ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកួតសរសេរតាមអាន «​សំ​ណេ​រ​អង្គរ​» នឹងជួយលើក​កម្ពស់អក្សរសាស្ត្រ​ខ្មែរ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​ពិនិត្យ​ឃើញ​ថា បច្ចុប្បន្ន​មាន​កំហុសឆ្គង​ច្រើន​ក្នុង​ការ​សរសេរអក្ខរាវិរុទ្ធ​ភាសា​ខ្មែរ និង​ដើម្បី​កែ​ទម្លាប់ ព្រមទាំង​លើក​ស្ទួយ​អក្សរសាស្ត្រ​ខ្មែរ វប្បធម៌​ខ្មែរ ក្រុម​អ្នក​ស្រឡាញ់​អក្សរសាស្ត្រ​ខ្មែរ មួយ​ក្រុម​បាន​និង​កំពុង​រៀបចំ​កម្មវិធី​ប្រកួត​សរសេរតាម​អាន​ជា​សាធារណៈ​មួយ​ដែល​មានឈ្មោះ​ថា «​សំ​ណេ​រ​អង្គរ​»…

រាជធានី​ភ្នំពេញ ៖ ដោយ​ពិនិត្យ​ឃើញ​ថា បច្ចុប្បន្ន​មាន​កំហុសឆ្គង​ច្រើន​ក្នុង​ការ​សរសេរអក្ខរាវិរុទ្ធ​ភាសា​ខ្មែរ និង​ដើម្បី​កែ​ទម្លាប់ ព្រមទាំង​លើក​ស្ទួយ​អក្សរសាស្ត្រ​ខ្មែរ វប្បធម៌​ខ្មែរ ក្រុម​អ្នក​ស្រឡាញ់​អក្សរសាស្ត្រ​ខ្មែរ មួយ​ក្រុម​បាន​និង​កំពុង​រៀបចំ​កម្មវិធី​ប្រកួត​សរសេរតាម​អាន​ជា​សាធារណៈ​មួយ​ដែល​មានឈ្មោះ​ថា «​សំ​ណេ​រ​អង្គរ​» ហើយដែល​នឹង​ប្រារ​ព្វ​ធ្វើ​ឡើង​នាពេល​ដ៏​ខ្លី​ខាង​មុខ​នេះ នៅ​អតីត​រាជធានី​អង្គរ ក្នុង​ខេត្តសៀមរាប ក្រោមការជួយសម្របសម្រួលធ្វើឱ្យគម្រោងនេះលេចចេញជារូបរាងឡើងដោយសារព័ត៌មានថ្មីៗ ។

«​សំ​ណេ​រ​អង្គរ​» គឺជា​កម្មវិធីមួយ​ដែល​បង្កើត​ឡើង​ដើម្បី​លើកកម្ពស់​អក្សរសាស្ត្រ​ខ្មែរ តាម​រយៈ​ការ​សរសេរ​តាម​អាន ។ កម្មវិធី​នេះអាច​នឹង​ក្លាយទៅជា​ទិវា​សរសេរ​តាម​អាន​ជា​រៀងរាល់​ឆ្នាំ​នា​ពេល​អនាគត ដោយ​ផ្តោត​លើ​ប្រធានបទ​ស្តី​ពី​រមណីយដ្ឋាន​អង្គរ ។ ដោយ​ពិនិត្យឃើញ​កម្រិត​អក្សរសាស្ត្រ​ខ្មែរ ទាំង​វេយ្យាករណ៍ ទាំង​អក្ខរាវិរុទ្ធ ហាក់បីដូចជា​មានការ​ធ្លាក់​ចុះគួរ​ឱ្យ​ព្រួយបារម្ភ​ក្នុង​ចំណោម​មហាជន សិស្ស និង​និស្សិត​នោះ កម្មវិធី «​សំ​ណេ​រ​អង្គរ​» តាម​រយៈ​ការ​សរសេរ​តាម​អាន​ក៏​ត្រូវ​បង្កើត​ឡើង ។ ថ្វី​ត្បិត​ជា​លំ​ហាត់​ខួរក្បាល​បែប​បុរាណបន្តិច​មែន ប៉ុន្តែ​កិច្ចការ​នេះ​មាន​ប្រយោជន៍​មិន​អាច​កាត់ថ្លៃ​បាន​សម្រាប់​កែ​លម្អ​សំ​ណេ​រ​ឱ្យ​កាន់តែ​ប្រសើរ ជា​ពិសេស​នៅ​ក្នុង​យុគ្គសម័យ​ឌី​ជី​ថ​ល ។

នៅ​ថ្ងៃ​ទី ២២ ខែធ្នូ ឆ្នាំ ២០២៣ នេះ ក្រុម​អ្នក​ស្រឡាញ់​អក្សរសាស្ត្រ​ខ្មែរ និង​ជា​ក្រុម​អ្នក​ផ្តួចផ្តើមគំនិត​នៅ​ក្នុង​កម្មវិធី​នេះ លោក លី​ម ប៊ុ​ន​ហុ​ក បានឱ្យ​ដឹង​ថា ការ​រៀបចំ​កម្មវិធី «​សំ​ណេ​រ​អង្គរ​» នឹង​ធ្វើ​នៅ​បរិវេណ​ស្ពាន​ហាល ខាងលិច​អង្គរវត្ត នៅ​ថ្ងៃអាទិត្យ ទី ២១ ខែមករា ឆ្នាំ ២០២៤ ខាង​មុខ​នេះ ចាប់ពី​ម៉ោង ៧ ព្រឹក តទៅ ។ លោក​ថា អ្នក​ស្រឡាញ់​ភាសា​ខ្មែរ អ្នក​ចង់​លើ​ស្ទួយ​ភាសា​ខ្មែរ អ្នក​ពូកែ​ភាសា​ខ្មែរ សុទ្ធតែ​អាច​ចូលរួម​ប្រកួត​បាន​ទាំងអស់ ដោយមិន​កំណត់​អាយុ​ឡើយ ក្នុង​នោះ​មាន​ទាំង​សិស្ស​-​និស្សិត​ ហើយ​សូ​ម្បី​តែ​ជនបរទេសដែល​ចេះ​ភាសា​ខ្មែរ​ក៏​អាច​ចូលរួម​ប្រកួត​ក្នុងកម្មវិធី​នេះ​បាន​ផង​ដែរ ។

លោក លី​ម ប៊ុ​ន​ហុ​ក ឱ្យ​ដឹង​ទៀត​ថា គោលបំណង​សំខាន់​បំផុត​នោះ គឺ​ចង់​បំផុសចលនា​មហាជន​ទូ​ទាំង​ប្រទេស​ឱ្យ​ស្រឡាញ់​អក្សរសាស្ត្រ​ខ្មែរ ចូលរួម​ជាមួយ​គ្នា​ដើម្បី​អភិរក្ស ធ្វើ​យ៉ាងណា​សរសេរ​កុំឱ្យ​ខុស ។ លោក​ថា នេះ​ជា​លើក​ទី ១ នៃ​ការ​សរសេរ​តាម​អាន​ថ្នាក់​ជាតិ ដោយសារ​យើង​ទើប​ងើប​ពី​ជំងឺ​កូ​វី​ដ​-១៩ អ៉ីចឹងហើយ​យើង​ចង់​ស្តា​វិស័យ​ទេសចរណ៍​ជាតិ​ផង និងចង់​រំលេច​អំពី​សារៈសំខាន់​នៃ​អក្សរសាស្ត្រ​ខ្មែរ​ផង​នោះ ទើប​នេះ​ជា​ចលនា​មួយ​បំផុស​ឱ្យ​ប្រជាពលរដ្ឋ​យើង​គ្រប់​វ័យ​យល់ និង​ស្រឡាញ់​អក្សរសាស្ត្រ​ខ្មែរ ។ ហើយ​លើក​ទី ១ នេះ​ដែរ គឺជានិមិត្ត​រូប​សម្រាប់​ការ​ប្រកួត​ដែល​ឆ្នាំ​ក្រោយ​ទៀត​អាច​នឹង​ធ្វើ​នៅ​រាជធានី​ភ្នំពេញ និង​ឆ្នាំ​បន្តបន្ទាប់​ទៀត​យើង​អាច​រើស​តាម​ខេត្ត​ផ្សេង​ៗ ដើម្បី​ឱ្យ​ចលនា​នេះ​អាច​រុញ​ទៅ​ដល់​ខេត្ត​ទាំងអស់នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ​តែ​ម្តង ។ លោកបានអះអាងថា កម្មវិធី «​សំ​ណេ​រ​អង្គរ​» នេះទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយដែលលោកជំទាវ ភឿង សកុណា នឹងជាអ្នកអានសំណេរតាមអានដោយផ្ទាល់ និងក៏មានការគាំទ្រពីរដ្ខមន្ត្រីក្រសួងទេសចរណ៍ ផងដែរ ។

ទោះជា​យ៉ាងណា​ក៏​ដោយ​លោក លី​ម ប៊ុ​ន​ហុ​ក បញ្ជាក់​ថា ការ​រៀបចំ​កម្មវិធី «​សំ​ណេ​រ​អង្គរ​» នេះ​ពិតជា​មានការ​លំបាក​ផង​ដែរទាក់ទង​ទៅ​នឹង​ថវិកា​សម្រាប់​រៀបចំ ដោយ​លោក​បាន​អំពាវនាវ​ដល់ សប្បុរសជន​នានា​ជួយ​ឧបត្ថម្ភ​ទៅ​តាម​លទ្ធភាព​ទោះជា​តិច​ក្តី ច្រើន​ក្តី ដើម្បី​បុព្វហេតុ​អក្សរសាស្ត្រ​ខ្មែរ ។

សូម​បញ្ជាក់​​ថា កម្មវិធី​នេះ​កំណត់​ចំនួន​អ្នក​ចូលរួម​ត្រឹមតែ ១០០០ នាក់​ប៉ុណ្ណោះ ហើយ​រហូត​មក​ដល់​ពេល​នេះ​មាន​អ្នក​ចុះ​ឈ្មោះ​ចូលរួម​ជិត ៥០០ នាក់​រួច​មក​ហើយ ។ ហើយការ​ចុះ​ឈ្មោះ​ចុង​ក្រោយ​ត្រឹម​ថ្ងៃ​ទី ៧ ខែមករា ២០២៣ ។ បងប្អូនគ្រប់វ័យ ក៏ដូចជា សិស្ស-និស្សិត ​ដែល​ស្រឡាញ់ និង​ចង់លើ​ស្ទួយ​អក្សរសាស្ត្រ​ខ្មែរ អាច​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​តាម​វិធី​ងាយ​ៗ​បំផុត តាម​រយៈ Telegram ដែល​មាន​លេខ​ទូរស័ព្ទ ៖ ០៩២ ៣៣៧ ៦២៦ ។

ចំពោះ​រង្វាន់​សម្រាប់​ជ័យ​លា​ភី​លេខ ១ ទទួល​បានការ​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​ផ្កាយ ៥ ចំនួន ១ បន្ទប់ គ្រែ ២ សម្រាប់ ៣ យប់ នៅ​សៀមរាប ជាមួយ​ប្រាក់​រង្វាន់ ១ លាន ២ សែន​រៀល ។ ជ័យ​លា​ភី​លេខ ២ ទទួល​បានការ​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​ផ្កាយ ៤ ចំនួន ១ បន្ទប់ គ្រែ ២ សម្រាប់ ៣ យប់ នៅ​សៀមរាប ជាមួយ​ប្រាក់​រង្វាន់ ៨០ ម៉ឺន​រៀល ។ និង​ជ័យ​លា​ភី​លេខ ៣ ទទួល​បានការ​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​ផ្កាយ ៣ ចំនួន ១ បន្ទប់ គ្រែ ២ សម្រាប់ ៣ យប់ នៅ​សៀមរាប ជាមួយ​ប្រាក់​រង្វាន់ ៤០ ម៉ឺន​រៀល ។ ក្រៅពី​នេះ​មាន​រង្វាន់​លួងចិត្តច្រើន​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ