រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៤ ឧសភា ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនរាជធានីបានបញ្ជូនខ្លួនក្រុមជួញដូរគ្រឿងញៀនចំនួន៥នាក់មានខ្មែរ១នាក់ ចិន៣នាក់ និងវៀតណាមម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចោទប្រកាន់ជាផ្លូវការនាំទៅដាក់ពន្ធនាគារជាបណ្តោះអាសន្ន រង់ចាំសវនាការផ្តន្ទាទោសតាមនីតិវិធី ។
ជនសង្ស័យ ១-ឈ្មោះណម យី ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ និងជាម្ចាស់អាវុធខ្លី២ដើម រថយន្តកាមរីបាឡែនពណ៌ខ្មៅ១គ្រឿង, ២-ឈ្មោះវង់ ជាន ភេទ ប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន, ៣-ឈ្មោះជាន់ យូយខាយ ភេទប្រុស អាយុ៤៧ឆ្នាំ, ៤-ឈ្មោះអ៊ូ ហួរចិន ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិចិន និង៥-ឈ្មោះចិន ង៉ុកលិន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិវៀតណាម។ សមត្ថកិច្ចក៏បានបញ្ជូនវត្ថុតាងមួយចំនួនផងដែរ រួមមានម្សៅថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន៩៣,៨៤ក្រាម កញ្ឆាក្រៀម១៤,២៩ក្រាម កាំភ្លើងខ្លី២ដើម ព្រមទាំងរថយន្តកាមរីបាឡែនពណ៌ខ្មៅ១គ្រឿងពាក់ស្លាកលេខភ្នំពេញ២M៦២៧៦ និងសំភារពាក់ព័ន្ធមួយចំនួនទៀត។ គួរបញ្ជាក់ថា ជនជាប់សង្ស័យចំនួន៥នាក់ខាងលើនេះត្រូវសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញចាប់ខ្លួនកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៩ ឧសភា នៅផ្ទះលេខ១៣៨E1 វិថីមុនីរ៉េត សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន។
ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនស្រាវជ្រាវ និងតាមរកឃើញថា ជាក្រុមជួញដូរគ្រឿងញៀនយ៉ាងសកម្ម ហើយមានបំពាក់ដោយអាវុធទៀតផង។ ទោះបីជាយ៉ាងណាក្តី សមត្ថកិច្ចមិនបានផ្តល់ព័ត៌មានលំអិត ឬក៏បង្ហាញមុខជនសង្ស័យដូចដែលអ្វីធ្លាប់បានអនុវត្តកន្លងមកនោះទេ ហាក់ដូចជាចង់លាក់បាំង ឬខ្លាចជនត្រូវចោទទម្លាយអាថ៌កំបាំងអ្វីមួយប្រាប់អ្នកកាសែត។
លោកវរសេនីយ៍ត្រីទៀង ច័ន្ទសារ ប្រធានការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញបានបញ្ជាក់ថា អ្នកសារព័ត៌មានធ្វើបានត្រឹមណា ចុះផ្សាយប៉ុណ្ណឹងទៅ សមត្ថកិច្ចនៅមានពេលវេលាបន្តធ្វើកិច្ចការនេះទៀត។ លោកទៀង ច័ន្ទសារ គ្រាន់តែឱ្យដឹងថា ការងារបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនមានអាវុធនេះកំលាំងរបស់លោកសហការជាមួយស្ថាប័នអយ្យការអមសាលាដំបូងរាជធានីដែលដំបូងឃាត់បាន៣នាក់ និងបន្តស្រាវជ្រាវឃាត់២នាក់ទៀត សុទ្ធតែជាបណ្តាញជួញដូរគ្រឿងញៀនមានខ្មែរ មានចិន និងមានយួនផង។
សំណុំរឿងជនសង្ស័យ៣សាសន៍ខាងលើនេះបានធ្លាក់លើលោកហៀង សុភ័ក្រ ព្រះរាជអាជ្ញារងទទួលបន្ទុកសាកសួរជាបឋមដើម្បីចោទប្រកាន់ដាក់ទៅចៅក្រមដើម្បីសំរេច និងបានឃុំខ្លួននៅពន្ធនាគារជាបណ្តោះអាសន្នរួចហើយ។ ប្រភពព័ត៌មានឱ្យដឹងថា អាវុធខ្លី២ដើមដែលស្ថិតក្នុងដៃក្រុមជួញដូរគ្រឿងញៀន ដែលម្ចាស់របស់វាពិតប្រាកដ គឺជនជាតិចិនម្នាក់ទៀតកំពុងចាប់ខ្លួននៅប្រទេសចិន។ ចិនម្នាក់នោះបានផ្ញើអាវុធនេះទុកឱ្យឈ្មោះណម យី ជនជាតិខ្មែរកាន់កាប់។
ប្រភពបន្តថា ពេលឃាត់ខ្លួនជនសង្ស័យ៣នាក់ដំបូង នៅក្នុងរថយន្តរបស់ពួកគេមានបន្សល់ទុកសំបកគ្រាប់ទើបបាញ់២ទៅ៣គ្រាប់ ។ ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ ដែលជនសង្ស័យស្ថិតក្នុងការពាក់ព័ន្ធពីបទជួញដូរគ្រឿងញៀន និងប្រើប្រាស់អាវុធខុសច្បាប់បង្កឱ្យមានអសន្តិសុខក្នុងសង្គម ៕
ចែករំលែកព័តមាននេះ