ខេត្តកំពត ៖ ការដកបង្គោលរបងដើម្បីបង្ខិតចេញពីផ្លូវនៅភូមិគាថាវង្សក្រោម ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស បានបណ្តាលឱ្យភាគីម្ខាងៗប្រុងផ្ទុះអំពើហិង្សាដាក់គ្នាស្ទើរតែពេញមួយថ្ងៃនាថ្ងៃទី១៩ ឧសភា ។ ភាគីទាំង២ដែលទាស់គ្នាយ៉ាងស្រួចស្រាល់នោះគឺដើមចោទឈ្មោះកែវ សៃធួន ភេទស្រី អាយុ៥៩ឆ្នាំ និងឈ្មោះកែវ គឹមហន ភេទស្រី អាយុ៥៦ឆ្នាំ ត្រូវជាបងប្អូននឹងគ្នា បានប្តឹងឈ្មោះហែម ហាន និងប្រពន្ធថា បានរំលោភបោះបង្គោលចូលដីជាផ្លូវដើរដែលជាកម្មសិទ្ធិរបស់ខ្លួន។ ផ្ទុយទៅវិញ តាមការពិនិត្យជាក់ស្តែងគឺឈ្មោះហែម ហាន បានបោះបង្គោលរបងនៅជាប់ផ្លូវដើរនោះជាយូរណាស់មកហើយ ហើយការបោះបង្គោលនោះក៏មិនមានចង្អៀតផ្លូវ ឬរថយន្តចេញចូលមិនកើតដែរ គឺផ្លូវធំគួរសម ។
សូមបញ្ជាក់ថា នៅអមផ្លូវចូលសុទ្ធតែជាដីអ្នកភូមិ ប៉ុន្តែដើមចោទទាំង២នាក់ខាងលើ គឺបានបញ្ជាឱ្យពលរដ្ឋ២គ្រួសារបង្ខិតរបងចេញពីផ្លូវចូលទៅផ្ទះរបស់ខ្លួន ហើយដោយមិនត្រូវបានបង្ខិតក៏ប្តឹងថា ឈ្មោះហែម ហាន បោះបង្គោលរំលោភចូលផ្លូវដើររបស់ខ្លួន ទើបមានការប្តឹងប្តល់គ្នារហូតដល់សាលាខេត្តកំពត ។
លោកអ៊ឹង ម៉េងហួរ អភិបាលរងខេត្ត បានសម្រេចឱ្យឈ្មោះហែម ហាន ដែលជាចុងចោទដកបង្គោលរបងចេញពីផ្លូវសាធារណៈវិញ ប៉ុន្តែភាគីខាងចុងចោទមិនព្រមដកទេ ។ ចំណែកលិខិតរបស់សាលាខត្តកំពតមួយទៀតចុះហត្ថលេខាដោយលោកហេង វុត្ថា អភិបាលរងខេត្ត បានសម្រេចឱ្យឈ្មោះហែម ហាន រុះរើរបងចេញពីផ្លូវសាធារណៈនៅថ្ងៃទី១៩ ឧសភា ឆ្នាំ២០១១ ចម្ងាយ៣០សង្ទីម៉ែត្រ (៣តឹក) តែឈ្មោះហែម ហាន មិនព្រមបង្ខិតរបងទេ ហើយអ្នកភូមិគាថាវង្សរាប់រយនាក់គាំទ្រ ។ ក្នុងពាក្យបណ្តឹងរបស់ដើមចោទបានសរសេរថា ឈ្មោះហែម ហាន បានធ្វើរបងរំលោភចូលផ្លូវដើរជាកម្មសិទ្ធិរបស់ខ្លួន ផ្ទុយនឹងលិខិតរបស់លោកអភិបាលរងខេត្តទាំង២រូបដែលចារមកឱ្យអាជ្ញាធរថា ហែម ហាន ធ្វើរបងរំលោភលើផ្លូវសាធារណៈ។
បុរសឈ្មោះហែម ហាន និយាយថា ផ្លូវចម្ងាយ១០០ម៉ែត្រចូលទៅផ្ទះដើមចោទនោះ គឺនៅសងខាងផ្លូវមាន២គ្រួសារ ហើយរបងរបស់គាត់ដែលធ្វើរួចហើយក៏គ្មានទើសរថយន្តដែរ តែពេលនេះអាជ្ញាធរមកច្រើនណាស់មកការពារឱ្យភាគីដើមចោទជីកដីដាំបង្គោល តែគាត់អ្នកចាញ់ក្តីក៏មិនបានផ្តិតមេដៃឡើយ ព្រោះប្រជាពលរដ្ឋក្នុងភូមិគាថាវង្សរាប់រយនាក់គាំទ្រគាត់ ។ ទោះបីជាបែបណា ក្រុមមន្ត្រីអាជ្ញាធរនិយាយថា ត្រូវតែរុះរើឱ្យអ្នកឈ្នះក្តីធ្វើរបង ព្រោះព្រះឥន្ទបញ្ជាទៅហើយ ។ ប្រជាពលរដ្ឋនិយាយថា វាគ្មានអ្វីគួរឱ្យអស្ចារ្យទេ សម្រាប់ការបង្ខិតរបងចេញចម្ងាយ៣តឹក ចេញពីផ្លូវជាកម្មសិទ្ធិរបស់ស្ត្រីឈ្មោះកែវ សៃធួន និងឈ្មោះកែវ គឹមហន នោះ តែភាគីទាំង២គ្រាន់តែចង់ឈ្នះគ្នាប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ