ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រសិទ្ធនាមឈ្មោះផ្លូវ​បេតុង​ចំនួន​ ២ខ្សែ ​តភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ​៦ ទៅមហាវិថី​វិមានឈ្នះឈ្នះ​ទៅអោយឥស្សរជន ២រូប​របស់​ឥណ្ឌូណេស៊ី​ ​

4 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​៖​ ក្នុង​ជំនួបជា​មួយលោក សាន់តូ ជាម៉ូស៊ូម៉ាតូ (H.E Mr.Santo Damosumarto) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណា​ចក្រ​កម្ពុជា…

រាជធានីភ្នំពេញ​៖​ ក្នុង​ជំនួបជា​មួយលោក សាន់តូ ជាម៉ូស៊ូម៉ាតូ (H.E Mr.Santo Damosumarto) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណា​ចក្រ​កម្ពុជា នៅសាលារាជធានីភ្នំពេញ​ រសៀលថ្ងៃទី១៤ធ្នូឆ្នាំ២០២៣​ នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​ បានលើកឡើងពីរបបប៉ុលពត ដែលធ្វើឱ្យរាជធានីភ្នំពេញ ធ្លាក់ដល់ចំណុចសូន្យ តែក្រោយឆ្នាំ១៩៧៩ ក្រោយការរំដោះប្រទេសជាតិ និងក្រោមការដឹកនាំ​របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឲ្យទីក្រុងមួយនេះ មានការអភិវឌ្ឍ​រីកចម្រើន រហូតមកដល់បច្ចុប្បន្ន។ ​

លោក​ ឃួង​ ស្រេង​ បានបញ្ជាក់​ថា​ ការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា គឺពិតជាបានមកពីការរួម​ចំណែក​ស្វែងរកសន្តិភាពពីសំណាក់ឥស្សរជនកំពូលៗរបស់សាធារណរដ្ឋ​ឥណ្ឌូនេស៊ី នោះគឺលោក ស៊ូកាណូ(Soekano) និងលោក អាលី អាឡាតាស(Ali Alatas)។ ដូច្នេះ​ដើម្បីតបស្នងសងគុណ ចំពោះឥស្សរជនទាំងពីរ សម្ដេចតេជោ ហ៊ុន សែន បានប្រសិទ្ធនាម ផ្លូវចំនួន ២ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ៦ រហូតដល់មហាវិថីឈ្នះ-ឈ្នះ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលខ្សែទី១ ផ្លូវបេតុងអារម៉េប្រវែង៦ ២០១ម៉ែត្រ ទទឹងប្រវែង ១៥ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦ រហូតដល់គល់ស្ពាន ព្រែកព្នៅ ជា “មហាវិថី ស៊ូកាណូ” (Soekano Boulevard) និងខ្សែទី២ ផ្លូវបេតុងម៉េប្រវែង៥ ៣៥៤ម៉ែត្រ ទទឹងប្រវែង ១៥ម៉ែត្រ ចាប់ពីផ្លូវខ្សែទី១ ក្បែរទីតាំងស្ពានព្រែកតាសេក រហូតដល់រង្វង់មូលមហាវិថីឈ្នះ-ឈ្នះ ជា “មហាវិថី អាលី អាឡាតាស់” (Ali Alatas Boulevard)។ ឈ្មោះផ្លូវទាំងពីរខ្សែនេះ នឹងសម្ពោធជាផ្លូវការ នៅពេលខាងមុខនេះ។​

លោក​បន្ត​ថា​ រដ្ឋបាលរាជធានីភ្នំពេញ និងសហការជាមួយស្ថានទូតឥណ្ឌូនេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដោយរក្សា​សន្តិសុខជូនស្ថានទូតឲ្យបានល្អ នឹងការរៀបចំសណ្ដាប់ធ្នាប់អនាម័យបរិស្ថាន នៅជុំវិញជុំវិញស្ថានទូតនេះ ជាមួយនឹងការជួសជុលហេដ្ឋារចនាសម្ព័ន្ធ នៅជុំវិញស្ថានទូតទៅតាមការស្នើឡើងរបស់លោក សាន់តូ ជាម៉ូស៊ូម៉ាតូ។ ​

លោក សាន់តូ ជាម៉ូស៊ូម៉ាតូ​ បានថ្លែងអំណរគុណចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលបានជួយសម្រួលប្រតិភូ ក្នុងរៀបចំវេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាល​រាជធានីភ្នំពេញ និងរដ្ឋធានី អាស៊ាន ក្រោមប្រធានបទ «ការពង្រឹងកិច្ចសហការអាស៊ាន តាមរយៈការជំរុញ ការកសាងទីក្រុងឆ្លាតមានភាពធន់ និងមានចីរភាព ប្រកបដោយបរិវត្តកម្ម និងបរិយាប័ន្ន តាមគន្លងប្រក្រតីភាពថ្មី» កាលពីថ្ងៃទី ០២- ០៣ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ សុខា ភ្នំពេញ។ ​

លោក​បានស្នើសុំឲ្យរដ្ឋបាលរាជធានីភ្នំពេញ ជួយការពារពលរដ្ឋឥណ្ឌូនេស៊ី នៅរាជធានីភ្នំពេញ ជាង ២០០០នាក់ ដែលគ្រោងនឹងបោះឆ្នោតសកល នៅខែកុម្ភៈខាងមុខនេះ។ ​

លោក សាន់តូ ជាម៉ូស៊ូម៉ាតូ​ សុំអោយ​ជំរុញការចុះ MoU ជាទីក្រុងសម្ព័ន្ធមេត្រី រវាងរដ្ឋធានី រាជធានីភ្នំពេញ និងកោះសូម៉ាត្រា ឲ្យបានលឿន​ និង​សុំឲ្យរដ្ឋបាលរាជធានីភ្នំពេញ ជួយរៀបចំសណ្ដាប់ធ្នាប់អនាម័យបរិស្ថាន នៅជុំវិញស្ថានទូតផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ