រាជធានីភ្នំពេញ ៖ អនាម័យដែលមានសុខភាពល្អ គឺជាទម្លាប់ល្អមួយក្នុងចំណោមទម្លាប់ល្អៗជាច្រើន ដែលអ្នកគួរតែបង្រៀនកូនៗ ។ ពេលដែលអ្នកនៅផ្ទះ ចូរចំណាយពេលជាមួយកូនរបស់អ្នក ដើម្បីបង្រៀនកូនៗនូវគន្លឹះអនាម័យផ្ទាល់ខ្លួនមួយចំនួន ដែលជាតម្រូវការចាំបាច់ក្នុងការថែរក្សាសុខភាពឱ្យបានល្អ ហើយមិនឱ្យងាយឈឺ ។ តើទម្លាប់អនាម័យផ្ទាល់ខ្លួនអ្វីខ្លះ ដែលអ្នកគួរបង្រៀនកូនៗរបស់អ្នក ?

១. បង្រៀនកូនរបស់អ្នកឱ្យលាងដៃនឹងទឹក និងសាប៊ូ ៖ ទោះបីជាក្មេងមិនចេញទៅលេងក្រៅផ្ទះក៏ដោយ ក៏ដៃរបស់ពួកគេចាប់យកអ្វីៗដែលនៅជិតដៃរបស់ពួកគេ ។ ធូលីដី និងមេរោគអាចនៅកកកុញលើតុ កៅអី និងរបស់របរផ្សេងៗ ។ ដូច្នេះ វាជាការប្រសើរក្នុងការធានាថា កូនរបស់អ្នកលាងដៃឱ្យបានហ្មត់ចត់ ជាពិសេសមុនពេលញ៉ាំអាហារ បន្ទាប់ពីប្រើបន្ទប់ទឹក និងក្រោយពេលលេងសត្វចិញ្ចឹមក្នុងផ្ទះ (ប្រសិនបើមាន) ។

២. បង្រៀនកូនរបស់អ្នកឱ្យលាងបន្លែ និងផ្លែឈើមុនពេលញ៉ាំ ៖ ផ្លែឈើ និងបន្លែជាទូទៅមានបាក់តេរី E.coli នៅលើផ្ទៃខាងក្រៅរបស់វា ។ ដូចគ្នានេះផងដែរ ដៃរបស់ពួកគេក៏ចាប់កាន់របស់ផ្សេងៗជាច្រើនផងដែរ ដូច្នេះហើយទើបពួកគេត្រូវយកវាទៅលាងសម្អាតដោយប្រុងប្រយ័ត្ន ។

៣. អ្នកគួរបង្រៀនកូនរបស់អ្នកឱ្យខ្ទប់មាត់ដោយក្រដាស ឬកន្សែងដៃពេលក្អក និងកណ្តាស់ ។ នេះគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតមួយក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង ។ អ្នកក៏គួរបង្រៀនកូនរបស់អ្នកពីវិធីត្រឹមត្រូវក្នុងការប្រើ និងពាក់ម៉ាស ។ ទោះបីជាវាមិនតម្រូវឱ្យពាក់ម៉ាសពេលអ្នកនៅផ្ទះក៏ដោយ ប៉ុន្តែការបង្រៀនពួកគេនូវទម្លាប់ល្អនេះអាចមានប្រយោជន៍នៅពេលអនាគត ។

៤. អប់រំពួកគេអំពីការឃ្លាតឆ្ងាយពីសង្គម និងសារៈសំខាន់របស់វា ដោយណែនាំពួកគេកុំឱ្យទៅកន្លែងដែលមានមនុស្សកកកុញច្រើនពេក ។
ទម្លាប់អនាម័យមូលដ្ឋានមួយចំនួនទៀតដែលកូនៗរបស់អ្នកគួរតែបង្កើត ៖ គឺដុសធ្មេញពីរ
ដងក្នុងមួយថ្ងៃ, ងូតទឹកឱ្យបានទៀងទាត់, កក់សក់ឱ្យបានទៀងទាត់, ស្លៀកសំលៀកបំពាក់ស្អាតរាល់ថ្ងៃ, ថែរក្សាបន្ទប់របស់ពួកគេឱ្យស្អាត, លាងបង្គន់បន្ទាប់ពីប្រើម្តងៗ និងកាត់ក្រចកដៃឱ្យខ្លី ។
តើគួរធ្វើដូចម្តេចដើម្បីបង្រៀនទម្លាប់អនាម័យផ្ទាល់ខ្លួនដល់កូនរបស់អ្នក ? កូនរបស់អ្នកប្រហែលជាមិនស្តាប់អ្នកទេ នៅពេលអ្នកផ្តល់ឱ្យពួកគេនូវមេរៀន «រក្សាខ្លួនអ្នកឱ្យស្អាត និងមានសុខភាពល្អ» ។ មធ្យោបាយដ៏ល្អបំផុតក្នុងការបង្រៀនកូនរបស់អ្នកឱ្យបង្កើតទម្លាប់ល្អ គឺការបណ្តុះទម្លាប់ខ្លួនឯងជាមុនសិន ។ ក្មេងៗធ្វើតាមយ៉ាងរហ័សនូវអ្វីដែលមនុស្សចាស់ធ្វើ ។ ដូច្នេះអ្នកត្រូវចាំថា អ្នកត្រូវធ្វើសិន មុនពេលប្រាប់កូនរបស់អ្នក ។

មធ្យោបាយដ៏គួរឱ្យចាប់អារម្មណ៍មួយទៀតក្នុងការបង្រៀនកូនរបស់អ្នកឱ្យមានភាពស្អាត គឺបង្រៀនពួកគេពេលកំពុងលេងហ្គេម ដោយការដោះស្រាយល្បែងផ្គុំរូប និងធ្វើពិសោធន៍វិទ្យាសាស្ត្រដ៏រីករាយមួយចំនួន ។ គំនូរជីវចល និងកម្មវិធីយូធូបមួយចំនួនអាចជួយអ្នកបង្រៀនកុមារអំពីការអនុវត្តអនាម័យទាំងនេះ ។ យើងសង្ឃឹមថា គន្លឹះទាំងនេះនឹងជួយកូនរបស់អ្នកឱ្យមានសុខភាពល្អ ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ សាលារៀនផ្តល់ជូនកម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេសសម្រាប់កុមារ កម្មវិធីភាសាអង់គ្លេសសិស្សធំ កម្មវិធីចំណេះទូទៅខ្មែរ ពីថ្នាក់ទី ១ ដល់ទី ១២ និងកម្មវិធីភាសាចិន ។ សាលារៀនបន្តទទួលចុះឈ្មោះចូលរៀនរៀងរាល់ថ្ងៃ ។
សាលារៀនផ្តល់ជូននូវវេទិកា និងមធ្យោបាយសិក្សាយ៉ាងសម្បូរបែបជាមួយនឹងប្រព័ន្ធគ្រប់គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រង់ការសិក្សា និងអេបសាលារៀនជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្សក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតាផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ