ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ​នៃ​កម្ពុជា យាង​បំពេញ​ព្រះរាជ​ទស្សនកិច្ច​នៅ​ខេត្ត Fujian ប្រទេស​ចិន រយៈពេល៣​ថ្ងៃ

4 ខែ មុន

រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​អង្គ​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ…

រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​អង្គ​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ ស្ដេច​យាង​ចាក​ចេញពី​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២៣ តាម​ព្រះ​ទីនាំង​យន្តហោះ​ពិសេស ដើម្បី​ទៅ​បំពេញ​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ (​ថ្ងៃ​ទី​១៩-២០-២១ ខែធ្នូ ឆ្នាំ​២០២៣) នៅ​ខេត្ត Fujian នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។

ការ​យាង និង​អញ្ជើញ​ថ្វាយ​ព្រះរាជ​ដំណើរ​ព្រះករុណា ព្រះមហាក្សត្រ នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ មាន​វត្តមាន​របស់​សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា សម្ដេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធាន​កិត្ត​យស នៃ​ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង សម្ដេច ឯកឧត្ដម លោក​ជំទាវ ជា​សមាជិក​សមាជិកា ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​មន្ត្រី​អ្នក​មុខ​អ្ន​ការ​ជា​ច្រើន​រូប​ទៀត ។

បើ​យោង​តាម​ព្រះរាជ​សារ របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២៣ ព្រះ​អង្គ​បាន​គូសបញ្ជាក់​ថា «​ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូម​ព្រះ​អនុញ្ញាត និង​អនុញ្ញាត​ពី​សម្ដេចព្រះ​មហាសង្ឃរាជ ទាំង​ពីរ​គណៈ និង​ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះ​អង្គ សម្តេច ឯកឧត្តម លោក​ជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយ​ៗ​ជនរួមជាតិ​ទាំងអស់ អវត្តមាន​ពី​មាតុប្រទេស នៅ​ថ្ងៃ​ទី​១៩-២០-២១ ខែធ្នូ ឆ្នាំ​២០២៣ ដើម្បី​យាង​បំពេញ​ព្រះរាជ​ទស្សនកិច្ច​នៅ​ខេត្ត Fujian នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ នៅ​ក្នុង​ឱកាស​អវត្តមាន​របស់​ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ខាងលើ​នេះ សម្តេច​វិបុល សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា នឹង​ទទួល​ជួយ​ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ក្នុង​ឋានៈ​ជា ប្រមុខរដ្ឋ​ស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​» ។

គួរ​បញ្ជាក់​ដែរ​ថា ក្នុង​ព្រះរាជ​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​ខេត្ត Fujian​នេះ ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង នឹង​យាង​ចូលរួម​ពិធី​តាំងពិព័រណ៍​សមិទ្ធផល​គម្រប់​ខួប​៣០​ឆ្នាំ នៃ​គម្រោង​យុទ្ធសាស្ត្រ «៣៨២០»​។ គម្រោង​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ឯកឧត្តម ស៊ី ជី​ន​ពីង ប្រធានាធិបតី​ចិន ពេល​រូប​ឯកឧត្ដម​ធ្វើការ​នៅ​ទីក្រុង​ហ្វូ​ចូ​វ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ