រាជធានីភ្នំពេញ ៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ៣តោន ពាក់ស្លាកលេខ 3A-2589 ដែលគេសង្ស័យផ្ទុកឈើពេញក្នុងរថយន្តនោះបានបោលទៅបុកម៉ូតូ៣គ្រឿង ពីក្រោយក្នុងទិសដៅស្របគ្នាបណ្តាលឱ្យស្លាប់មនុស្សម្នាក់នៅនឹងកន្លែងដោយកិនបែកក្បាលធ្លាយខួរ និងមនុស្ស២នាក់ទៀតរងរបួសធ្ងន់ កាលពីនៅវេលាម៉ោង៧ព្រឹកថ្ងៃទី២៤ ឧសភា ២០១១ លើកំណាត់ផ្លូវ២៧១ ត្រង់ចំណុចភូមិបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (នៅទល់មុខផ្សារហេងលី) ។
តាមព័ត៌មានពីមន្ត្រីសមត្ថកិច្ចនៅកន្លែងកើតហេតុថា គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយសារភាគីរថយន្តនេះគឺបើកបរក្នុងល្បឿនលឿនហាក់បីដូចជាស្លន់ស្លោ ព្រោះនៅក្នុងរថយន្តគេសង្ស័យផ្ទុកឈើយ៉ាងពេញ ហើយហ៊ុមព័ទ្ធកំណាត់យ៉ាងជិតថែមទៀតផង ។ រថយន្តនេះមិនបើកបរតាមសម្រួលទេ បើទោះជាផ្លូវចង្អៀតយ៉ាងណាក៏ដោយ គឺគេនៅតែបើករុកទៅមុខរហូត…ជាក់ស្តែងពេលបុកម៉ូតូ គឺជនរងគ្រោះស្រែកថា បុកខ្ញុំហើយ កុំទៅមុខទៀត បើទៅមុខទៀតកិនខ្ញុំហើយ…និយាយមិនទាន់ចប់ស្រួលបួលផង ស្រាប់តែឡានធំនេះនៅតែរុលទៅមុខទៀត រហូតបុកម៉ូតូ៣គ្រឿង និងកិនមនុស្សស្លាប់ទាល់តែបាន ។
ការដឹកឈើរត់នេះទៀតសោត ធ្វើឱ្យអ្នកបើកបររថយន្តភ័យខ្លាចសមត្ថកិច្ចដេញតាម ក៏បោកបុកម៉ូតូចំនួន៣គ្រឿង ដែលកំពុងធ្វើចរាចរណ៍ស្របទិសគ្នាពីជើងទៅត្បូង ។ ចំពោះអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដោយសារភាគីជនរងគ្រោះចាប់ប្រគល់ឱ្យ ។ ចំពោះម៉ូតូ៣គ្រឿងគឺម៉ូតូ C125 ពណ៌ខ្មៅ របស់ជនរងគ្រោះត្រូវខូចខាតជាទម្ងន់។ ម៉ូតូ C100 កូរ៉េ និងវ៉េវ បានខូចខាតដូចគ្នា ។
ចំពោះជនរងគ្រោះស្លាប់ គេពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយស្គាល់អត្តសញ្ញាណតែអ្នករងរបួសតែប៉ុណ្ណោះ ឈ្មោះលី ប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជិះម៉ូតូ C100 កូរ៉េ ចំណែកអ្នកជិះម៉ូតូវ៉េវក៏អត់ស្គាល់ឈ្មោះដែរ ព្រោះគាត់ប្រញាប់ទៅព្យាបាលរបួស។ រថយន្ត និងម៉ូតូត្រូវប៉ូលិសខណ្ឌសែនសុខយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខរង់ចាំការដោះស្រាយ ៕
ចែករំលែកព័តមាននេះ