គេហទំព័រ MCOT របស់ថៃជាភាសាអង់ គ្លេសនៅថ្ងៃទី២៣ ឧសភា កន្លងមក បានចេញផ្សាយដោយដកស្រង់សម្តីលោកអាប់ភីស៊ីត វ៉េចាជីវ៉ា នាយករដ្ឋមន្ត្រីចាំផ្ទះថៃ ដែលថ្លែងថា ប្រទេសឥណ្ឌូណេស៊ីដែលជាប្រធានអាស៊ាននឹងអាចបញ្ជូនអ្នកវាយតម្លៃ មកកាន់តំបន់ព្រំដែនរវាងប្រទេសថៃ និងប្រទេសកម្ពុជា ដើម្បីត្រួតពិនិត្យ និងសង្កេតនៅតំបន់នេះ ប៉ុន្តែមិនត្រូវអនុញ្ញាតឱ្យចូលតំបន់មានជម្លោះផ្ទៃដី៤,៦គីឡូម៉ែត្រក្រឡាឡើយ ។
លោកអាប់ភីស៊ីត ថ្លែងថា កិច្ចប្រជុំ ឬជំនួបពិភាក្សាមុននេះរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោកប្រាវិត វង្សសុវ៉ាន់ និងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោកទៀ បាញ់ ក្រោមការសម្របសម្រួលរបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេសឥណ្ឌូណេស៊ីបញ្ចប់ទៅដោយឯកភាពគ្នាឱ្យឥណ្ឌូណេស៊ីបញ្ជូនអ្នកវាយតម្លៃមកកាន់តំបន់ព្រំដែនថៃ-កម្ពុជា ហើយនឹងធ្វើការនៅតំបន់នោះរយៈពេល២ថ្ងៃ ។
គេហទំព័រ MCOT បានដកស្រង់សម្តីលោកអាប់ភីស៊ីត ដែលថ្លែងទៀតថា ក្នុងអំឡុងពេលនៃការត្រួតពិនិត្យធ្វើអធិការកិច្ចនោះនៅព្រំដែនខាងថៃ អ្នកវាយតម្លៃទាំងនោះនឹងពិនិត្យ៦ ឬ៧កន្លែង នៅខេត្តស៊ីសាកេត ហើយពួកគេនឹងមិនត្រូវអនុញ្ញាតឱ្យចូលតំបន់មានជម្លោះឡើយ។
ថៃអះអាងថា នៅពេលក្រុមអ្នកវាយតម្លៃវិលត្រឡប់ទៅកាន់ប្រទេសឥណ្ឌូណេស៊ីវិញ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) នឹងរៀបចំឡើងនៅប្រទេសកម្ពុជា ហើយប្រសិនបើកិច្ចប្រជុំនេះបញ្ចប់ទៅសម្រេចបានកិច្ចព្រមព្រៀងមួយឱ្យកម្ពុជាដកទ័ពពីតំបន់មានជម្លោះផ្ទៃដី៤,៦គីឡូម៉ែត្រក្រឡា ប្រទេសឥណ្ឌូណេស៊ីអាចបញ្ជូនអ្នកវាយតម្លៃមកកាន់តំបន់នេះដើម្បីត្រួតពិនិត្យបទឈប់បាញ់គ្នា។
លោកអាប់ភីស៊ីត ថ្លែងទៀតថា «កិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៣ ឧសភា បានពិភាក្សាគ្នាអំពីគោលជំហរជារួមរបស់ថៃទាក់ទិននឹងបញ្ហាព្រំដែនរវាងប្រទេសថៃ និងប្រទេសកម្ពុជា ហើយខ្ញុំមានជំនឿថា វិធានការរបស់រដ្ឋាភិបាលនឹងមិនធ្វើឱ្យថៃ បាត់បង់ទឹកដីឡើយ ។ អ្នកវាយតម្លៃឥណ្ឌូណេស៊ីត្រូវតែស្លៀកពាក់ឯកសណ្ឋានត្រឹមត្រូវ ហើយវិសាលភាពការងាររបស់ពួកគេត្រូវតែកំណត់ឱ្យបានច្បាស់លាស់»។
ក្នុងឱកាសនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនោះដែរ លោកអាប់ភីស៊ីត ជំរុញឱ្យគណៈរដ្ឋមន្ត្រីពិនិត្យមើល និងសើរើឡើងវិញនូវបញ្ហានានារវាងប្រទេសថៃ និងប្រទេសកម្ពុជា ដើម្បីលើកយកមកពិភាក្សា និងត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូដែលគ្រោងរៀបចំឡើងនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង នៅខែមិថុនា ខាងមុខនេះ និងពិនិត្យមើលឡើងវិញនូវករណីដែលកម្ពុជាបានដាក់ជូនទៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ (ICJ) ។
សូមរំឭកឡើងវិញថា កាលពីខែមុន កម្ពុជាបានស្នើដល់តុលាការយុត្តិធម៌អន្តរជាតិ ក្រុងឡាអេ ឱ្យបកស្រាយឡើងវិញនូវការសម្រេចរបស់ខ្លួននៅឆ្នាំ១៩៦២ អំពីបញ្ហាប្រាសាទព្រះវិហារ នៅតំបន់ព្រំដែនដែលមានជម្លោះជាមួយប្រទេសថៃ ។ កាលពី៤៩ឆ្នាំមុន គឺនៅឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ (CIJ) បានសម្រេចថា ប្រាសាទព្រះវិហារជារបស់កម្ពុជាតែមួយគត់ ។
លោកអាប់ភីស៊ីត ថ្លែងថា រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន លោកស៊ូវីត គុនគិទី ដែលដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានចាកចេញពីក្រុងបាងកក ទៅកាន់ទីក្រុងប៉ារីស កាល ពីយប់ថ្ងៃទី២៣ ឧសភា កន្លងមក ហើយនៅទី នោះលោកនឹងជួបពិភាក្សាជាមួយសមភាគីកម្ពុជា។
លោកអាប់ភីស៊ីត បានអះអាងបញ្ជាក់ជាថ្មីម្តងទៀតថា ថៃនឹងប្រកាន់ខ្ជាប់នូវគោលជំហររបស់ខ្លួនថា គណៈកម្មាធិការបេតិកភណ្ឌពិភពលោកគួរតែពន្យារពេល ឬក៏ពិចារណាអំពីផែនការគ្រប់គ្រងតំបន់ជុំវិញប្រាសាទព្រះវិហារដែលស្នើឡើងដោយប្រទេសកម្ពុជា ដើម្បីបញ្ចៀសជម្លោះបន្ថែមទៀត ៕
ចែករំលែកព័តមាននេះ