រាជធានីភ្នំពេញ ៖ បុរសពោះម៉ាយកូនមួយបានលង់ទឹកស្លាប់ចោលកូន និងបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៣ ឧសភា ២០១១ នៅចំណុចក្រុមទី៣០១ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ហើយប្រជាពលរដ្ឋជិតខាងនាំគ្នាជិះទូកស្វែងរកជនរងគ្រោះភ្លាមៗដើម្បីសង្គ្រោះជីវិត ក៏ប៉ុន្តែរកមិនឃើញ។ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចកបានឱ្យដឹងថា ជនរងគ្រោះដែលលង់ទឹកបឹងកក់ស្លាប់នេះមានឈ្មោះសាន សំអុល ហៅគក ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៥B ផ្លូវលំ ភូមិ២៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ ជាអ្នករត់ម៉ូតូឌុប ។
នគរបាលបានបញ្ជាក់ពីមូលហេតុនៃការស្លាប់របស់ជនរងគ្រោះខាងលើនេះថា នៅយប់កើតហេតុ បុរសរងគ្រោះបានជួបជុំគ្នាផឹកស្រា លុះដល់ម៉ោងជាង៨យប់ម្តាយបានហៅឱ្យហូបបាយ ប៉ុន្តែជនរងគ្រោះឆ្លើយទៅម្តាយវិញថា «មិនហូបបាយទេ ពិបាកចិត្តណាស់ ចង់តែស្លាប់» ពេលនោះ ក្រុមគ្រួសារមិនចាប់អារម្មណ៍ពាក្យសម្តីនោះទេ ។ បន្តិចក្រោយមកទើបមានការភ្ញាក់ផ្អើល ខណៈពេលគេឃើញបុរសរងគ្រោះចុះពីលើគ្រែដើរសំដៅចូលទឹកបឹងកក់ ហើយបាត់ខ្លួនគឺជាង៤ម៉ែត្រឯណោះ រហូតដល់ម៉ោងជាង១២យប់ថ្ងៃដដែលទើបរកសពឃើញ ។ ប្រជាពលរដ្ឋដែលដឹងរឿងបាននិយាយថា បុរសរងគ្រោះលង់ទឹកបឹងកក់ស្លាប់នេះគឺជាបុរសពោះម៉ាយមានកូនប្រុសមួយបានលែងលះប្រពន្ធអស់រយៈពេលជាង៥ឆ្នាំមកហើយ មួយថ្ងៃៗ គិតតែហូបស្រា និងត្អូញត្អែរប្រាប់គេឯងថា នឹកអតីតប្រពន្ធខ្លាំងណាស់តែមិនដឹងធ្វើម៉េច។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះសាន សំអុល ហៅគក ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន មិនមែនជារឿងឃាតកម្មនោះទេ សពបានត្រូវប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ