ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ការ​វិវឌ្ឍន៍​របស់​សង្គម បាន​ធ្វើ​ឱ្យ​ការ​រស់នៅ​របស់​មនុស្ស​ផ្លាស់​ប្តូរ​ទៅ​តាម​សម័យកាល និង​បច្ចេកវិទ្យា​។ នៅ​ក្នុង​នោះ ក៏​មាន​ទាំង​របៀបរបប​រស់នៅ ការ​បង្កើត​សង្គម​គ្រួសារ ជា​ពិសេស​ការ​បង្កើត​ស្នេហា​

ការ​វិវឌ្ឍន៍​របស់​សង្គម បាន​ធ្វើ​ឱ្យ​ការ​រស់នៅ​របស់​មនុស្ស​ផ្លាស់​ប្តូរ​ទៅ​តាម​សម័យកាល និង​បច្ចេកវិទ្យា​។ នៅ​ក្នុង​នោះ ក៏​មាន​ទាំង​របៀបរបប​រស់នៅ ការ​បង្កើត​សង្គម​គ្រួសារ ជា​ពិសេស​ការ​បង្កើត​ស្នេហា​របស់​មនុស្ស ក៏​ប្រែប្រួល​ដែរ​។

មាន​បុរស​ស្ត្រី​មួយ​ចំនួន បាន​ទទួលស្គាល់​ពី​ការ​ប្រែប្រួល​ក្នុង​រឿង​ស្នេហា​របស់​យុវវ័យ​នេះ ។ ពួក​គាត់​ទទួលស្គាល់​ថា ពិតជា​មាន​ភាព​ខុស​គ្នា​រវាង​អតីតកាល និង​បច្ចុប្បន្ន​។ ស្នេហា​កំលោះ​ក្រមុំ​សម័យនេះ ខុស​ពី​ការ​បង្កើត​ស្នេហា​របស់​យុវជន​កាលពី​អតីតកាល ទាំង​មធ្យោបាយ​ទំនាក់ទំនង និង​រសជាតិ​ស្នេហា​ផង​ដែរ​។

ស្នេហា​មនុស្ស​សម័យ​ដើម​ផ្អែម ស្មោះត្រង់ និង​មានការ​តស៊ូ​ជាមួយ​គ្នា ដោយសារ​ពួក​គេ​បាន​ឆ្លងកាត់​ការ​លំបាក និង​ចំណាយពេល​យ៉ាង​យូរ​ទម្រាំ​យល់ចិត្ត​យល់​ថ្លើម​គ្នា​។ តែ​សម័យនេះ ការ​បង្កើត​ស្នេហា ជូន​កាល​គេ​ជួប​មុខ​គ្នា​ម្តង គេ​បាន​និយាយ​ទូរស័ព្ទ​ជាមួយ​គ្នា​មួយ​លើក ឬ​ឆាត​ជាមួយ​គ្នា​ម្តង ក៏​គេ​អាច​បង្កើត​ភ្លើង​ស្នេហា​បាន​ភ្លាម​។

មិនបាច់​ប្រៀប​ទៅ​ដល់​សម័យ​ទុំ​ទាវ ឬ​សម័យ​អាណានិគម​បារាំង និង​សម័យ​សង្គមរាស្ត្រនិយម​នោះ​ទេ គេ​ធ្វើកា​របៀប​ធៀប​ត្រឹម​ក្រោយ​ឆ្នាំ​១៩៧៩ គឺ​ដើម​ទសវត្សរ៍​ឆ្នាំ​៨០ មក​ដល់​ពេល​បច្ចុប្បន្ន​នេះ គេ​នឹង​ឃើញ​ពី​ភាព​ខុស​គ្នា​ដាច់​។ ភាព​ខុស​គ្នា​ដែល​គេ​អាច​ដឹង​ភ្លាម​នោះ គឺ​ការ​ផ្តើម​ចំណងស្នេហា​រវាង​កំលោះ​ក្រមុំ ឆ្នាំ​៨០ និង​ឆ្នាំ​២០២៣​។

កាលពី​អ​តី​កាល​១០០% ការ​ភ្ជាប់​ទំនាក់ទំនង​រវាង​កំលោះ​ក្រមុំ គឺ​ផ្តើម​ចេញ​ការ​ស្គាល់គ្នា ជួប​មុខ​គ្នា ដូច​ជា​រៀន​ថ្នាក់​ជាមួយ​គ្នា រៀន​សាលា​ជាមួយ​គ្នា ធ្វើការ​ជាមួយ​គ្នា រស់នៅ​ក្នុង​ឃុំ​-​ភូមិ​ជាមួយ​គ្នា មាន​ជាប់សាច់​ញាតិ ស្គាល់គ្នា​ពេល​ទៅ​បុណ្យកឋិន បុណ្យចូលឆ្នាំ ឬ​ស្គាល់គ្នា​តាម​ការ​ណែនាំ​ពី​សាច់ញាតិ ជាដើម​។ សតវត្សរ៍​ទី​២០ មនុស្ស​ស្គាល់គ្នា​តាម​ទូរស័ព្ទ តាម​បណ្តាញ​សង្គម ហើយ​ក៏​បង្កើត​ចេញ​ជា​ភ្លើង​ស្នេហា​។

បើ​គេ​ពិនិត្យ​ត្រឹម​ការ​ផ្តើម​ទំនាក់ទំនង​ស្នេហា​នេះ ឃើញ​ថា ស្ពាន​ភ្ជាប់​ស្នេហា​យុវជន​សម័យ​មុន មាន​ភាពរឹងមាំ​ជាង​ការ​បង្កើត​ភ្លើង​ស្នេហា​របស់​យុវវ័យ​ក្នុង​សម័យនេះ​បាត់​ទៅ​ហើយ​។ ទោះបីជា​សម័យនេះ យុវជន​មាន​សិទ្ធិ​ពេញលេញ​នៅ​ក្នុង​ការ​បង្កើត​ស្នេហា និង​ជ្រើសរើស​គូរ​ជីវិត​ដោយ​ខ្លួនឯង​ក្តី តែ​ការ​ផ្តើម​ចេញពី​ប្រភព​មួយ​ដែល​ពួក​គេ​មិន​ស្គាល់គ្នា​មិន​ច្បាស់ ស្គាល់​ត្រឹម​ការ​និយាយ ត្រឹម​ឃើញ​រូបរាង​ខាងក្រៅ ប្រាកដ​ណាស់​វា​មិន​ជាក់លាក់ និង​ប្រាកដប្រជា​ដូច​ការ​ស្គាល់គ្នា​របស់​មនុស្ស​ជំនាន់​មុន​ឡើយ​។

មនុស្ស​ជំនាន់​មុន ស្គាល់​បង្កើត​ស្នេហា អាច​មើល​ដល់​ពូជ​អំបូរ​ថែម​ទៀត​។ ស្គាល់គ្នា​តែ​សំឡេង ស្គាល់គ្នា​តែ​រូប គេ​អាច​សម្តែង និង​មិន​បាន​បញ្ចេញ​ឱ្យ​អស់ពី​លក្ខណៈសម្បត្តិ​របស់​គេ​ឡើយ ជា​ពិសេស​ចំណុច​អវិជ្ជមាន ចំណុចខ្សោយ​នោះ​។ ពេល​ស្រឡាញ់ ពេល​ពេញចិត្ត គេ​បង្ហាញ​តែ​អ្វី​ដែល​ល្អ​ៗ​ប៉ុណ្ណោះ លុះ​ស្គាល់គ្នា​រហូត​បង់ខ្លួន​បង់ប្រាណ ទើប​ច​រិ​.​ត​ពិត​ចេញ​មក​។

អ្នកស្រី រ៉ា​នី អាយុ​៥២​ឆ្នាំ ដែល​បច្ចុប្បន្ន​មានកូន​ស្រី​ប្រុស​ចំនួន​៣​នាក់​នោះ គាត់​បាន​ទទួលស្គាល់​ថា ស្នេហា​យុវជន​សម័យនេះ មិនសូវ​ផ្អែម​ល្អែ​ម និង​មិន​ស្មោះត្រង់ ដូច​សម័យ​អ្នកស្រី នៅ​ពី​ក្មេង​នោះ​ទេ​។ អ្នកស្រី បាន​បន្ត​ថា កាល​គាត់​បង្កើត​ស្នេហា​ជាមួយ​ស្វាមី ជា​ពេលវេលា​ដែល​អ្នកស្រី​សិក្សា​នៅ​វិទ្យាល័យ​។

អ្នកស្រី​រ៉ា​នី និយាយ​ទាំង​ញញឹម​ថា ស្វាមី​គាត់ បាន​ស្គាល់គ្នា​ដោយសារ​រៀន​នៅ​វិទ្យាល័យ​ជាមួយ​គ្នា​។ កាល​ស្រុក​នៅ​ក្រីក្រ ខេត្ត ឬ​ទីរួមស្រុក​ទើប​មាន​វិទ្យាល័យ​។ ស្វាមី​អ្នកស្រី និង​អ្នកស្រី បាន​ចាក​ចេញពី​ភូមិ​ផ្សេង​គ្នា ទៅ​រស់នៅ​ជិត​សាលា​ដើម្បី​បន្ត​ការ​សិក្សា​។ ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ពេល​ខ្វះខាត ពេល​មានធុរៈ​អំឡុង​ពេល​សិក្សា បាន​បង្កើត​ទៅ​ស្នេហា​មួយ​ដ៏​ស្មោះត្រង់​។

អ្នកស្រី រ៉ា​នី រំលឹក​អតីតកាល​ទាំង​ញញឹម​ថា «​ពួក​ខ្ញុំ​ជួយ​គ្នា​គ្រប់​រឿង​ហើយ យើង​តស៊ូ​ដើម្បី​រៀន​រហូត​ចប់​ចុង​ចប់​ដើម មានការ​ងារ​ធ្វើ​ទាំងអស់​គ្នា​ទើប​រៀប​ការ​។ យើង​តស៊ូ​ជាមួយ​គ្នា​ជិត​១០​ឆ្នាំ ទើបបាន​រៀប​ការ និង​រស់នៅ​ជាមួយ​គ្នា​បង្កើត​ជា​កូន​បាន​៣​នាក់ មក​ដល់​ពេល​នេះ​មិន​ដែល​ឈ្លោះប្រកែក​គ្នា​ជា​ដុំ​កំភួន​ឡើយ​»​។

អ្នកស្រី ស្រី ពៅ អាយុ​៤២​ឆ្នាំ ដែល​ជា​យុវវ័យ​ក្នុង​ទសវត្សរ៍​ឆ្នាំ​៩០ បាន​និយាយ​ថា សម័យ​គាត់ សេ្ន​ហា​នៅ​មាន​ភាព​ស្មោះត្រង់ និង​តស៊ូ​ជាមួយ​គ្នា ច្រើន​ជាង​ពេល​បច្ចុប្បន្ន​នេះ​។ ទោះ​នៅ​ដើមឆ្នាំ​២០០០ សង្គម​មានកា​រីក​ចម្រើន​ហើយ​ក្តី តែ​ស្នេហា​កាលសម័យ​នោះ ស្មោះត្រង់ និង​ចំណាយពេល​យូរ​ឆ្នាំ​ក្នុង​ការ​កសាង​វា​ឡើង​។

ស្ត្រី​មេផ្ទះ​រូប​នេះ បាន​កត់​សម្គាល់ថា កាលពី​សម័យ​អ្នកស្រី មាន​ស្នេហា​នៅ​ស្មោះត្រង់​ជាមួយ​គ្នា គឺ​មួយ​នឹង​មួយ​។ និយាយ​ថា បែប​នេះ​ដោយសារ​សម័យនេះ អ្នកស្រី​សង្កេត​ឃើញ​ថា យុវវ័យ​ខ្លះ គេ​ស្គាល់គ្នា គេ​សិក្សា​ពី​គ្នា​ច្រើន​នាក់​ក្នុង​ពេល​តែ​មួយ​។

«​ខ្ញុំ​ក៏​មាន​ប្អូនប្រុស និង​ប្អូនស្រី ដែល​គេ​កំពុង​ពេញវ័យ​នៅ​ពេល​នេះ​។ ពួក​គេ​បាន​ណែនាំ គូរ​ស្នេហា​ពួក​គេ​ឱ្យ​ខ្ញុំ​ស្គាល់​។ ពួក​គេ​និយាយ​ថា គេ​មាន​ដៃគូរ​ច្រើន​ក្នុង​ពេល​តែ​មួយ នៅ​មិន​ទាន់​សម្រេច​ជ្រើសរើស​យក​មួយ​ណា​នោះ​នៅឡើយ​ទេ​។ ពួក​គេ​ណែនាំ​ឱ្យ​យើង​ស្គាល់ ដើម្បី​ជ្រើសរើស​ផង​ដែរ​»​។

ទោះ​នោះ​ស្ថិត​នៅ​ក្នុង​ការ​ជ្រើសរើស ប៉ុន្តែ​អ្នកស្រី មិនសូវ​ជា​ពេញចិត្ត​ចំពោះ​ប្រកាន់​យក​របៀប​ជ្រើសរើស​បែប​នេះ​ឡើយ​។ សម្រាប់​អ្នកស្រី ទំនាក់ទំនង​ស្នេហា​គួរ​ប្រាកដ​តែ​មួយ ហើយ​ស្មោះត្រង់ និង​ចេះ​ថែរក្សា​គ្នា​។ ដាច់​ស្រឡះ​មួយ​ចាំ​ទៅ​រក​មួយទៀត​។

អ្នកស្រី​បញ្ជាក់​ថា សម័យនេះ មិនមែន​មាន​តែ​ប្អូន​អ្នកស្រី​នោះ​ទេ ដែល​មាន​ដៃគូរ​ច្រើន​ក្នុង​ពេល​តែ​មួយ​។ អ្នកស្រី​បានឮ​ពី​មិត្ត​ភ័ក្តិ និង​អ្នក​ដទៃ​និយាយ​ពី​រឿង​នេះ​ដែរ​។ សម័យនេះ ការ​តាម​ស្រឡាញ់​អ្នក​ណា​ម្នាក់ ក៏​គេ​មិន​ចំណាយពេល​យូរ​ដែរ​។ បើ​ឃើញ​គ្នា ពេញចិត្ត​គ្នា ស្រឡាញ់​គ្នា ហើយ​ថាបើ​ម្ខាង​ទៀត​តាម​ស្រឡាញ់ តែ​ម្ខាង​ទៀត​ធ្វើ​មិនដឹង​នោះ អ្នក​តាម ស្រឡាញ់​គេ​នោះ មិន​ចំណាយពេល​ច្រើន​នោះ​ដែរ គេ​នឹងរ​ត់ទៅ​រក​អ្នក​ផ្សេង​ហើយ​។

ជា​រួម ស្នេហា​យុវជន​សម័យនេះ កំពុង​ដើរ​លើ​ផ្លូវ​មួយ​ដែល​គេ​មើលឃើញ​ថា មិនសូវ​ផ្អែម ល្ហែម ឬ​ផ្អែម​ក្នុង​រយៈពេល​ខ្លី ហើយ​ខ្វះ​ភាព​ស្មោះត្រង់ និង​មិនសូវ​ជាត​ស៊ូ​ជាមួយ​គ្នា​ឡើយ គឺ​មាន​ភាព​ខុស​គ្នា​ពី​សម័យ​មុន ដែល​មនុស្ស​ទម្រាំ​បាន​គ្នា​ជា​ដៃគូរ ត្រូវ​ចំណាយពេល​យូរណាស់ និង​ជួប​ការ​លំបាក​ជា​ច្រើន​។ ការ​លំបាក ពេលវេលា​ទាំងនោះ បាន​ក្លាយជា​ចំណង​ដ៏​រឹង​មាំ​មិន​ឱ្យ​ពួក​គាត់​បែក​គ្នា​ឡើយ ក្រោយ​បាន​ចូល​រោងការ​នោះ​៕

អត្ថបទ​ដោយ ៖ សា រ៉ា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ