ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ទំនើង​​​មួយ​​ក្រុម​ប្រយុទ្ធគ្នា​​​ក្នុង​​វង់​រាំ​​ប៉ូលិស​​​ចាប់​​​បាន​​បី​នាក់​

14 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ កម្លាំងនគរបាល​​ព្រហ្ម​ទណ្ឌ​​​ផ្នែក​បង្ការ និង​បង្ក្រាប​​បទល្មើស​​នៃស្នង​ការ​ដ្ឋាន​​ខេត្ត​​​ បាន​ឃាត់​ខ្លួន​​ក្មេង​ទំនើង​ចំនួន​​៣​នាក់ ក្នុង​​ចំណោម​​បក្ស​ពួក​ប្រហែល​៣០​នាក់ ខណៈ​ពួក​គេ​កំពុង​​ប្រយុទ្ធ​គ្នា​​យ៉ាងសាហា.វ​​ក្នុង​វង់​រាំ​​ក្នុង​កម្ម​វិធី​​ប្រគំតន្ត្រីមួយ​កាល​ពី​វេលា​ម៉ោង​១១​យប់ ថ្ងៃទី​២៣ ឧសភា ​នៅខាង​​កើត​រ​ង្វង់​មូល​រូប​សំណាក​លោក​តា​ដំបង​គ្រញូង

ខេត្តបាត់ដំបង ៖ កម្លាំងនគរបាល​​ព្រហ្ម​ទណ្ឌ​​​ផ្នែក​បង្ការ និង​បង្ក្រាប​​បទល្មើស​​នៃស្នង​ការ​ដ្ឋាន​​ខេត្ត​​​ បាន​ឃាត់​ខ្លួន​​ក្មេង​ទំនើង​ចំនួន​​៣​នាក់ ក្នុង​​ចំណោម​​បក្ស​ពួក​ប្រហែល​៣០​នាក់ ខណៈ​ពួក​គេ​កំពុង​​ប្រយុទ្ធ​គ្នា​​យ៉ាងសាហាវ​​ក្នុង​វង់​រាំ​​ក្នុង​កម្ម​វិធី​​ប្រគំតន្ត្រីមួយ​កាល​ពី​វេលា​ម៉ោង​១១​យប់ ថ្ងៃទី​២៣ ឧសភា ​នៅខាង​​កើត​រ​ង្វង់​មូល​រូប​សំណាក​លោក​តា​ដំបង​គ្រញូង ក្នុង​ក្រុង​បាត់​ដំបង ។

​លោក​ម៉េង ​លៀង អនុ​ប្រធាន​​ការិយា​ល័យ​នគរបាល​​ព្រហ្ម​ទណ្ឌ​​កម្រិត​ស្រាល ​ដែល​បាន​ដឹក​នាំ​កិច្ច​ប្រតិ​បត្តិ​ការ​នេះ​បានថ្លែងថា យើង​រក​​មិន​ឃើញ​​ថា តើ​ក្រុម​ណា​ជាអ្នក​បង្ក​មុនទេ ព្រោះ​​ក្នុង​ហ្វូង​មនុស្ស​រាប់​សិប​នាក់​​បាន​ប៉ះ​ប្រយុទ្ធគ្នា​ក្នុង​វង់​រាំ​ដ៏​កំរោល​​បំផុត ។ ​ពេល​ដែល​ពួក​គេកំពុង​​ដេញ​ប្រវាយ​ប្រតប់​គ្នា​​ដែល​ខ្លះ​ឃើញ​មាន​បែក​ក្បាល​និង​របួស​ពេញ​ខ្លួន​​ទៅហើយ​នោះ កម្លាំង​រ​បស់​លោក​បាន​ចូល​អន្តរាគមន៍​ភ្លាមៗ​​ចាប់បាន​៣​នាក់ ទាំងឈាម​ដាប​រៀង​ៗ​ខ្លួន ប៉ុន្តែ​​សមត្ថ​កិច្ច​​របស់​លោក​២​នាក់​បាន​រង​របួស​ដោយសារ​ពួក​ក្មេង​ទំនើង​វាយ​នឹង​​ខ្សែ​ក្រវាត់​​ និងដំបង ។

​ជន​៣​នាក់​ដែល​ចាប់​ខ្លួន​​នេះ​ម្នាក់ៗ​​ស្រវឹង​ទន់​ខ្លួន​ឈរ​លែង​នឹង​ទៅហើយ គឺ​១-ឈ្មោះ​សេង ​សល់ អាយុ​២០​ឆ្នាំ ២-ឈ្មោះ​ឃិន មួន អាយុ​២២​ឆ្នាំ ​៣-ឈ្មោះ​លាង ខ្វេ អាយុ​២៨​ឆ្នាំ ។​ ក្រោយ​​​ពេល​​បញ្ជូន​​មក​ដល់​ការិយា​ល័យ​ជំនាញ​ ជន​ទាំង​នេះ និយាយ​លែង​ដឹង​ខុស​ត្រូវ​ទៅហើយ ព្រោះ​ស្រវឹងស្រា​​ដល់​កម្រិត​សូម្បី​តែ​មុខ​របួស​ក៏​ពួក​គេ​មិន​ឈឺ​ចាប់​ដែរ ។
​តាម​ការ​​បំភ្លឺ​​ពី​សាក្សី​ថា ​ពួក​គេ​រាប់​សិប​​នាក់​​បាន​ប្រយុទ្ធ​គ្នា​​​ដូច​គោ​ហ្វូង​ដូច្នេះ​មិន​អាច​កំណត់​ថា ​មួយ​ណា​ជា​បក្ស​ពួក​ខាង​ណា​នោះទេ ​បើ​និយាយ​ទៅ​​ពួក​​គេសុទ្ធ​តែ​ជន​ល្មើស​ទាំងអស់ ។ ទោះ​បីជា​បែប​ណា​ លោក​ម៉េង លៀង បញ្ជាក់​ថា ​ដោយ​សារ​សំណុំ​រឿង​​នេះ​គ្មាន​ដើម​បណ្តឹង​ ទើប​លោក​​ស្នង​ការ​សម្រេចដោះ​​លែងវិញ ​ក្រោយ​ពី​អប់រំ​​ហើយ​ឱ្យធ្វើ​កិច្ច​សន្យា៕