ខ្យល់ព្យុះកំបុតត្បូងដ៏មានឥទ្ធិពលដែលវាយបក់បោកលើក្រុង Joplin ក្នុងរដ្ឋមីស៊ូរី ភាគកណ្តាលសហរដ្ឋអាេមរិក កាលពីប៉ុន្មានថ្ងៃកន្លងមក បណ្តាលឱ្យស្លាប់មនុស្ស១១៦នាក់ ហើយបណ្តាលឱ្យវិហារសាសនាអ៊ិស្លាម សាលារៀន និងផ្ទះជាច្រើនខ្នងរងការបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុង ។ ទីភ្នាក់ងារគ្រប់គ្រង និងទប់ស្កាត់ គ្រោះមហន្តរាយ និងសង្គ្រោះបន្ទាន់រដ្ឋមីស៊ូរី បានប្រកាសថាគិតត្រឹមរសៀលថ្ងៃទី២៣ ឧសភា ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះកំបុតត្បូងនេះកើនឡើងដល់១១៦នាក់ ។
មន្ត្រីរដ្ឋមីស៊ូរីនិយាយថា ចំនួនអ្នកស្លាប់នឹងកើនឡើងថែមទៀតខណៈពេលដំណើរការរុករក និងជួយសង្គ្រោះកំពុងបន្តធ្វើ ។
ខ្យល់ព្យុះនេះបានវាយបក់បោកខ្លាំងលើភាគ កណ្តាលទីក្រុង Joplin កាលពីយប់ថ្ងៃទី២២ឧសភា កន្លងមក ដោយបំផ្លាញអគារជាច្រើន ។ នាយកដ្ឋានពន្លត់អគ្គីភ័យប្រចាំតំបន់នោះប៉ាន់ស្មានថា ពី២៥ទៅ៣០ភាគរយ នៃទីក្រុង Joplin រងការខូចខាតដោយសារខ្យល់ដែលបោកបក់ក្នុងល្បឿន១៦៥ម៉ាយ ក្នុងមួយម៉ោង ។ ចំនួនអ្នករបួសដោយសារព្យុះកំបុតត្បូងនៅមិនទាន់ដឹងនៅឡើយទេ ។
អភិបាលរដ្ឋមីស៊ូរីបានប្រកាសភាពអាសន្នសម្រាប់ក្រុង Joplin ហើយអំពាវនាវឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ចំណែកលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា បានអំពាវនាវឱ្យសម្តែងសមានទុក្ខ និងរំលែកទុក្ខចំពោះគ្រួសារដែលមានសមាជិកស្លាប់បាត់បង់ជីវិតដោយសារព្យុះនេះ៕
ចែករំលែកព័តមាននេះ