំង៨នាក់នេះកំពុងជួបគ្រោះអាសន្នយ៉ាងធ្ងន់ធ្ងរ ដូច្នេះយើងត្រូវតែពន្លឿនចំណាត់ការនេះ ៕
ចែករំលែកព័តមាននេះ