ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ផ្កាយ​៣ កឹ​ម ជាតិ អស់តំណែង​ពី​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ក្រោយ​ក្រុមហ៊ុន​មួយ​ប្តឹង​ទាមទារ​ប្រាក់​១០​ម៉ឺន​ដុល្លារ និង​ស្រា​៤៨​ដប

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ នៅ​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៣ ត្រាស់​បង្គាប់ បញ្ចប់​មុខ​តំណែង​ឧត្តមសេនីយ៍ឯក គឹ​ម ជាតិ ពី​អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០២៣ ក្រុមហ៊ុន ឈី​វ ទី​ម៉ិច គ្រុប ដែល​ជា​ក្រុមហ៊ុន​ផលិត ស្រា​ចំរុះ និង​ប្រេងកូឡា ប្រេងខ្យល់ បាន​ដាក់​ពាក្យបណ្ដឹង​ប្ដឹង​ក្រុមការងារ​របស់​អង្គភាព​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ផលិតផល​ក្លែងក្លាយ ដែល​ដឹកនាំ​ដោយ​លោក គឹ​ម ជាតិ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ផលិតផល​ក្លែងក្លាយ ទៅ​អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ លើ​ករណី​ទាមទារ​ប្រាក់​ចំនួន $100,000 (​ដប់​ម៉ឺន ដុល្លារ​អា​មេ​រិ​ក​) ជា​ថ្នូរ​នឹង​ការ​បើក​អោយ​ដំណើរការ​អាជីវកម្ម​ធម្មតា​វិញ ។

យោង​តាម​ពាក្យបណ្ដឹង​របស់​មេធាវី​តំណាង​ឲ្យ​ក្រុមហ៊ុន ឈី​វ ទី​ម៉ិច គ្រុប បាន​លើក​ឡើង​ថា កាលពី​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២១ មាន​ក្រុម​ប្រតិបត្តិការ​របស់​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ មួយ​ក្រុម​ដឹកនាំ​ដោយ​លោក គឹ​ម ជាតិ អនុ​រដ្ឋ​លិ​ខា​ធិ​ការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​បាន​ចូល​មក​ក្នុង​ទីតាំង​ឃ្លាំង​ស្រា ស្របច្បាប់​របស់​ក្រុមហ៊ុន ដោយ​ចោទប្រកាន់​ថា ផលិតផល​របស់​ក្រុមហ៊ុន​មាន​ដូច​ជា ស្រា​ចំរុះ និង​ប្រេងកូឡា ប្រេងខ្យល់ មិន​ស្របច្បាប់ ហើយ​តម្រូវ​អោយ​ដកហូត​ស្រា​មួយ​ចំនួន​ទៅ​ពិនិត្យ និង​តម្រូវ​អោយ​បិទ​សៀ​ល​លើ​ទ្វារ​ឃ្លាំង​មិន​អោយ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​បាន និង​ទាមទារ​ប្រាក់​ចំនួន $100,000 (​ដប់​ម៉ឺន ដុល្លារ​អា​មេ​រិ​ក​) ជា​ថ្នូរ​នឹង​ការ​បើក​អោយ​ដំណើរការ​អាជីវកម្ម​ធម្មតា​វិញ​។

ក្នុង​ពាក្យបណ្ដឹង​បន្ថែម​ថា ដោយ​ខ្លាច​រាំងស្ទះ​ដល់​ដំណើរការ​អាជីវកម្ម ក្រុមហ៊ុន​ក៏​បាន​យល់ព្រម​ប្រគល់​សាច់ប្រាក់​សុទ្ធ អោយ​ក្រុម​លោក គឹ​ម ជាតិ តាម​ការ​ទាមទារ​នៅ​ល្ងាច​ថ្ងៃ​ដដែល និង​បង្គាប់​អោយ​អ្នកតំណាង​ក្រុមហ៊ុន​ផ្តិត​មេដៃ​ព្រម​ទទួល​លើ​កិច្ចសន្យា​ស្នើ​សុំ​កែប្រែ​កំហុស ដោយ​លើ​លិខិត​នោះ ពុំ​មាន​ចុះ​លេខ​ចេញ​របស់​លេខាធិកា​ដ្ឋា​ន​ជា​ផ្លូវការ​ឡើយ ។

ក្នុង​ពាក្យបណ្ដឹង​ដដែល ក៏​បាន​ស្នើ​សុំ​អោយ​លោក គឹ​ម ជាតិ ប្រគល់​ស្រា​ចំនួន 48​ដប ដែល​បាន​ដកហូត​អោយ​ក្រុមហ៊ុន​វិញ​។ ស្នើ​សុំ​អោយ​លោក គឹ​ម ជាតិ ប្រគល់​ប្រាក់​ចំនួន $100,000 (​ដប់​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​) អោយមក​ក្រុមហ៊ុន​កូនក្ដី​វិញ​។ សុំ​អោយ​លោក អគ្គាធិការ មាន​វិធានការ​ផ្លូវច្បាប់​ចំពោះ​លោក គឹ​ម ជាតិ ដែល​បាន​ប្រព្រឹត្ត​កំហុស​ធ្វើ​អោយ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ក្រុមហ៊ុន ក៏​ដូច​ជា​ប្រជាជន​ទូទៅ ។

ពាក់ព័ន្ធនឹងពាក្យបណ្ដឹងខាងលើនេះ បើតាម​លោក ទូច សុខៈ អ្នកនាំពាក្យ​រង នៃ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​៨ ធ្នូ​ ថា ពាក្យបណ្ដឹង​នេះ គឺ​អគ្គាធិការដ្ឋាន​នៃ​ក្រសួងមហាផ្ទៃ​បាន​ទទួល​ហើយ និង​បាន​ពិនិត្យ​ទៅ​លើ​ខ្លឹមសារ​នៃ​ពាក្យបណ្ដឹង​នេះ​ដើម្បី​យក​មក​ពិនិត្យ​ពិចារណា ។

អ្នកនាំពាក្យ​រង នៃ​ក្រសួងមហាផ្ទៃ បន្ថែម​ថា បន្ទាប់​ពី​ពិនិត្យ​លើ​ពាក្យបណ្ដឹង​នេះ​ហើយ អគ្គាធិការដ្ឋាន​ក្រសួងមហាផ្ទៃ បាន​ស្នើ​សុំ​គោល​ការ​ឯកភាព​ពី​លោក ស សុខា ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​បញ្ជូន​ទៅ​ស្ថាប័ន​ជំនាញ​ចំណុះ​ក្រសួងមហាផ្ទៃ ពោល​គឺ​ទៅ​កាន់​នគរបាល​យុត្តិធម៌ ដើម្បី​ខាង​នគរបាល​យុត្តិធម៌​ប្រើ​ជំនាញ និ​តិ​វិធី និង​ច្បាប់​ក្នុង​ការ​ស៊ើបអង្កេត​បន្ត​ទៀត ដោយសារ​ពាក្យបណ្ដឹង​នេះ មើលទៅ​ពាក់ព័ន្ធ​ករណី​ព្រហ្មទណ្ឌ​ច្រើន​ជាង​ការ​អនុវត្ត​តួនាទី​ភារកិច្ច​បែបបទ​រដ្ឋបាល អ៊ីចឹង​ទេ រឿង​នេះ​បាន​ចាត់ចែង​ទៅ​តាម​ជំនាញ​រួច​ហើយ ប៉ុន្តែ​លទ្ធផល​យ៉ាងណា​នោះ យើង​មិន​អាច​ដឹង​បាន​ភ្លាម​ៗ នៅឡើយ​ទេ ដោយ​ត្រូវការ​ពេលវេលា ក្នុង​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ភាគី​ពាក់ព័ន្ធ​ដើម្បី​ធ្វើការ​សម្រេច​មួយ​ដោយ​មាន​របាយការណ៍​គោរព​លោក​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ចាត់ចែង​បន្ត ៕