រាជធានីភ្នំពេញ ៖ នគរបាលខណ្ឌពោធិ៍សែនជ័យ បានត្រៀមរៀបចំសំណុំរឿងបញ្ជូនមុខសញ្ញាជាចោ.រលួ.ចរថយន្តម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការចោទប្រកាន់ជាផ្លូវការ និងឃុំខ្លួនជាបណ្តោះសន្ន ដោយរង់ចាំបើកសវនាការផ្តន្ទាទោសទៅតាមផ្លូវច្បាប់។
ជនសង្ស័យខាងលើនេះមានឈ្មោះ សាត់ សារិកា ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៧៥៦ ផ្លូវលំ ស្ថិតក្នុងភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួននៅវេលាម៉ោង២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ដោយមានសារធាតុញៀ.នប្រភេទមេតំហ្វេតាមីន) ថែមទៀតផង។
បើតាមដំណើររឿងនៃការចាប់ខ្លួនមុខសញ្ញាចោ.រលួ.ចរថយន្តខាងលើនេះ ត្រូវបានសមត្ថកិច្ចប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចមុខផ្ទះលេខ៨១C ផ្លូវលេខ៣ ក្រុមទី៥ ស្ថិតនៅបុរីសន្តិភាព២ ក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីចោ.រលួ.ចរថយន្តរបស់ប្រជាពលរដ្ឋ១គ្រឿង បង្កឡើងដោយជនសង្ស័យម្នាក់ស្លៀកពាក់ស៊ីវិល មធ្យោបាយថ្មើជើង។
ចំណែករថយន្តដែលចោ.រលួ.ចទៅនោះ ម៉ាកកាមរីឆ្លាម (CAMARY LE) ពណ៌ទឹកមាស ផលិតឆ្នាំ១៩៩៩ ពាក់ស្លាកលេខ ភ្នំពេញ2L-8029 ជាកម្មសិទ្ធិរបស់ឈ្មោះ ហុង សុវណ្ណៈ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរលក់ដូរ ផ្ទះលេខ៨១C ផ្លូវលេខ៣ ក្រុមទី៥ ស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បើតាមសមត្ថកិច្ច បានឲ្យដឹងបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានបើករថយន្តដឹកប្រពន្ធនិងកូនទៅចូលរួមកម្មពិធីរៀបអាពាហ៍ពិពាហ៍បងប្អូន នៅបុរីធូលន ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ លុះចប់កម្មវិធីជនរងគ្រោះបានជូនប្រពន្ធ និងកូនមកផ្ទះវិញ ដោយពន្លត់ម៉ាស៊ីន រួចចតថយន្តនៅខាងមុខផ្ទះ ដោយដាក់កូនសោនៅក្នុងរថយន្តនោះ ដើម្បីចុះទៅបើកទ្វារផ្ទះឲ្យប្រពន្ធនិងកូនចូលសម្រាក។
សមត្ថកិច្ចបន្តថា ខណៈពេលជនរងគ្រោះកំពុងតែជាប់រវល់ជាមួយប្រពន្ធនិងកូននៅក្នុងផ្ទះ ស្រាប់តែមានជនសង្ស័យម្នាក់ដើរចេញពីម្ដុំក្បែរនោះ ចូលទៅក្នុងរថយន្ត និងកាច់សោបញ្ឆេះក្នុងគោលបំណងលួ.ចយករថយន្តនោះរត់គេចខ្លួន។ តែត្រូវអ្នកស្រី ខុក វួចហេង ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ បានពេលឮសំឡេងគេបញ្ឆេះរថយន្តដូច្នេះ ក៏ងាកទៅមើល ស្រាប់តែឃើញចោ.របម្រុងបើករថយន្តចេញទៅ អ្នកស្រីក៏ស្ទុះទៅចាប់ទាញទ្វាររថយន្ត ដើម្បីឲ្យជនសង្ស័យឈប់ តែជនសង្ស័យមិនព្រមឈប់នោះទេ និងព្យាយាមបើករត់គេចខ្លួនទៀត។ ខណៈពេលនោះ អ្នកស្រីជាប្រពន្ធរបស់ជនរងគ្រោះ ក៏បានដួល បណ្ដាលឱ្យរងរបួសរលាត់ក្បាលជង្គង់ទាំងសងចេញឈា.មតែម្ដង ។
សមត្ថកិច្ចបន្តថា ខណៈពេលជនសង្ស័យបើករថយន្តរត់គេចខ្លួនចេញពីកន្លែងកើតហេតុនោះ ជនរងគ្រោះ និងបងប្អូនបាននាំគ្នាជិះម៉ូតូដេញតាម ប៉ុន្តែតាមមិនទាន់។ បន្ទាប់មក ជនរងគ្រោះក៏ទៅដាក់ពាក្យបណ្តឹងប្តឹងនៅទីស្នាក់ការប៉ុសិ៍្តនគរបាលរដ្ឋបាលចោមចៅទី២ ដើម្បីឱ្យសមត្ថកិច្ចនគរបាលជួយធ្វើការស្រាវជ្រាវ និងអន្តរាគមន៍ ដើម្បីស្វែងរកចាប់ខ្លួនមុខសញ្ញាលួ.ចរថយន្តនោះមកវិញ។
ក្រោយពេលទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះភ្លាម កម្លាំងសមត្ថកិច្ចនគរបាលជំនាញផ្នែកព្រហ្មទណ្ឌ ក៏បានប្រកាសតាមវិទ្យុទាក់ទងប្រាប់ទៅតាមបណ្តាប៉ុសិ៍្ត និងអធិការនគរបាលខណ្ឌចំណុះ ឲ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជួយពិនិត្យមើលភិនភាគរថយន្ត ដែលជនសង្ស័យបានលួ.ចនោះ ។
ដោយអនុវត្តតាមការចង្អុលបង្ហាញពីលោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ លុះជិត៣ម៉ោងក្រោយមក កម្លាំងល្បាតនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា បានប្រទះឃើញមុខសញ្ញាកំពុងតែបើករថយន្តដែលលួ.ចនោះ នៅចំណុចមុខឃ្លាំងរបស់ក្រុមហ៊ុន «អូស៊ីអាយស៊ី(OCIC)» សមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួនជនសង្ស័យ និងរថយន្តតែម្ដង រួចប្រគល់ឲ្យនគរបាលចោមចៅ២ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីអនុវត្តតាមនីតិវិធីនៃច្បាប់បន្តទៀត៕
ចែករំលែកព័តមាននេះ