ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី ចាត់​ទុក​វិស័យ​ធនាគារ ដើរតួ​នាទី​សំខាន់​ក្នុង​ការ​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ ប្រៀប​បាន​បេះដូង​មនុស្ស

4 ខែ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ចាត់​ទុក​វិស័យ​ធនាគារ ដើរតួ​នាទី​សំខាន់ ក្នុង​ការ​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ ប្រៀប​បាន​ទៅ​នឹង​បេះដូង ដែល​ប្រមូល…

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ចាត់​ទុក​វិស័យ​ធនាគារ ដើរតួ​នាទី​សំខាន់ ក្នុង​ការ​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ ប្រៀប​បាន​ទៅ​នឹង​បេះដូង ដែល​ប្រមូល និង​បញ្ចេញ​ឈាម សម្រាប់​ចិញ្ចឹម​រា​ង្គ​កាយ​មនុស្ស ។

ការ​លើក​ឡើង​របស់​សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៣ ខណៈ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ភោ​ធ​ជា​ផ្លូវការ​អគារ​ធនាគារ​វី​ង​ថៅ​វើ ដែល​ជា​សមិទ្ធផល​ថ្មី​មួយ​របស់​ធនាគារ​វី​ង មាន​កម្ពស់ ២៥​ជាន់ ។

ថ្លែង​ក្នុង​ឱកាស​នោះ សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា វិស័យ​ធនាគារ ដើរតួ​នាទី​សំខាន់ ក្នុង​ការ​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ ប្រៀប​បាន​ទៅ​នឹង​បេះដូង ដែល​ប្រមូល និង​បញ្ចេញ​ឈាម សម្រាប់​ចិញ្ចឹម​រា​ង្គ​កាយ​មនុស្ស នោះ​ដែរ ។ ទន្ទឹម​នឹង​នេះ ការ​សម្រេច​វិនិយោគ​សាងសង់​អគារ​ខ្ពស់​ទំនើប​ទាន់សម័យ​របស់​ធនាគារ​វី​ង បាន​ឆ្លុះ​បញ្ចាំង​ពី​សារៈសំខាន់ នៃ​កត្តា​សុខ​សន្តិភាព ដែល​ជា​មូលដ្ឋាន​គ្រឹះ សម្រាប់​ការ​អភិវឌ្ឍ និង​នាំ​មក​នូវ​វិបុលភាព​សម្រាប់​សង្គម​ជាតិ​យើង ព្រមទាំង​បាន​បង្ហាញ​អំពី​ទំនុកចិត្ត និង​ភាព​ជឿជាក់​របស់​វិនិយោគិន​ឯកជន និង​ក្រុមប្រឹក្សាភិបាល​ធនាគារ មក​លើ​បរិយាកាស​ធុរកិច្ច ភាពរឹងមាំ និង​ភាព​ធន់​របស់​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​របស់​កម្ពុជា ។

សម្តេច​ធិ​បតី បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​ឌី​ជី​ថ​ល រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ បាន​ដាក់​ចេញ​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ ដើម្បី​ជំរុញ​សន្ទុះ នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម សំដៅ​សម្រេច​ចក្ខុវិស័យ​ឆ្នាំ​២០៣០ និង​ឆ្នាំ​២០៥០ និង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ការ​រីក​ចម្រើន​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​សកល ដែល​បច្ចេកវិទ្យា​ឌី​ជី​ថ​ល កំពុង​ដើរតួ​នាទី​ស្នូល និង​ជា​ច​លករ​សំខាន់​គ្របដណ្តប់​លើ​គ្រប់​ទិដ្ឋភាព​សង្គម​-​សេដ្ឋកិច្ច រួម​ទាំង​វិស័យ​ហិរញ្ញវត្ថុ និង​ធនាគារ ។ បន្ថែម​លើ​នេះ រាជរដ្ឋាភិបាល​បាន​ដាក់​ឱ្យ​អនុវត្ត «​គោលនយោបាយ​អភិវឌ្ឍ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា ២០២៣-២០២៨» ដែល​មាន​ចក្ខុវិស័យ​​រយៈពេល​វែង ក្នុង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ដោយ​ឈរ​លើ​មូលដ្ឋាន នៃ​ការ​លើកកម្ពស់​បរិ​យា​បន្ន​ហិរញ្ញវត្ថុ ការ​រក្សា​ស្ថិរភាព​វិស័យ​ហិរញ្ញវត្ថុ និង​ការ​ជំរុញ​នវានុវត្តន៍​ហិរញ្ញវត្ថុ ដើម្បី​ចាប់​យក​អត្ថប្រយោជន៍​ជា​អតិបរមា​ពី​បរ​វិត្ត​កម្ម​ឌី​ជី​ថ​ល​ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​លើកកម្ពស់​ភាព​ប្រកួតប្រជែង​ក្នុង​វិស័យ​ធនាគារ​។ ទន្ទឹម​នេះ ក៏​ជា​សមិទ្ធផល​មួយ​ដ៏​មាន​សារៈសំខាន់ គួរ​ជាទី​មោទនភាព សម្រាប់​ជា​មគ្គុទេសក៍ ក្នុង​ការ​ជំរុញ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​វិស័យ​ហិរញ្ញវត្ថុ «​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ FinTech» សំដៅ​ចូលរួម​លើកកម្ពស់​បរិ​យា​បន្ន​ហិរញ្ញវត្ថុ រក្សា​ស្ថិរភាព​វិស័យ​ហិរញ្ញវត្ថុ និង​ជំរុញ​នវានុវត្តន៍​ហិរញ្ញវត្ថុ ។

ក្របខ័ណ្ឌ​គោលនយោបាយ​ទាំងនេះ នឹង​មាន​សារៈសំខាន់​សម្រាប់​វិស័យ​ធនាគារ​នៅ​កម្ពុជា ក្នុង​បរិការណ៍ នៃ​ការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស នៃ​បច្ចេកវិទ្យា ជា​ពិសេស​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​។ ការ​ចាប់​យក និង​ការ​សម្រប​ខ្លួន​ទៅ​នឹង​ប្រព័ន្ធ​ឌី​ជី​ថ​ល​របស់​ធនាគារ មិន​ត្រឹមតែ​រួមចំណែក​លើកកម្ពស់​កម្រិត​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​រួមចំណែក​ដល់​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ឌី​ជី​ថ​ល និង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​លើកកម្ពស់​កំណើន ប្រកបដោយ​ចីរភាព ។

ក្នុង​ឱកាស នៃ​ពិធី​នោះ​ផង​ដែ សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ធនាគារ​វី​ង ដែល​បាន​សហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ថ្នាក់​ជាតិ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ រួមចំណែក​ដល់​ការ​អនុវត្ត​គោលនយោបាយ និង​កម្មវិធី​អាទិភាព​នានា​របស់​រាជរដ្ឋាភិបាល តាម​រយៈ​ការ​ជួយ​អនុវត្ត​គោលនយោបាយ​គាំពារ​សង្គម គិត​ចាប់ពី​ខែមិថុនា ឆ្នាំ​២០២០ រហូត​ដល់ ខែតុលា ឆ្នាំ​២០២៣ ដោយ​សម្រួល​ក្នុង​ការ​បើកប្រាក់​ឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល ដល់​ប្រជាជន​ប្រមាណ ៨០​ម៉ឺន​គ្រួសារ ស្មើនឹង​ប្រជាជន​ចំនួន​ជាង ៣,៣ លាន​នាក់ តាម​បណ្ដាញ​ភ្នាក់ងារ​វី​ង​ជាង ១៥,០០០​កន្លែង ។ កា​រវិ​វ​ឌ្ឍ​របស់​ធនាគារ​វី​ង បាន​គាំទ្រ និង​ជួយ​ជំរុញ​ដំណើរ​ប្រព្រឹត្ត​ទៅ​នៃ​រដ្ឋាភិបាល​អេ​ឡិច​ត្រូ​និក (e-Government) របស់​រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ ការ​ទូទាត់​សេវាកម្ម​រដ្ឋ និង​សាធារណៈ​ជា​ច្រើន ហើយ​នា​ពេល​ថ្មី​ៗ​នេះ ធនាគារ​បាន​ធ្វើ​កិច្ចសហការ​ជាមួយ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដោយ​បាន​ព្រមព្រៀង​ផ្តល់​កម្ចី​ឥណទាន​ប្រមាណ ៥​លាន​ដុល្លារ​អាម​រិ​ក ដល់​ប្រជា​កសិករ​ក្នុង​អត្រា​ការ​ប្រាក់​ទាប ដើម្បី​ជួយ​ដល់​ប្រជា​កសិករ ក៏​ដូច​ជា អ្នកជំនួញ​ក្នុង​វិស័យ​កសិកម្ម សំដៅ​លើកកម្ពស់​កម្លាំង​ថាមពល​នៅ​ក្នុង​ការ​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឱ្យ​បាន​បោះ​ជំហាន​ទៅ​មុខ​មួយ​កម្រិត​ទៀត​។ លើស​ពី​នេះ ធនាគារ​វី​ង ក៏​បាន​បង្កើត​ភាព​ជា​ដៃគូ​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដើម្បី​ជួយ​សម្រួល​ទៅ​ដល់​យុវជន ឱ្យ​ទទួល​បាន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ចាំបាច់​នានា ក្នុង​ការ​បង្កើន​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ តាម​រយៈ​ការ​ទទួល​បាន​បទ​ពិសោធន៍​ហិរញ្ញវត្ថុ នៃ​ធនាគារ​ឌី​ជី​ថ​ល​ទំនើប ក៏​ដូច​ជា​ចូលរួម​បង្កើត​គំនិត​ផ្តួចផ្តើម​ថ្មី​ៗ​ជា​ច្រើន​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ