ខេត្តកោះកុង ៖ ទីតាំងដីដែលពលរដ្ឋបរិច្ចាគសម្រាប់សាងសង់ប៉ុស្តិ៍នគរបាលស្រែអំបិល ត្រូវអតីតលោកអធិការស្រុកស្រែអំបិលឃុបឃិតជាមួយមេឃុំស្រែអំបិលលេបយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនស្ងាត់ឈឹងដូចចោរលួចសេះ…ហេ! ហ! ។

នេះបើតាមប្រភពពីមន្ត្រីនគបាលស្រុកស្រែអំបិលបានបង្ហើបឲ្យដឹងថា កន្លងមក លោក កែវ សុខ មេឃុំស្រែអំបិលនោះ បានបង្កើតក្រុមការងារចុះសម្របសម្រួលសុំដីពីពលរដ្ឋកាន់កាប់៧ម៉ែត្រ តាមសំណើចង់បានពីលោកព្រំ ឆើយ មេប៉ុស្តិ៍ និងលោកហួន នុន អធិការស្រុក ដើម្បីពង្រីកធ្វើស្នាក់ការប៉ុស្តិ៍នគរបាលស្រែអំបិលតាមស្តង់ដាររបស់ក្រសួងមហាផ្ទៃ ។
លោក ឆោម សុភា អាយុ៤៤ឆ្នាំ ជាម្ចាស់ដីបានលើកឡើងថា ដោយយល់ឃើញអាជ្ញាធរ និងក្រុមការងារស្នើសុំដីនេះទុកជាសម្បត្តិរដ្ឋ និងជាប្រយោជន៍រួមមិនឲ្យទៅបុគ្គលណានោះទេ ទើបពលរដ្ឋក៏បានបរិច្ចាគជូន ទទឹង៧ម៉ែតបណ្តោយ១៥ម៉ែត្រជូនជាសម្បត្តិរដ្ឋ ។

ប្រភពបានបន្ថែមថា ពេលចាក់បំពេញដីរួចរាល់ បែរជាលោកមេឃុំ កែវ សុខ ធ្វើឯកសារកាត់ដី៧ម៉ែត្រនោះឲ្យទៅលោកហួន នុន អធិការស្រុកធ្វើជាកម្មសិទ្ធិ សម្រាប់ធ្វើផ្ទះស្នាក់នៅផ្ទាល់ខ្លួនទៅវិញយ៉ាងត្រជាក់ពងទៅហោង ។
នេះលោកមេឃុំ កែវ សុខ បង្កើតក្រុមការងារថ្នាក់ឃុំសុំដីពីប្រជាពលរដ្ឋកាន់កាប់មិនមែនទុកជា
សម្បតិ្តរួមរបស់រដ្ឋទេ គឺប្រើល្បិចកុហកប្រជាពលរដ្ឋតាមការចង់បានមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់លោក ហួន នុន អតីតអធិការស្រុកស្រែអំបិលនោះទៅវិញ ។

យោងតាមលោក ឆោម សុភា អាយុ៤៤ឆ្នាំ ជាម្ចាស់ដីបានបំភ្លឺថា លោកមានដីមួយកន្លែងនៅចំណុចរណ្ដៅជ័រ ក្នុងភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ។ ដីនោះ មានព្រំប្រទល់ខាងជើងជាប់ដីដៃព្រែករណ្តៅជ័រ ខាងត្បូងជាប់ផ្លូវបេតុង ខាងលិចជាប់ដីលោក គង់ សារ៉ា
វុឌ្ឍ ខាងកើតជាប់ដីបំរុងរបស់រដ្ឋបាលឃុំស្រែអំបិល ។
នៅឆ្នាំ២០២០-២០២១ លោកវរសេនីយ៍ឯក ហួន នុន អធិការស្រុកស្រែអំបិល លោកវរសេនីយ៍ត្រី
ព្រំ ឆើយ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែអំបិល លោក កែវ សុខ មេឃុំស្រែអំបិល លោកស្រី កឹម
ផល្លា ក្រុមប្រឹក្សាឃុំស្រែអំបិល លោកស្រីតឿង សួរ មេភូមិត្រពាំង លោក រ័ត្ន តាក់ មេក្រុមអ្នកសារព័ត៌មានពីនាក់ និងមន្ត្រីប៉ុស្តិ៍មួយចំនួនបានមកសុំសម្របសម្រួលជាមួយខ្ញុំបាទ ដើម្បីសម្បទានដីមួយចំណែក ទុក្ខសម្រាប់សាងសង់ប៉ុស្តិ៍រដ្ឋបាលស្រែអំបិល ពីព្រោះអាជ្ញាធរភូមិឃុំបានបរិច្ចាគដីបំរុងរបស់ឃុំរួចហើយ ប៉ុន្តែទំហំដីបម្រុងនេះមានទំហំតូចពេក មិនគ្រប់តាមស្តង់ដាររបស់ក្រសួងមហាផ្ទៃក្នុងការសាងសង់ ។

ហេតុដូច្នេះហើយ ទើបអាជ្ញាធរភូមិឃុំ និងសមត្ថកិច្ចពាក់ព័ន្ធបានមកស្នើសុំដីរបស់លោកទំហំទទឹង៧ម៉ែត្របណ្តោយ១៧ម៉ែត្រ ដើម្បីបង្គ្រប់ទំហំនិងខ្នាត ទៅតាមស្តង់ដារបស់ក្រសួងមហាផ្ទៃបានកំណត់ ។ តែក្រោយពីខ្ញុំបាទបានឯកភាពប្រគល់ដីជូនក្រុមការងារតាមសំណើហើយបែរជាលោក ហួន នុន អធិការស្រុកក៏បានគៀងគររកសប្បុរសជនក្នុងការចាក់បំពេញអាចម៍ដី ដើម្បីសាងសង់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រែអំបិល ។
លុះពេលចាក់បំពេញអាចម៍ដីរួចរាល់ លោក ហួន នុន អធិការស្រុកក៏បានចុះមកធ្វើការវាស់វែងដី ទុកសម្រាប់សាងសង់ប៉ុស្តិ៍នគរបាលនោះជាពីរចំណែកដោយខ្លួនឯង។ឯមួយចំណែកធំយកទុកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនទៅវិញយ៉ាងត្រជាក់ ។

លោកបន្តថា បច្ចុប្បន្នកំពុងសាងសង់លំនៅឋាន និងបានធ្វើរបងថ្មរួចជាស្រេចទៅហើយ ។ រីឯមួយចំណែកតូច ទុកធ្វើជាប៉ុស្តិ៍រដ្ឋបាលឃុំស្រែអំបឹល បច្ចុប្បន្ននេះបានសង់ស្នាក់ការបណ្ដោះអាសន្ននៅឡើយ។
ក្នុងនាមជាម្ចាស់ដី ដែលបានចូលរួមបរិច្ចាគដីសម្រាប់សាងសង់ប៉ុស្តិ៍រដ្ឋបាលមិនពេញចិត្ត និងមិនឯកភាពនូវទង្វើរបស់លោក ហួន នុន អតីតអធិការស្រុកនោះឡើយ ។ ព្រោះគាត់បែរជាយកដីនេះ មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនទៅវិញ ។ ក្នុងនាមជាម្ចាស់ដីដែលបានចូលរួមបរិច្ចាគដីសូមឯកភាពទុកជាសម្បត្តិរដ្ឋតែប៉ុណ្ណោះ មិនប្រគល់ជូនបុគ្គលឡើយ ។
មហាជននិយាយថា ត្រូវតែប្រមូលយកដីដែលសុំគេបាននោះ មកដាក់ជាដីរដ្ឋវិញទើបម្ចាស់ដើមព្រម ។
ព័ត៌មានបន្ថែមមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ