ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្វែងគំនិត​គ្នា ជុំវិញ​សំណើ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ប្រចាំ​ថ្ងៃ​នៅ​ប្រទេស​ថៃ

4 ខែ មុន

ថៃ ៖ សហព័ន្ធ​ឧស្សាហកម្ម​ថៃ ហៅ​កាត់​ថា FTI នៅ​តែ​គាំទ្រ​សំណើ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ប្រចាំ​

ថៃ ៖ សហព័ន្ធ​ឧស្សាហកម្ម​ថៃ ហៅ​កាត់​ថា FTI នៅ​តែ​គាំទ្រ​សំណើ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ប្រចាំ​ថ្ងៃ​របស់​គណៈកម្មាធិការ​ត្រីភាគី​ថ្នាក់​ជាតិ បើ​ទោះបីជា​មានការ​ខ្វែងគំនិត​គ្នា នៅ​ក្នុង​ចំណោម​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​១២ ខែធ្នូ កន្លង​ទៅ​យ៉ាងណា​ក៏​ដោយ​។ នេះ​បើ​យោង​តាម​ប្រភព​ពី បាងកក​ប៉ុ​ស្ត៍ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២៣​។

លោក Phiphat Ratchakitprakarn រដ្ឋមន្ត្រីក្រសួង​ការងារ​បាន​លើក​ឡើង​ថា គណៈរដ្ឋមន្ត្រី​ទាមទារ​ឱ្យ​មានការ​ពិចារណា​ឡើង​វិញ ជុំវិញ​ការ​ដំឡើង​ប្រាក់​ឈ្នួល ២.៣៧% ដែល​ត្រូវ​បាន​ស្នើ​ឡើង ដើម្បី​ផ្គូផ្គង​ស្ថានភាព​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។ ការ​ដំឡើង ២.៣៧% គឺ​ស្មើនឹង​ការ​កើនឡើង​ពី ២ ទៅ ១៦​បាត​ក្នុង​មួយ​ថ្ងៃ ដែល​ស្មើនឹង ២៣០ ទៅ ១,៨០០​រៀល​ក្នុង​មួយ​ថ្ងៃ អាស្រ័យ​លើ​ខេត្ត​ដែល​កម្មករ​ធ្វើការ​។

គណបក្ស​ភឿ​ថៃ ដែល​ដឹកនាំ​រដ្ឋាភិបាលចម្រុះ​ធ្លាប់​បាន​ស្នើ​ដំឡើង​ប្រាក់​ឈ្នួល​រហូត​ដល់ ៦០០​បាត​ក្នុង​មួយ​ថ្ងៃ ដែល​ស្មើនឹង ៦៨,៨០០​រៀល​ក្នុង​មួយ​ថ្ងៃ​នៅ​ឆ្នាំ ២០២៧ ដោយ​ចាប់ផ្តើម​ពី​ការ​ដំឡើង ៤០០​បាត ស្មើនឹង ៤៥,៩០០​រៀល នៅ​ឆ្នាំ​ក្រោយ​។ ប្រាក់​ឈ្នួល​អប្បបរមា​ប្រចាំ​ថ្ងៃ នៅ​ក្នុង​ទីក្រុង​បាងកក​បច្ចុប្បន្ន​គឺ ៣៥៣​បាត ស្មើនឹង ៤០,៥០០​រៀល​ក្នុង​មួយ​ថ្ងៃ ខណៈ​កម្មករ​នៅ​ខេត្ត​ឈុ​ន​បូ​រី​ទទួល​បាន ៣៥៤​បាត​ក្នុង​មួយ​ថ្ងៃ​។ ចំណែក​កម្មករ​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ​ទៀត ទទួល​បាន​តិច​ជាង​នេះ​។

លោក Kriengkrai Thiennukul ប្រធាន FTI បាន​ថ្លែង​ថា ប្រសិនបើ​រដ្ឋាភិបាល​ចង់​ដំឡើង​ប្រាក់​ឈ្នួល​ដល់ ៤០០​បាត​ក្នុង​មួយ​ថ្ងៃ វា​ត្រូវ​បាន​ទាមទារ​ឱ្យ​ពិភាក្សា​អំពី​បញ្ហា​នេះ​ជាមួយ​គណៈកម្មាធិការ​ប្រាក់​ឈ្នួល ព្រោះ​គណៈកម្មាធិការ​នេះ មាន​តំណាង​មក​ពី​និយោជក និយោជិត និង​រដ្ឋាភិបាល​។ លោក​បន្ត​ទៀត​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រួម​ស្តី​ពី​ពាណិជ្ជកម្ម ឧស្សាហកម្ម និង​ធនាគារ​បាន​ព្រមាន​មុន​នេះ​ថា ការ​ដំឡើង​ប្រាក់​ឈ្មួ​ល​ដល់ ៤០០​បាត​នឹង​ប៉ះពាល់​ដល់​អាជីវកម្ម និង​ការងារ​នៅ​ប្រទេស​ថៃ​។

ពាក់កណ្តាល​នៃ​ឧស្សាហកម្ម​ចំនួន ៤៦ ជ្រក​ក្រោម FTI គឺ​ពាក់ព័ន្ធ​នឹង​ការ​ផលិត​ដែល​ពឹងផ្អែក​លើ​កម្លាំង​ពលកម្ម​។ ប្រសិនបើ​ប្រាក់​ឈ្នួល​អប្បបរមា​ប្រចាំ​ថ្ងៃ​កើនឡើង សហគ្រិន​ប្រហែលជា​មិន​អាច​បើកប្រាក់​បៀវត្សរ៍​ដល់​កម្មករ​បាន​ទេ ខណៈ​ឧស្សាហកម្ម​ទាំងនេះ​រួម​មាន​សម្លៀក​បំពាក់ ស្បែកជើង ម៉ូ​ដ និង​កែ​ច្នៃ​អាហារ​។ ជាមួយ​គ្នា​នោះ សហព័ន្ធ​ព្រួយបារម្ភ​ថា អាជីវកម្ម​មួយ​ចំនួន​អាច​នឹង​ត្រូវ​បិទទ្វារ ឬ​ខ្លះ​ទៀត​ប្រហែលជា​ត្រូវ​ផ្លាស់​ប្តូរ​ទីតាំង​ផលិតកម្ម​របស់​ពួក​គេ​ទៅ​កាន់​ប្រទេស​ជិតខាង​។

លោក Apichit Prasoprat អនុប្រធាន FTI ក៏​ធ្លាប់​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​ត្រូវ​តែ​ពិចារណា​ដោយ​ប្រុង​ប្រយ័ត្ន ចំពោះ​ផែនការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ប្រចាំ​ថ្ងៃ ព្រោះ​អាច​ធ្វើ​ឱ្យ​សហគ្រាស​ធុន​តូច និង​មធ្យម មាន​បញ្ហា​បន្ថែម​ទៀត​។ អាជ្ញាធរ​ត្រូវ​តែ​ផ្អែក​លើ​ការ​កើនឡើង​នៃ​អត្រា​អតិផរណា និង​ផលិតផល​ក្នុងស្រុក​សរុប និង​មិន​អនុវត្ត​តាម​ការ​សន្យា​របស់​យុទ្ធនាការ​នោះ​ទេ ខណៈ​ដែល​សេដ្ឋកិច្ច​មិន​ទាន់​ងើបឡើង​វិញ​ពេញលេញ​នៅឡើយ​ទេ បន្ទាប់​ពី​ជំងឺ​កូ​វី​ដ​-១៩ ហើយ​ឆ្នាំ​នេះ ក្រុមហ៊ុន​ផលិត​ក៏​ប្រឈម​មុខ​នឹង​ការ​នាំ​ចេញ​ធ្លាក់​ចុះ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ