ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានក្រុមប្រឹក្សា កោតសរសើររដ្ឋបាល​រាជធានីភ្នំពេញ ដែលរៀបចំប្រារព្ធព្រះរាជ ពិធីបុណ្យអុំទូក បានយ៉ាងល្អប្រសើរ ​

4 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​៖​ កិច្ចប្រជុំសាមញ្ញលើកទី៥៥ របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ម៉ប់ សារិន…

រាជធានីភ្នំពេញ​៖​ កិច្ចប្រជុំសាមញ្ញលើកទី៥៥ របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងកោតសរសើររាជរដ្ឋាភិបាល និង​គណៈអភិបាលរាជធានីភ្នំពេញ មន្រ្តីរាជការ អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ កងកម្លាំងគ្រប់លំដាប់ថ្នាក់ ក៏ដូចជាថ្នាក់ដឹកនាំ គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ និងបណ្តាក្រុមហ៊ុនឯកជន ដែលបានសហការគ្នាល្អ រៀបចំប្រារព្ធព្រះរាជ​ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង​សំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ នៅរាជធានីភ្នំពេញ ធានាបាននូវការថែរក្សា ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ ការការពារ សុវត្ថិភាពបានល្អប្រសើរ ជាមួយនឹងការអញ្ជើញចូលរួមទស្សនាកម្សាន្តពីសំណាក់ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ មាន​ចំនួនរហូតដល់ជាង ៥លាននាក់ចូលរួមអបអរសាទរ សប្បាយរីករាយ ដោយមិនមានការបារម្ភពីបញ្ហា​សន្តិសុខ សុវត្ថិភាពអ្វីឡើយ ដែលញ៉ាំងឱ្យពិធីបុណ្យនេះ ប្រព្រឹត្តទៅ ដោយ​រលូន និងមានភាពអធិកអធម សប្បាយរីករាយ ធ្វើឱ្យរាជធានីភ្នំពេញកាន់តែមានមុខមាត់ មានកិត្យានុភាព ហើយ​អំណោយផលដល់វិស័យ​ទេសចរណ៍។

ឯកឧត្តមបញ្ជាក់ថា នេះជាការឆ្លុះបញ្ចាំងអំពីតថភាព ជាក់ស្ដែង នៃការអភិវឌ្ឍរបស់​កម្ពុជា ហើយក៏ជា​ជោគជ័យ និងមោទនភាពមួយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែល ដឹកនាំដោយ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់ត្រជាក់ នៃសន្តិភាព។ ប្រជាជន បានកោតសរសើរដោយស្មោះ ចំពោះរាជរដ្ឋាភិបាល ក្រោមការដឹកនាំបន្តវេនប្រកបដោយថាមពល និងភាពស្វាហាប់របស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលគ្រាន់តែក្នុងរយៈពេល ១០០ថ្ងៃ សម្រេច​បានជោគជ័យ ក្នុងការដាក់ចេញនូវ​កម្មវិធីទាំង ០៦ចំណុច ដែលជាការរួមចំណែកលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ។

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បាន​ថ្លែងថា ក្នុងឱកាស​ព្រះរាជពិធី​បុណ្យ​អុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងរយៈពេល ៣ថ្ងៃ ៣យប់ មានប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិជាង ៥លាននាក់ មកទស្សនាកម្សាន្តសប្បាយរីករាយ ដោយមិនមានការបារម្ភ ពីបញ្ហា សន្តិសុខ សុវត្ថិភាពអ្វីឡើយ។ជាមួយគ្នានេះចំពោះកីឡាករទូក ង ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ រៀបចំឱ្យមានទីតាំងស្នាក់នៅស្រួល មានបន្ទប់ទឹក មានទីតាំង​ពិនិត្យ​សុខភាព មានទីបញ្ជាការស្រាល ដើម្បីរក្សាសន្តិសុខជូនកីឡាករ និងប្រជាពលរដ្ឋ។

ឯកឧត្តម បញ្ជាក់ថា បញ្ហាសំរាម យើងគ្រប់គ្រងការប្រមូលទុកដាក់សំរាមបានល្អប្រសើរ ជាមួយក្រុមហ៊ុន​ប្រមូលដឹកជញ្ជូនសំរាម ដោយកន្លងមក ក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងរយៈពេល ៣ថ្ងៃ ៣យប់នេះ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវប្រើប្រាស់ថវិការាប់ពាន់លានរៀល ដើម្បីបោស​សំអាត និងដឹកជញ្ជូនសំរាម តែសម្រាប់ឆ្នាំនេះ យើងបានបង្វែរថវិកានេះ ទៅជួយឧបត្ថមកងកម្លាំងវិញ។

ឯកឧត្តមបញ្ជាក់ថា អនុវត្តតាមការណែនាំពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា យើងបានបំពាក់កាមេរ៉ាសុវត្ថិភាព បង្កភាពងាយស្រួលដល់កម្លាំងមាន សមត្ថកិច្ច លើការគ្រប់គ្រងសន្តិសុខ ដែលបានធ្វើឲ្យពិធីបុណ្យជាតិដ៏ធំនេះ ដំណើរការទៅដោយ​រលូន និងទទួលបានជោគជ័យ រហូតទទួលបានការកោតសរសើរពីភ្ញៀវជាតិ និងអន្តរជាតិ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ