រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្សចំនួន៧នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តដឹកដី១គ្រឿង បើកបុកម៉ូតូ១គ្រឿងជិះគ្នា៣នាក់ពេញទំហឹងបណ្តាលឱ្យដួលរបួសពេញផ្លូវ។ ស្របពេលនោះមានរថយន្តដឹកទំនិញ១គ្រឿងទៀតទៅដល់បើកគេចម៉ូតូដែលដួលនៅលើផ្លូវ ក៏រេចង្កូតទៅបុករថយន្តកុងតឺន័រ១គ្រឿងទៀតពេញទំហឹង បណ្តាលឱ្យមនុស្ស៤នាក់ទៀតរងរបួសធ្ងន់ធ្ងរ ហើយត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។
ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី២៤ ឧសភា នៅលើកំណាត់ផ្លូវចោមចៅ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានឱ្យដឹងថា នៅមុនពេលកើតហេតុខាងលើ គេបានឃើញរថយន្តដឹកដី១គ្រឿងម៉ាកហ៊ីណូ ពណ៌ខៀវចាស់ ពាក់ស្លាកលេខភ្នំពេញ 3A-3411 បើកបរយ៉ាងលឿន ដោយបុរសឈ្មោះជិត ឆៃ អាយុ២២ឆ្នាំ មានទីលំនៅស្រុកបាទី ខេត្តតាកែវ ក្នុងទិសដៅពីលិចទៅកើត។ លុះទៅដល់ត្រង់ចំណុចកើតហេតុ រថយន្តនេះបានបុកម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៦ ពាក់ស្លាកលេខភ្នំពេញ 1AV-0021 ជិះគ្នា៣នាក់បញ្ច្រាសទិសគ្នាពីកើតទៅលិចពេញទំហឹង បណ្តាលឱ្យអ្នកជិះម៉ូតូរងរបួសដួលដេកពេញផ្លូវ។
ប្រភពដដែលបន្តថា បន្ទាប់ពីបើកបុកម៉ូតូហើយរថយន្តដឹកដីបានបើកគេចទៅបាត់ស្រមោល ពេលនោះមានរថយន្តដឹកទំនិញ១គ្រឿងទៀតម៉ាក TRADE ពណ៌ស ពាក់ស្លាកលេខ ក.២៣៦៤ ភព៣ បើកក្នុងទិសដៅពីកើតទៅលិចមកដល់ល្មម។ ខណៈនោះរថយន្តដឹកទំនិញនេះវាក់គ្នាជាមួយអ្នកជិះម៉ូតូដែលរបួសរដូករណែលពេញផ្លូវនោះ ក៏បានបើកគេចចេញរួចក៏ជ្រុលទៅបុកជាមួយរថយន្តកុងតឺន័រ១គ្រឿងទៀតពាក់ស្លាកលេខភ្នំពេញ 3A-5593 ដែលកំពុងបើកបរបញ្ច្រាសគ្នាពេញទំហឹងបណ្តាលឱ្យអ្នកជិះក្នុងរថយន្តដឹកទំនិញនោះ៤នាក់ទៀតរងរបួសធ្ងន់ធ្ងរ។
ប្រភពដដែលបន្តថា ភ្លាមៗនោះអ្នកបើកបររថយន្តកុងតឺន័រដែលរបួសស្រាល បានរត់គេចខ្លួនបាត់ ចំណែកឯអ្នកជិះម៉ូតូ និងរថយន្តដឹកទំនិញទាំង៧នាក់ដែលរងរបួសធ្ងន់នោះ ត្រូវបានគេដឹកយកទៅសង្គ្រោះនៅតាមគ្លីនិកឯកជនជិតៗនោះ។ ដោយឡែករថយន្តដឹកដីដែលព្យាយាមបើករត់គេចក្រោយពីបុកម៉ូតូរួចនោះ ត្រូវបានប៉ូលិសខណ្ឌដង្កោឈរជើងគោលដៅ២៤ម៉ោង តាមផ្លូវចោមចៅនោះ ដេញតាមចាប់បាន រួមទាំងអ្នកបើកបរផងដែរ។ រីឯរថយន្តដឹកទំនិញ និងរថយន្តកុងតឺន័របានកៀបជាប់គ្នា ហើយប៉ូលិសខណ្ឌដង្កោបានប្រគល់ឱ្យប៉ូលិសការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ធ្វើការវាស់វែង និងកសាងសំណុំរឿងដើម្បីចាត់ការតាមច្បាប់៕
ចែករំលែកព័តមាននេះ