ខេត្តស្ទឹងត្រែង ៖ ហេតុការណ៍បង្កការភ្ញាក់ផ្អើលពេញបណ្តាញសង្គម រឿងចាប់អ្នកចូលរួមដេញថ្លៃចំណតរថយន្តនៅខេត្តស្ទឹងត្រែង ត្រូវបានប្រភពគណនីហ្វេសប៊ុកមួយលើកឡើងថា ដោយសារចំណតរថយន្តខេត្តស្ទឹងត្រែងនេះ គ្រប់គ្រងដោយគ្រួសារ សាច់ញាតិ លោក ខេង ទិត្យសីហា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តស្ទឹងត្រែងច្រើនទសវត្សមកហើយ ។

ការភ្ញាក់ផ្អើលនេះ នៅពេលមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្ទឹងត្រែងរៀបចំពិធីដេញថ្លៃភាស៊ីគ្រប់ប្រភេទក្នុងខេត្តស្ទឹងត្រែង សម្រាប់ការធ្វើអាជីវកម្មឆ្នាំ២០២៤ នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ។ តាមឯកសារដាក់ពាក្យចូលដេញថ្លៃរបស់លោក ជា គួង មានឯកសារចូលរួមដេញថ្លៃក៏ដោយ បើសិនលោកជា គួង មិនមានលក្ខណ:គ្រប់គ្រាន់ចូលរួមដេញថ្លៃ ហេតុអីទទួលពាក្យគាត់ចូលរួមដេញថ្លៃ?

ទោះបីយ៉ាងណា ក្នុងពេលដេញភាស៊ីនៅមន្ទីរហិរញ្ញវត្តុខេត្តស្ទឹងត្រែងកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣កន្លងមក លោក ខេង ទិត្យសីហា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានបញ្ជាក់ថា ឈ្មោះជា គួង ដែលបានមកទិញពាក្យចូលដេញថ្លៃគណៈកម្មការថ្នាក់ខេត្ត មិនបានអនុញ្ញាតឱ្យដេញថ្លៃទេ ព្រោះកន្លងមកឈ្មោះនេះធ្វើការអនុវត្តការងារភាស៊ីក្នុងខេត្តមិនមានភាពប្រក្រតី ដូចជាផ្នែកកុងស៊ីសត្តឃាត និងការវិនិយោគផ្នែកបរិស្ថានក្នុងខេត្តជាដើម ទើបក្រុមគណៈកម្មការចម្រុះថ្នាក់ខេត្តសម្រេចមិនឱ្យចូលដេញថ្លៃព្រោះកន្លងមក បានបង្កភាពលំបាករួចមកហើយ ។

លោក ស៊ី សួន អភិបាលរងខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថា ចំពោះអាជីវករមិនបានចូលដេញថ្លៃព្រោះគណៈកម្មការបានកំណត់គោលការណ៍ច្បាស់លាស់មិនអាចធ្វើទៅតាមតែការចង់បាននោះទេ ព្រោះវាបង្កផលលំបាកនិងធ្វើឱ្យមានភាពស្មុគ្រស្មាញ និងប៉ះពាល់ដល់ផ្នែកសន្តិសុខក្នុងខេត្តទើបគណៈកម្មការចម្រុះសម្រេចមិនឱ្យឈ្មោះជាគួងចូលដេញថ្លៃរឿងភាស៊ីនៅខេត្តស្ទឹងត្រែងនេះ ។

លោក ជា គួង អាជីវករ ត្រូវសមត្ថកិច្ចនាំខ្លួនចេញពីបរិវេណដេញថ្លៃភាស៊ីនេះបានបញ្ជាក់ថា លោកមកដាក់ពាក្យដេញថ្លៃភាស៊ីបេនឡាននៅស្ទឹងត្រែងនេះ គឺមានបំណងល្អចង់ឱ្យបានចំណូលខ្ពស់ចូលរដ្ឋតែ ប៉ុណ្ណោះ មិនត្រូវយករឿងចាស់ មកកកូរកកាយ បង្កឱ្យមានបញ្ហានិងហាមឃាត់មិនឱ្យដេញថ្លៃនោះទេ។ លោក ជា គួង បានសំណូមពរឱ្យ គណៈអភិបាលខេត្តស្ទឹងត្រែង ពិនិត្យរឿននេះឡើងវិញដើម្បីជួយរកថវិកាជួនជាតិឱ្យមានភាពរីកចម្រើន និងធ្វើឱ្យការដេញថ្លៃភាស៊ីនេះមានភាពសុក្រិត្យផងដែរ ។
មានព័ត៌មានបន្ថែម កោះសន្តិភាពផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ