ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រឡេក​មើល​សកម្ម​ភាព​មិន​ប្រក្រតី​របស់​លោក សៅ រ័ត្ន អនុប្រធាន​ស្ថានីយ​ជញ្ជីង​ព្រែក​ឯង​ កំពុង​ត្រូវប៉ាន់​ចាប់​រថយន្ត​ដឹក​ទំនិញ

4 ខែ មុន
  • ភ្នំពេញ

លោក សៅ រ័​ត្ន អនុប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​១ ចំណុច​ព្រែក​ឯង តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​មន្ត្រី​នៅ​ក្នុង​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា

រាជធានី​ភ្នំពេញ ៖ លោក សៅ រ័​ត្ន អនុប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​១ ចំណុច​ព្រែក​ឯង តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​មន្ត្រី​នៅ​ក្នុង​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ដោយសារ​មាន​ខ្នងបង្អែក ជា​រដ្ឋលេខាធិការ​រឹង​មាំ​ម្នាក់​ នៅ​ក្នុង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ទើប​លោក សៅ រ័​ត្ន ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ចុះ​ចាប់​រថយន្ត​ដឹក​ទំនិញ​គ្រប់​ប្រភេទ ដោយមិន​បាន​ឆ្លងកាត់​​ពី​ប្រធាន​ស្ថានីយ ឬ​សុំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ក្រសួង​ដើម្បី​អនុវត្ត​ឡើយ មិនថា​រថយន្ត​នោះ ដឹក​លើស​ចំណុះ ឬ​តាម​ស្តង់ដារ​អី​ទេ ឱ្យ​តែ​មិន​បង់​ខែ​ជូន​គាត់​គឺ​ចាប់​ទាំង អស់ Sic ! ។

រូបភាពក្នុង​រង្វង់មូល គឺ​លោក សៅ រ័ត្ន

យោង​តាម​ប្រភព​ព័ត៌មាន​របស់​មន្ត្រី​ម្នាក់ ​នៅ​ក្នុង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​​រាជធានី បាន​ឱ្យ​ដឹង​ថា តាម​នីតិវិធី​ក្រុមការងារ​ជញ្ជីង មាន​សិទ្ធិ​ធ្វើការ​ផាកពិន័យ​យានយន្ត​ល្មើស​បាន​តែ​៣​គីឡូ​ម៉ែ​ត្រ​​ប៉ុណ្ណោះ ពី​ស្ថានីយ​របស់​ខ្លួន តែ​បុគ្គល​ឈ្មោះ សៅ រ័​ត្ន នេះ​ ធ្វើ​លើស​ពី​ផែនការ គឺ​ជាង​១០​គីឡូ​ម៉ែត្រ​​ចាប់ពី​ចំណុច​ស្ថានីយ​ព្រែក​ឯង រហូត​ដល់​គល់​ស្ពាន​សំរោង​ គឺ​លើស​ផែនការ ។ ក្រោយ​ការ​អនុវត្ត ទំនង​​ចរចា​ជាមួយ​ម្ចាស់​រថយន្ត​យន្ត​មិន​ត្រូវ​តម្លៃ ក៏​បុគ្គល​រូប​នេះ​បាន​រា​ការណ៍​ជូន​ប្រធាន​សា្ថ​នី​យ​របស់​ខ្លួន​តាម​ក្រោយ និង​បាន​ចាប់​ឃាត់​រថយន្ត​យក​ទៅ​កាន់​ស្ថានីយ​ព្រែក​ឯង ​ធ្វើការ​ផាកពិន័យ ។

រូបភាពក្នុង​រង្វង់មូល គឺ​លោក សេង ឈួន

ម្យ៉ាងវិញទៀត ​បើ​តាម​ច្បាប់ មុន​នឹង​ចេញ​អនុវត្ត​ត្រូវ​ឆ្លងកាត់​ប្រធាន​ស្ថានីយ ហើយ​ប្រធាន​ស្ថានីយ ត្រូវ​​រាយការណ៍​ជូន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ដែរ មុន​ចុះ​អនុវត្ត តែ​បុគ្គល​នេះ​មិន​បាន​ធ្វើ​ដូច្នោះ​​ទេ គឺ​លេងផ្លូវ​កាត់ ដើម្បី​លាភសក្ការៈ មិន​ខ្វល់​ទុក្ខ​លំបាក​របស់​អ្នក​រកស៊ី​ដឹក​ជញ្ជូន ដែល​ខ្ចី​លុយ​​គេ​ទិញ​ឡានរ​ត់រក​ព្រឹក​ខ្វះ​ល្ងាច​ឡើយ ។

សូម​បញ្ជាក់​ថា រហូត​មក​ដល់​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២៣ មាន​តែ​ក្រុមការងារ​កម្លាំង​ចម្រុះ​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​ចេញ​ធ្វើការ​អនុវត្ត​គ្រប់ទីកន្លែង ប៉ុន្តែ​ក៏​ត្រូវ​សុំ​គោលការណ៍​ពី​ប្រធាន​ស្ថានីយ​ដែរ ដើម្បី​សហ​ការ​ក្នុង​ការ​អនុវត្ត​ច្បាប់ ហើយ​ក្រុម​កម្លាំង​ចម្រុះ​ចល័ត​ក៏​ត្រូវ​មាន​លិខិត​បេសកកម្ម​ពីសា​ម៉ី​ក្រសួង​ដែរ ។

ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រមាណ​ជា​១០ និង​៣០នាទី​ព្រឹក ក្រុម​ការ​បុគ្គល​​ឈ្មោះ សៅ រ័​ត្ន បាន​ដឹកនាំ​ក្រុម​មន្ត្រី​របស់​ខ្លួន ចុះ​ធ្វើ​សកម្មភាព​ចាប់​រថយន្ត​ដឹក​ខ្សាច់​៤​គ្រឿង ស្ថិត​នៅ​ភូមិ​ព្រែក​ថ្មី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំ​​ពេ​ញ ដោយ​មិន​មាន​លិខិត​បេស​កកម្ម​ពី​ក្រសួង ឱ្យ​បង់​ផាកពិន័យ​ជូន​ក្រុម​របស់​គេ ជា​ថ្នូរ​មិន​បញ្ជូន​ទៅ​ថ្នាក់លើ ទំនងជា​មិន​ត្រូវ​គ្នា ក៏​បាន​​ចាប់​បញ្ជូន​យក​រថយន្ត​ទាំង​៤​គ្រឿង​នោះ​ទៅ​កាន់​ស្ថានីយ​ព្រែក​ឯង ធ្វើការ​ផាកពិន័យ ក្នុង​រថយន្ត​​មួយ​គ្រឿង​២​លាន​៧​សែន​រៀល ។

ក្រោយ​ពេល​ចុះ​អនុវត្ត​ប្រមាណ​ជា​១​ម៉ោង ​គេ​ឃើញ​វត្តមាន​លោក សេង ឈួ​ន រដ្ឋ លេខាធិការ​ក្រសួង​សាធា​រណការ និង​ដឹក​ជញ្ជូន ទៅ​ដល់​ដែរ ហើយ​បញ្ជា​ឱ្យ​យក​រថយន្ត​ទាំង​៤​គ្រឿង​នោះ​មក​កាន់​ស្ថានីយ​ព្រែក​ឯង​តែ​ម្តង ។

មន្ត្រី​នៅ​ក្រសួង ​នរណា​ក៏​និយាយ​ដែរថា លោក សៅ រ័ត្ន ជា​ជំនិត​របស់​លោក សេង ឈួន ម៉្លោះ​ហើយ សកម្ម​ភាព​ល្មើស​របស់​លោក សៅ រ័ត្ន អត់​មាន​បញ្ហា​ឡើយ។

ថ្មី​ៗនេះ​ ក្រុម​ឈ្មួញ និង​អាជីវក​រដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​១ ចំណុច​​ព្រែក​ឯង បាន​លាតត្រដាង​រឿងអាស្រូ.វ​ពុ.ក​រលួ.យ​របស់​លោក សៅ រ័​ត្ន ជា​អនុប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​១ ដែល​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត ទៅ​ជា​ជញ្ជីង​ថ្លឹង​លុយ​យ៉ាង​ពេញបន្ទុក ដោយ​អាង​អំណាច​លោក សេង ឈួ​ន ជា​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន នៅ​​ពីក្រោយ​ខ្នង ។

ក្រុម​អ្នក​រកស៊ី​ដឹក​ជញ្ជូន​ បាន​និយាយ​ថា លោក សៅ រ័​ត្ន រាល់​ថ្ងៃនេះ ​កំពុង​សន្សំ​កាក់ល្អិត​គ្រប់
ច្រក​ល្ហក​នៅ​គ្រា​ដែល​សេដ្ឋកិច្ច​កំពុង​ប្រឈម​នឹង​ការ​លំបាក បែរជា​អនុប្រធាន​ជញ្ជីង​រូប​នេះ និង
ក្រុម​​មន្ត្រី​របស់​គាត់​នៅ​ស្ថានីយ​ថ្លឹង​រថយន្ត​ព្រែក​ឯង​នេះ ជំរិ.ត​ទារ​លុយ​ស្រស់​ៗ ដោយ​អះអាង​ថា គ្រាន់​តែ​សុំ​បាយ​ទឹក​ប៉ុណ្ណោះ ។

បុគ្គល​ឈ្មោះ សៅ រ័​ត្ន អាងខ្នង​បង្អែក​រឹងមាំ​នៅ​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន ទើ​ប​ហ៊ាន​ធ្វើអ្វី​ៗ​តាម​ទំនើ.​ង​ចិត្ត ហើយ​បើ​គ្មាន​ការ​បើកដៃ​ពី​លោក សេង ឈួ​ន នោះ​ទេ​ គឺបុគ្គល​រូប​នេះ​ ក៏​មិន​ហ៊ាន​ធ្វើ​អ្វី​ៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​ឡើយ ។ ទោះជា​យ៉ាងណា​ក៏​ដោយ គេ​រំពឹង​ថា រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន ឯកឧត្តម ប៉េង ពោធិ៍​នា មិន​មើល​រំលង​រឿង​នេះ​ទេ ។

ប្រភព​ពី​មន្ត្រី​នៅ​ក្នុង​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា ករណី​អនុប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​១ ចំណុច​ព្រែក​ឯង​នេះ មិន​ញញើត​ក្នុង​ប្រមូល​លុយ​តាម​​របៀប​ពុ.ក​រលួ.យ ​គឺ​ដោយសារ​អាង​មាន​លោក សេង ឈួ​ន ជា​ខ្នងបង្អែក​ដ៏​រឹង​មាំ​ចាំ​ជួយ​ការពារ​គ្រប់​វេលា ។

រហូត​មក​ដល់​ម៉ោង​នេះ ភ្នាក់ងារ​យើង​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក សៅ រ័​ត្ន និង​លោក សេង ឈួ​ន ជុំវិញ​​ការ​ចោទប្រកាន់​នេះ​បាន​នៅឡើយ​ទេ ។ ប្រ​សិន​បាន​ទទួល​ការ​បំភ្លឺ យើង​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ​​ទៀត ។

ព័ត៌​មាន​បន្ថែម​នឹង​មាន​ចេញ​ផ្សាយ​នៅ​លើ​កាសែត​កោះ​សន្តិ​ភាព​នៅ​លើក​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ