ខេត្តស្វាយរៀង ៖ បុរសពីរនាក់បងប្អូនរបួសធ្ងន់រហូតសន្លប់នៅនឹងកន្លែង ហើយត្រូវសមត្ថកិច្ចហៅរថយន្តសាមុយដឹកទៅកាន់មន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះ។ ករណីនេះកើតឡើងកាលពីថ្ងៃទី២២ ឧសភា វេលាម៉ោង៤រសៀលនៅលើផ្លូវជាតិលេខ១ចំណុចខាងកើតផ្សារក្រោលគោ ឃុំក្រោលគោ ស្រុកស្វាយជ្រំ។
បើតាមប្រជាពលរដ្ឋដែលឃើញហេតុការណ៍ប្រាប់ឱ្យដឹងថា គេឃើញរថយន្តមួយគ្រឿងដឹកដីបើកមកពីទិសខាងលិចទៅកើតស្រាប់តែជាន់ហ្វ្រាំងឈប់នៅចំកណ្តាលទ្រូងផ្លូវ ស្របពេលនោះម៉ូតូហុងដាសេ១០០ ស៊េរី២០០២ឌុបគ្នាពីរនាក់យ៉ាងលឿនក៏ជ្រុលបុកពីក្រោយពេញទំហឹង។ ការបុកនោះបុរសពីរនាក់បងប្អូនបោកក្បាលទៅនឹងគូទរថយន្តបែកហូរឈាម និងសន្លប់។ រីឯអ្នកបើកបររថយន្តដឹកដីឃើញហេតុការណ៍ដូច្នេះក៏រត់គេចខ្លួនបាត់ភ្លាម។ ប្រជាពលរដ្ឋបានទូរស័ព្ទហៅសមត្ថកិច្ច ហើយសមត្ថកិច្ចហៅរថយន្តសាមុយដឹកជនរងគ្រោះទាំងពីរនាក់ទៅកាន់មន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះ។
បើតាមស្ត្រីឈ្មោះយិន ស៊ន អាយុ៥០ឆ្នាំ នៅភូមិអង្គញ់ ឃុំដូង ស្រុករមាសហែកត្រូវជាម្តាយប្រាប់ឱ្យដឹងថា កូនគាត់ឈ្មោះសឹម ផល្លា អាយុ២៨ឆ្នាំ ជាអ្នកបើកម៉ូតូបានបាក់ថ្គាម បែកក្បាល និងដៃចង្កូតម៉ូតូបុកចំដើមទ្រូងរបួសយ៉ាងដំណំ និងកូនម្នាក់ទៀតឈ្មោះសៅ ស៊ុត អាយុ២២ឆ្នាំ បោកក្បាលទៅគូទរថយន្តបែកហូរឈាម រួចខ្ទាតចេញពីលើម៉ូតូបោកក្បាលទៅលើថ្នល់រយះផ្ទៃមុខ ហូរឈាមតាមមាត់ តាមច្រមុះ និងរលាត់ដៃ ជើង ។
ស្ត្រីជាម្តាយបន្តទៀតថា កូនប្រុសរបស់គាត់ទាំងពីរនាក់បងប្អូនដែលមានឪពុកផ្សេងគ្នាបានសុំរូបគាត់ទៅលេងបងប្អូននៅភ្នំពេញ ហើយពេលត្រឡប់មកវិញជួបហេតុការណ៍អាក្រក់នេះតែម្តង។ កូនប្រុសគាត់ពាក់មួកសុវត្ថិភាពទើបរបួសមិនដល់ស្លាប់ ទោះបីបែកមួកសុវត្ថិភាពក្តី។ ចំពោះរថយន្តដឹកដីនោះ សមត្ថកិច្ចប្រាប់ថា ពេលកំពុងបើកបរស្រាប់តែរលត់ម៉ាសីុននៅលើទ្រូងផ្លូវ ហើយស្របពេលអ្នកបើកម៉ូតូលឿនមកពីក្រោយក៏បុកតែម្តង៕
ចែករំលែកព័តមាននេះ