រាជធានីភ្នំពេញ ៖ និស្សិតកម្ពុជាចំនួន៩រូបដែលទទួលបន្ទុកការងារវិស័យទេសចរណ៍ និងការពារមរតកវប្បធម៌ បានចាកចេញទៅកាន់ប្រទេសជប៉ុននៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១១ ក្រោមកម្មវិធីបណ្តាញផ្លាស់ប្តូរនិស្សិត និងយុវជនជប៉ុន-អាស៊ីបូព៌ា (JENESYS) ។
លោក YASUHIKO KAMADA តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា មានប្រសាសន៍ថា ជារៀងរាល់ឆ្នាំកម្មវិធីនេះបានធ្វើការអញ្ជើញអ្នកចូលរួមប្រមាណ៥០នាក់ ដែលធ្វើការក្នុងវិស័យទេសចរណ៍ និងការពារមរតកវប្បធម៌មកពីបណ្តាប្រទេសក្នុងតំបន់មេគង្គ កម្ពុជា ឡាវ ភូមា ថៃ និងវៀតណាម ។ តាមរយៈកម្មវិធីនេះ អ្នកចូលរួមនឹងជួបពិភាក្សាជាមួយមន្ត្រីក្នុងស្រុកជប៉ុន ដែលទទួលបន្ទុកវិស័យទេសចរណ៍ និងការពារមរតកវប្បធម៌ ។ គម្រោងនេះមានតួនាទីតាមដាននិងបន្តការងារសន្និសីទស្តីពី«ទីក្រុងបុរាណជប៉ុន-មេគង្គ» ដែលបានធ្វើឡើងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១០ នាទីក្រុងណារ៉ា។
លោកតំណាងស្ថានទូតជប៉ុនរូបនេះបានបញ្ជាក់ថា បណ្តាប្រទេសនៅតំបន់មេគង្គមានភាពសម្បូរបែបផ្នែកសម្បត្តិវប្បធម៌ និងធនធានធម្មជាតិ ។ ទោះជាយ៉ាងណាក៏ដោយ ធនធានទាំងនេះមិនមែនតែងតែអាចត្រូវបានប្រើប្រាស់គ្រប់គ្រាន់ ឬប្រើប្រាស់ដោយមានការការពារដល់កម្រិតអតិបរមានោះទេ ។ តាមរយៈកម្មវិធីនេះ អ្នកចូលរួមទាំងឡាយមកពីកម្ពុជា នឹងមានឱកាសបានឃើញជាមួយគ្នាដោយផ្ទាល់នៅក្នុងប្រទេសជប៉ុន អំពីការជំរុញវិស័យទេសចរណ៍ តាមរយៈធនធានធម្មជាតិ ស្របពេលនេះក៏មានការថែរក្សានូវសម្បត្តិវប្បធម៌របស់ប្រទេសឱ្យបានដូចដើមផងដែរ ។ ពួកគេក៏អាចផ្លាស់ប្តូរយោបល់និងចូលរួមពិភាក្សាលើរបៀបប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព សម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ ។ លោកបន្ថែមថា ក្រុមអ្នកចូលរួមនឹងទៅធ្វើទស្សនកិច្ចនៅទីក្រុងតូក្យូ ខណៈពេលដែលក្រុមនីមួយៗនឹងធ្វើទស្សនកិច្ចទៅកាន់ខេត្តហ្គុនម៉ា និងខេត្តហ្គីហ្វុ ផងដែរ ។
អ្នកនាងហួត នរ៉ា មន្ត្រីវប្បធម៌នៃអគ្គនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានចូលរួមក្នុងកម្មវិធី JENESYS បាននិយាយថា អ្នកនាងត្រូវចេញដំណើរទៅចូលរួមក្នុងកម្មវិធីនេះ រយៈពេល៩ថ្ងៃ គិតពីថ្ងៃទី២៣ ដល់ថ្ងៃទី៣១ ឧសភា ហើយអ្នកនាងមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងដែលបានចេញទៅផ្លាស់ប្តូរបទពិសោធន៍រវាងនិស្សិតនិងយុវជននៅប្រទេសជប៉ុន និងបណ្តាប្រទេសអាស៊ី បូព៌ា ។ អ្នកនាងសង្ឃឹមថា តាមរយៈនៃទស្សនកិច្ចដកបទពិសោធន៍នេះ និស្សិតរបស់យើងនឹងមានការយល់ដឹងបន្ថែមទៀតលើផ្នែកអេកូទេសចរណ៍វប្បធម៌ ហើយនឹងមានលទ្ធភាពផ្សព្វផ្សាយនូវអ្វីទាំងអស់នោះដល់ប្រជាពលរដ្ឋខ្មែរ យើងបន្តទៀត ៕
ចែករំលែកព័តមាននេះ