ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃទី២១ ឧសភា កន្លងទៅនេះ លោកអ៊ុង សំអាត អនុប្រធានរដ្ឋបាលព្រៃឈើ រួមជាមួយលោកស ថាវី អភិបាលរងខេត្ត បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបចុះទៅពិនិត្យទីតាំងដីសម្បទានសេដ្ឋកិច្ចដ៏ធំមួយរបស់ក្រុមហ៊ុនសីលា ដាម៉ិច ស្ថិតក្នុងភូមិស្រយង់ ឃុំស្រយង់ ស្រុកគូលែន ។
ការចុះត្រួតពិនិត្យទីតាំងវិនិយោគដីសម្បទានសេដ្ឋកិច្ចដំណាំកសិកម្ម ចម្ការកៅស៊ូរបស់ក្រុមហ៊ុនសីលា ដាម៉ិច នាព្រឹកនោះ គឺធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនដ៏ធំមួយនេះចាប់ដំណើរការអភិវឌ្ឍអស់រយៈពេលជាង១ឆ្នាំមកហើយ ដោយទទួលបានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើវិនិយោគស្របច្បាប់។ ពេលនេះក្រុមហ៊ុនបានដំណើរការឈូសឆាយ និងប្រមូលផល-អនុផលព្រៃឈើនៅលើដីវិនិយោគទៅរក្សាទុកស្របតាមកិច្ចសន្យារបស់ក្រុមហ៊ុន ដើម្បីធ្វើការកែច្នៃ។ ពេលនេះដែរ ក្រុមហ៊ុនក៏បានសុំការត្រួតពិនិត្យនិងធ្វើការវាយតម្លៃផល-អនុផលព្រៃឈើទាំងនោះពីក្រសួងកសិកម្ម ដើម្បីបង់ពន្ធចូលថវិកាជាតិមុនពេលក្រុមហ៊ុនឈានដល់ដំណើរការដាំកូនកៅស៊ូនៅលើផ្ទៃដី៩.០០០ហិកតានាពេលខាងមុខ។
លោកប៉ុល ខាំណារ៉េ ប្រធានខណ្ឌរដ្ឋបាលព្រៃឈើខេត្ដ ជំនួសមុខឱ្យលោកអ៊ុង សំអាត អនុប្រធានរដ្ឋបាលព្រៃឈើបានឱ្យដឹងថា ការចុះពិនិត្យទីតាំងដែលក្រុមហ៊ុនសីលា ដាម៉ិច បាននិងកំពុងដំណើរការអភិវឌ្ឍនាពេលនេះ គឺមិនមានបញ្ហាអ្វីពាក់ព័ន្ធនឹងការអភិវឌ្ឍរបស់ក្រុមហ៊ុនទេ តែនេះជាការចូលរួមជាមួយជំនាញព្រៃឈើតាមការស្នើសុំពីក្រុមហ៊ុនដើម្បីធ្វើការវាស់វែងនិងវាយតម្លៃផល-អនុផលព្រៃឈើដែលប្រមូលចេញពីក្នុងបរិវេណដីសម្បទានស្របច្បាប់របស់ក្រុមហ៊ុនតែប៉ុណ្ណោះ ដើម្បីធ្វើការកំណត់ក្នុងការបង់ពន្ធជូនរដ្ឋឱ្យបានត្រឹមត្រូវ។ លោកប្រធានខណ្ឌរដ្ឋបាលព្រៃឈើខេត្ដបានបញ្ជាក់ថា នៅពេលនេះជំនាញក៏នៅមិនទាន់ធ្វើការកំណត់បានពីចំនួនផល-អនុផលព្រៃឈើដែលប្រមូលចេញពីដីសម្បទាននៅឡើយទេ ដោយសារក្រុមហ៊ុនកំពុងដំណើរការឈូសឆាយទើបតែបានប្រហែល២០% នៅលើផ្ទៃដីវិនិយោគចំនួន៩.០០០ហិកតាតែប៉ុណ្ណោះ ។
លោកតាន់ គង់អ៊ី តំណាងក្រុមហ៊ុនសីលា ដាម៉ិច ប្រចាំទីនោះ បានឱ្យដឹងថា ក្រុមហ៊ុនសីលា ដាម៉ិច គឺជាក្រុមហ៊ុនវិនិយោគផ្នែកដំណាំកសិ-ឧស្សាហកម្ម ចម្ការកៅស៊ូដ៏ធំក្នុងស្រុក បានចាប់ដំណើរការអភិវឌ្ឍមកដល់ពេលនេះ គឺអស់រយៈជាងមួយឆ្នាំមកហើយ ដោយមានកិច្ចសហប្រតិបត្ដិការជាដៃគូពីម្ចាស់ទុនធំៗ នៅក្រៅស្រុកមួយចំនួន ដើម្បីធ្វើការគាំទ្រការអភិវឌ្ឍវិស័យកសិកម្មដំណាំកៅស៊ូ ក្នុងប្រទេសកម្ពុជាដែលមានអាជ្ញាយុកាល៧៥ឆ្នាំ។ ក្រុមហ៊ុនសីលា ដាម៉ិច កន្លងមក បានបំពេញកាតព្វកិច្ចរបស់ខ្លួនតាមលក្ខខណ្ឌច្បាប់អស់រយៈពេលជាង១ឆ្នាំមកហើយ ក្នុងដំណើរការអភិវឌ្ឍន៍យា៉ងសកម្មនៅលើដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន បន្ទាប់ពីក្រុមហ៊ុនទទួលបានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាល ដោយក្រុមហ៊ុនបានរួសរាន់ក្នុងការអភិវឌ្ឍយ៉ាងយកចិត្តទុកដាក់។
ជាក់ស្ដែងនៅពេលដំណាក់កាលដំបូងនេះ ក្រុមហ៊ុនចាប់ដំណើរការឈូសឆាយនៅលើផ្ទៃដីវិនិយោគដែលរាជរដ្ឋាភិបាលបានផ្ដល់ជូន គឺក្រុមហ៊ុនមិនបានធ្វេសប្រហែសធ្វើឱ្យខាតបង់ផលប្រយោជន៍ជាតិទេ ដូចជា ផល-អនុផលព្រៃឈើដែលជាកាកសំណល់ត្រូវបានក្រុមហ៊ុនប្រមូលយកមករក្សាទុកដាក់យ៉ាងត្រឹមត្រូវតាមប្រភេទឈើទាំងតូចទាំងធំ ទុកសម្រាប់កែច្នៃប្រើប្រាស់ជាប្រយោជន៍ផ្សេងៗនៅលើទីផ្សារ ក្រោមការត្រួតពិនិត្យផ្ទាល់របស់ក្រសួងកសិកម្ម និងវាយតម្លៃ ដើម្បីបង់ពន្ធចូលថវិកាជាតិ។ មានការរំពឹងទុកថា នៅពេលខាងមុខនេះ ក្រុមហ៊ុននឹងមានភាគទានយ៉ាងធំក្នុងការបង់ចំណូលចូលថវិកាជាតិតាមរយៈការប្រមូលផល-អនុផលព្រៃឈើចេញពីដីសម្បទានសេដ្ឋកិច្ចទៀតផង។ ទោះបី ជាយ៉ាងណា លោកតាន់ គង់អ៊ី មិនបានបញ្ជាក់ឱ្យដឹងអំពីទំហំនៃទុនវិនិយោគរបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍដំណាំកៅស៊ូនោះទេ គ្រាន់តែលោកបានបញ្ជាក់ថា ការធ្វើវិនិយោគប្រភេទដូចខាងលើនេះ គឺពិតជាមានទំហំធំធេងណាស់។
លោកស ថាវី អភិបាលរងខេត្ដ ជំនួសមុខឱ្យអាជ្ញាធរខេត្ដ បានបញ្ជាក់ថា ខេត្ដព្រះវិហារ មានផ្ទៃដីកសិកម្មធំធេងណាស់។ នៅពេលដ៏ខ្លីខាងមុខនេះ បន្ទាប់ពីក្រុមហ៊ុនសីលា ដាម៉ិច ដំណើរការអភិវឌ្ឍន៍រួចរាល់លើដំណាំកៅស៊ូនៅលើផ្ទៃដីប្រមាណ៩.០០០ហិកតា ក្រុមហ៊ុនមួយនេះ នឹងត្រូវចំណាយធនធានដ៏សន្ធឹកសន្ធាប់ផងដែរ សម្រាប់ផ្គត់ផ្គង់ជីវភាពកម្មកររាប់រយនាក់ដែលនឹងត្រូវចូលមកបម្រើការងារឱ្យក្រុមហ៊ុនវិញម្ដង។ ក្រុមហ៊ុនបានបង្កើតឱ្យប្រជាជនក្នុងតំបន់នេះ គេចផុតពីភាពអត់ការងារធ្វើ និងដើម្បីជួយកាត់បន្ថយភាពក្រីក្រដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ដាច់ស្រយាល។ ពិសេសទៀតនោះ គឺយើងអាចបញ្ចៀសបានពីការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋក្រីក្រ ដើម្បីស្វែងរកការងារធ្វើ។
តាមការសង្កេតឃើញ មានក្រុមហ៊ុនជាង៣០ ដែលបានដាក់ពាក្យសុំធ្វើការវិនិយោគដីសម្បទានសេដ្ឋកិច្ចក្នុងខេត្ដព្រះវិហារ តែមកដល់ពេលនេះជិត១០ឆ្នាំហើយដែលក្រុមហ៊ុនមួយចំនួនបានត្រឹមតែដាក់ពាក្យចោលមិនមានដំណើរការវិនិយោគអ្វីទាំងអស់ និងមានប្រហែល៨០% ត្រូវអាជ្ញាធរខេត្តលុបចោល។ ចំណែកក្រុមហ៊ុនសីលា ដាម៉ិច បានធ្វើវិនិយោគដីសម្បទានសេដ្ឋ កិច្ច លើដំណាំកៅស៊ូក្នុងខេត្ដព្រះវិហារ ដោយពិតប្រាកដមិនបោកប្រាស់ដូចក្រុមហ៊ុនមួយចំនួនដែលធ្វើនំអត់ម្សៅនោះឡើយ ៕
ចែករំលែកព័តមាននេះ