ខេត្តកំពត ៖ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៣ ឧសភា នៅលើផ្លូវជាតិលេខ៣១ ក្នុងភូមិត្រពាំងមន្ត្រី ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ក្មេងប្រុសអាយុ៧ឆ្នាំម្នាក់បានស្លាប់ដោយសាររថយន្តក្រុងដឹកអ្នកដំណើរពាក់ស្លាកលេខ ភ្នំពេញ3A 4920 បុក និងកិនបែកក្បាល ។ ក្មេងប្រុសនេះឈ្មោះនួន ដន នៅភូមិកើតហេតុនោះ ។
មន្ត្រីប៉ូលិសចរាចរណ៍ស្រុកដែលទៅកន្លែងកើតហេតុបាននិយាយថា រថយន្តដឹកអ្នកដំណើរបើកពីជើងទៅត្បូង ស្របពេលក្មេងប្រុស២នាក់ដើរឆ្លងថ្នល់ពីកើតទៅលិច មិនបានជាន់ហ្វ្រាំងបន្ថយល្បឿនទេ ក៏ជ្រុលបុកក្មេងម្នាក់ពេញទំហឹង បណ្តាលឱ្យបែកក្បាលចេញខួរ ឯក្មេងប្រុសម្នាក់ទៀតរងរបួសធ្ងន់ ត្រូវគេដឹកទៅកាន់គ្លីនិកឯកជននៅស្រុកបន្ទាយមាស ។ រថយន្តដឹកអ្នកដំណើរនោះបានឈប់ចម្ងាយពីកន្លែងកើតហេតុ១០០ម៉ែត្រ ។ គេកត់សម្គាល់ឃើញថា រថយន្តក្រុងដឹកអ្នកដំណើរភាគច្រើនបើកបរលឿនណាស់ ហើយតែងតែបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដំណើរជារឿយៗ ៕
ចែករំលែកព័តមាននេះ