ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្កាត់​​រដ្ឋ​បាល​​ព្រៃ​ឈើ​​​ស្រុក​​កៀន​ស្វាយ​​បង្ក្រាប​​ការ​​ដឹក​ជញ្ជូន​​​ឈើ​​គ្រញូង

14 ឆ្នាំ មុន

ខេត្តកណ្តាល ៖ លោក​អ៊ី ​សុភី ​នាយ​សង្កាត់​​រដ្ឋ​បាល​ព្រៃ​ឈើ​​ស្រុក​​កៀន​ស្វាយ ​បាន​ឱ្យ​ដឹងថា ​កាល​ពី​ថ្ងៃ​ទី​១៩ ឧសភា ​កន្លង​ទៅ​ថ្មីៗ​នេះ ​​​ឈើ​គ្រញូង​ជា​កំណាត់​ខ្លីៗ​មាន​ប្រវែង​ក្រោម​១​ម៉ែត្រ និង​ជាង​១​ម៉ែត្រ​​មុខ​កាត់​ទំហំ​១​តឹក និង​ក្រោម​១​តឹក ​ជា​លក្ខណៈ​​ឈើ​​ច្នៃ​​​ធ្វើ​គ្រឿង​​សង្ហា​រិម​សម្រាប់​តម្រូវ​ការ​​ទី​ផ្សារ​​នៅ​ប្រទេស​​វៀត​ណាម ចំនួន​៧០​ដុំ

ខេត្តកណ្តាល ៖ លោក​អ៊ី ​សុភី ​នាយ​សង្កាត់​​រដ្ឋ​បាល​ព្រៃ​ឈើ​​ស្រុក​​កៀន​ស្វាយ ​បាន​ឱ្យ​ដឹងថា ​កាល​ពី​ថ្ងៃ​ទី​១៩ ឧសភា ​កន្លង​ទៅ​ថ្មីៗ​នេះ ​​​ឈើ​គ្រញូង​ជា​កំណាត់​ខ្លីៗ​មាន​ប្រវែង​ក្រោម​១​ម៉ែត្រ និង​ជាង​១​ម៉ែត្រ​​មុខ​កាត់​ទំហំ​១​តឹក និង​ក្រោម​១​តឹក ​ជា​លក្ខណៈ​​ឈើ​​ច្នៃ​​​ធ្វើ​គ្រឿង​​សង្ហា​រិម​សម្រាប់​តម្រូវ​ការ​​ទី​ផ្សារ​​នៅ​ប្រទេស​​វៀត​ណាម ចំនួន​៧០​ដុំ ​​ត្រូវ​បាន​​សមត្ថ​កិច្ច​ចាប់រឹប​អូស​ ខណៈ​​​មាន​ជន​មិន​ស្គាល់​មុខ​​មួយ​ក្រុម​​បាន​លប​លួច​ដឹក​តាម​រថយន្ត​តាក់​ស៊ី​មិន​ស្គាល់​ម៉ាក​​ មក​ទម្លាក់​​ចោល​​ក្នុង​គុម្ព​​​ត្រែង​នៅ​មាត់​ច្រាំង​ទន្លេ​មេគង្គ ។

លោក​នាយ​សង្កាត់​​រដ្ឋ​បាល​ព្រៃ​ឈើ​​បន្ត​ទៀត​ថា ​នេះ​ជាករណី​ទី​៥​ហើយ ​ដែល​មាន​ការ​លួច​ទម្លាក់​​​ឈើ​នៅ​មាត់​ច្រាំង​ទន្លេ​​នៅក្នុង​​​ភូមិ​កណ្តាល ឃុំ​បន្ទាយ​ដែក ​ស្រុក​កៀន​ស្វាយ ​តែ​ក្នុងពេល​​ពួក​គេ​កំពុង​ទម្លាក់​ឈើ​ប្រណីត​​រួច​​នាំគ្នា​​សែង​ទៅ​មាត់​ច្រាំង​ទន្លេ​​​លាក់​ក្នុង​គុម្ព​​ត្រែង​​​នោះ ក៏​ត្រូវ​ភ្នាក់ងារ​យើង​ប្រទះ​ឃើញ​រាយ​ការណ៍​មក​រូប​លោក ។ ​ពេល​នោះ​​លោក​ក៏​បាន​ចាត់​​មន្ត្រីរដ្ឋ​បាល​ព្រៃ​ឈើ​​​ក្រោម​ឱវាទ​​ឱ្យ​​​ប្រញាប់​ធ្វើ​ដំណើរ​​ទៅ​​ចំណុច​នោះ​ជា​បន្ទាន់។ ​​ប៉ុន្តែ​ដោយ​​សារ​​ផ្លូវ​ឆ្ងាយ​ និង​ស្ទះ​​ចរា​ចរណ៍​ផង​​ធ្វើ​​ឱ្យ​ការ​ធ្វើ​ដំណើរ​​របស់​លោក និង​មន្ត្រី​ក្រោម​ឱវាទ​ទៅ​ដល់​ទី​នោះ​​រាងយឺត​ពេល​បន្តិច​ ជា​ឱកាស​ល្អឱ្យ​អ្នក​ទម្លាក់​ឈើ​​គ្រញូង​ទាំង​នោះ​គេច​ខ្លួន​បាត់​អស់​។

លោក​បន្តថា តាម​លក្ខណៈ​បច្ចេក​ទេស​​នៃ​ការ​​លាក់​ទុក​នេះ​ បើ​មិន​មែន​ជា​សមត្ថ​កិច្ច​ក៏​មិន​ចាប់​អារម្មណ៍​ដែរ ​ព្រោះជន​ប្រព្រឹត្ត​​បទ​ល្មើស​ព្រៃ​ឈើ​​នេះ មានល្បិច​​កល​ខ្ពស់​ណាស់បាន​ជា​ពួក​គេ​យក​ចំណុច​ច្រាំង​ទន្លេ​​​​ដែល​មាន​ដើម​ត្រែង​ខ្ពស់ៗ​ធ្វើ​ជា​កន្លែង​​​លាក់ឈើ​គ្រញូង​ដ៏​មាន​តម្លៃ​របស់​គេ។ ​ក្រោយ​ពី​​រក​ឃើញ​​ឈើ​ទាំង​នោះ​ហើយ​លោក​បាន​ឱ្យ​កម្លាំង​ដឹក​ជញ្ជូន​​យក​​មក​រក្សា​ទុក​នៅ​ទីស្នាក់​ការ​​បណ្តោះ​អាសន្ន​​ និង​រាយ​ការណ៍​​ជូន​ថ្នាក់​លើ​ជា​បន្ទាន់​​ ។ ​លោក​បាន​និយាយថា ក្រុម​ឈ្មួញ​រក​ស៊ី​ឈើខុស​ច្បាប់​នេះ ក្រោយ​ពី​ដឹង​ថា ​​ឈើ​​របស់​គេ​ត្រូវ​សមត្ថ​កិច្ច​របស់​លោក​ចាប់​រឹប​អូស​យក ​ពួក​គេ​បាន​បើក​​រថយន្ត​ម៉ាក​វីហ្គោ​​ក្រឡឹង​ឆ្វែល​ចុះ​ឆ្វែល​ឡើង ហើយ​លប​លួច​សួរ​រក​លំនៅ​ឋាន​​របស់​លោក​​​ទៀត​ផង។ ករណី​នេះទំនង​ជា​​ពួក​គេ​មាន​បំណង​អាក្រក់​​​មក​លើ​រូប​លោក​ក៏​មិន​ដឹង ទើប​​លោក​បាន​រាយ​ការណ៍​ជា​បន្ទាន់​ទៅ​ថ្នាក់​លើ​ និង​យក​កម្លាំង​សមត្ថ​កិច្ច​ពិសេសៗ​ជា​ច្រើន​នាក់​​មក​ស្ទាក់​ចាប់ និង​​ការ​ពារ​សុវត្ថិ​ភាព​ផ្ទាល់​​ខ្លួន ។ ​ពេល​ដឹង​ថា​មាន​សមត្ថ​កិច្ច​ស្ទាក់​ចាប់​ ពួក​គេ​ក៏​​បាន​បើ​ក​រថយន្ត​នោះ​គេចខ្លួន​បាត់​ទៅ​ ។

លោក​​នាយ​សង្កាត់​​ព្រៃ​ឈើ​ឱ្យ​ដឹង​ទៀត​ថា ​អំឡុង​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១០ មក​ដល់​ខែ​ឧសភា ​ឆ្នាំ​២០១១ ​នេះ លោក​បាន​ស្ទាក់​ចាប់​បទ​ល្មើស​​ព្រៃ​ឈើ​​បាន​៥​ករណី​​ ហើយ​ករណី​ខ្លះ​​មាន​ទាំង​រថយន្ត​ទៀត​ផង។ ចំពោះ​​គំនរ​ឈើ​គ្រញូង​ដែល​ចាប់​បាន​ទាំង​៥​ករណី​​នេះ​លោក​បាន​រាយ​ការណ៍​ទៅស្ថាប័នតុលា​ការ​​ដើម្បី​​ធ្វើការ​សម្រេច ៕