ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្ដើក​ស្រែ​ជាង​១០០​ក្បាល លែង​ចូល​ក្នុង​បឹង​ទន្លេសាប តំបន់​អភិរក្ស​ព្រែក​តា​ចាន់

4 ខែ មុន
  • ពោធិ៍សាត់

សត្វ​អណ្ដើក​ស្រែ​ដែល​គេ​ហៅ​ថា «​អណ្ដើកបិទមុខ​» ឬ​អណ្ដើក​ក្បាល​ធំ ចំនួន​១០៧​ក្បាល បាន​យក​ទៅ​លែង​ចូល​ក្នុង​បឹង​ទន្លេសាប តំបន់​អភិរក្ស​ព្រែក​តា​ចាន់​នៃ​សហគមន៍​នេសាទ​ស្រី​ចឹក ស្ថិត​ក្នុងភូមិ​តា​ម៉ៅ ឃុំ​កញ្ជរ ស្រុក​កណ្ដៀង

ខេត្តពោធិ៍សាត់ ៖ សត្វ​អណ្ដើក​ស្រែ​ដែល​គេ​ហៅ​ថា «​អណ្ដើកបិទមុខ​» ឬ​អណ្ដើក​ក្បាល​ធំ ចំនួន​១០៧​ក្បាល បាន​យក​ទៅ​លែង​ចូល​ក្នុង​បឹង​ទន្លេសាប តំបន់​អភិរក្ស​ព្រែក​តា​ចាន់​នៃ​សហគមន៍​នេសាទ​ស្រី​ចឹក ស្ថិត​ក្នុងភូមិ​តា​ម៉ៅ ឃុំ​កញ្ជរ ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ ដើម្បី​ចូលរួម​ថែរក្សា​ការពារ​ធនធាន​ជលផល​ឲ្យ​នៅ​គង់វង្ស និង​បន្ត​រីកសាយ​ឲ្យ​កាន់តែ​ច្រើន​ថែម​ទៀត​។

ការ​លែង​សត្វ​អណ្ដើក​នេះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២៣ ដោយ​មានការ​ចូលរួម​ពី​នាយ​ផ្នែក​រដ្ឋបាល​ជលផល​ក្រគរ នាយ​សង្កាត់​រដ្ឋបាល​ជលផល​កណ្ដៀង មេឃុំ​កញ្ជរ ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល និង​គណៈកម្មការ​សហគមន៍​នេសាទ​ស្រី​ចឹក​ផង​ដែរ​។

លោក ឌុ​ក សុខា ប្រធាន​សហគមន៍​នេសាទ​ស្រី​ចឹក បាន​ប្រាប់​ឲ្យ​ដឹង​ថា អណ្ដើក​ទាំង​អស់នេះ បាន​មក​ពី​លោក ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ ប្រគល់​ជូន​ឲ្យ​យក​មក​លែង​ចូល​ក្នុង​បឹង​ទន្លេសាប តំបន់​អភិរក្ស​ព្រែក​តា​ចាន់​នៃ​សហគមន៍​នេសាទ​ស្រី​ចឹក​នេះ ដែល​ប្រជាពលរដ្ឋ​យក​មក​ឲ្យ​លោក និង​មួយ​ចំនួន​ទៀត​លោក​ប្រមូល​ទិញ​ពី​កន្លែង​ផ្សេង​។

ប្រធាន​សហគមន៍​នេសាទ​ស្រី​ចឹក បាន​ប្រាប់​បន្ត​ថា ការ​លែង​សត្វ​អណ្ដើក​នៅ​ទី​នេះ គឺជា​លើក​ទី​១​ហើយ ហើយ​លោក​មាន​មោទនភាព​ណាស់ ដែល​អភិបាលខេត្ត​ផ្ដល់​អាទិភាព និង​មាន​ទំនុកចិត្ត​មក​លើ​សហគមន៍ បាន​ប្រគល់​សត្វ​អណ្ដើក​ចំនួន​១០៧​ក្បាល​មក​លែង ដើម្បី​ឲ្យ​សំបូរ​ទៅ​ថ្ងៃក្រោយ​។

លោក​ឲ្យ​ដឹង​ថា សហគមន៍​នេសាទ​ស្រី​ចឹក មាន​ទំហំ​ទទឹង​ប្រវែង​៤៥​ម៉ែត្រ បណ្ដោយ​១៦០០​ម៉ែត្រ ស្មើនឹង​ប្រមាណ​០៧​ហិ​កតា​។ ក្នុង​ទឹក​មាន​ដាក់​លូ​សិប្បនិមិត្ត គល់ឈើ​ធំ​ៗ និង​បង្គោល​ជ្រុំ ហើយ​ជុំវិញ​មាន​ព្រៃរនាម​ដុះ​ស្នាប់​តាម​មាត់​ព្រែក ដែល​ជា​ជម្រក​ត្រី​រស់នៅ​យ៉ាង​សុខសាន្ត​។

លោក​ប្រធាន​សហគមន៍ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​លោក ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ ដែល​លោក​តែងតែ​គិតគូរ​ផលប្រយោជន៍​ជាតិ និង​ទុក្ខ​លំបាក​ប្រជា​ជន​ជា​ធំ​។ លោក​នឹង​ខិតខំ​ការពារ​សត្វ​អណ្ដើក​ទាំងនេះ​ឲ្យ​នៅ​គង់វង្ស ហើយ​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ជួយ​ថែរក្សា​ការពារ​ធនធាន​ជលផល​ឲ្យ​នៅ​គង់វង្ស​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ