ខេត្តបាត់ដំបង ៖ ស្ត្រីជាភរិយាវ័យក្មេងម្នាក់បានសម្រេចចិត្តដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់ប៉ុសិ៍្តនគរបាលមូលដ្ឋានរបស់គាត់ កាលពីថ្ងៃទី២០ ឧសភា កន្លងមកនេះ ដោយចោទប្រកាន់ស្វាមីរបស់ខ្លួន ដែលមានមុខរបររត់តាក់ស៊ីថា បានបោកប្រាស់រូបគាត់និងម្តាយ យកប្រាក់រាប់ម៉ឺនបាត និងរថយន្តកាមរីមួយគ្រឿងទៅផ្គាប់ចិត្តស្រីថ្មីយ៉ាងសុខសាន្ត ថែមទាំងប៉ុនប៉ងរៀបការចោលប្រពន្ធ និងកូនទៀតផង ។
អ្នកស្រីព្រឿង សុខុម អាយុ២៧ឆ្នាំ រស់នៅភូមិព្រះពន្លា ឃុំរូងជ្រៃ ស្រុកថ្មគោល ដែលជា ដើមបណ្តឹងក្នុងសំណុំរឿងនេះបានប្រាប់កោះសន្តិភាពកាលពីព្រឹកថ្ងៃទី២៣ ឧសភា ថា គាត់បានប្តឹងចោទប្រកាន់ស្វាមីរបស់ខ្លួនឈ្មោះលួត សុខនឿត អាយុ២៨ឆ្នាំ ពីបទរំលោភសេចក្តីទុកចិត្ត ហើយបណ្តឹងនោះអ្នកស្រីបានដាក់ជូនទៅប៉ុសិ៍្តនគរបាលឃុំរូងជ្រៃរួចហើយ ។
នៅចំពោះមុខម្តាយរបស់នាង និងកូនតូច ប្រុសស្រី២នាក់ អ្នកស្រីព្រឿង សុខុម បានរៀបរាប់ថា ក្នុងអំឡុងដើមឆ្នាំ២០១១ ប្តីរបស់អ្នកស្រីបានរំអុកសុំលុយទិញរថយន្តកាមរី១គ្រឿង រត់តាក់ស៊ីដើម្បីរកកំរៃចិញ្ចឹមគ្រួសារ ។ ដោយគ្មានប្រាក់ ទើបរូបគាត់ និងម្តាយសុខចិត្តទៅចងការប្រាក់គេ ដើម្បីទិញរថយន្តកាមរីគូទប៉ោង១គ្រឿងពណ៌សំបកឪឡឹក ស៊េរីឆ្នាំ៩៣ លេខភ្នំពេញ 2G 1455 ក្នុងតម្លៃ២៦៥៥ដុល្លារ ។ អ្នកស្រីនិយាយថា មិនទាន់បានរត់ប៉ុន្មានផង ស្រាប់តែលោកប្តីបានបង្ហាញចរិតប្លែក គឺចេញទៅរត់តាក់ស៊ីមិនសូវចូលផ្ទះទេ ចាប់តាំងពីពាក់កណ្តាលខែមេសា ឆ្នាំ២០១១ មុនចូលឆ្នាំខ្មែរ ។ ភរិយារូបនេះបានបន្តទៀតថា រូបគាត់មិនដែលដឹងពីមូលហេតុមិនសូវចូលផ្ទះនេះដែរ ហើយក៏មិនសួរនាំដែរ ព្រោះគិតថា ប្តីចេញរកស៊ី ។
អ្នកស្រីព្រឿង សុខុម បានបញ្ជាក់ថា រយៈពេលនៃការមិនសូវចូលផ្ទះនោះ ប្តីរបស់គាត់ចេះតែទូរស័ព្ទមកសុំលុយបន្តបន្ទាប់ ដោយដំបូងប្រាប់ថា នគរបាលចរាចរណ៍ខេត្តបានចាប់រថយន្តគាត់រួមជាមួយរថយន្តតាក់ស៊ីជាច្រើនគ្រឿងទៀត ដោយសារចតកន្លែងហាមឃាត់ ហើយតម្រូវយកប្រាក់ទៅលោះ៣៧០០០បាត ។ រូបគាត់គ្មានមន្ទឹលទេ ក៏លក់ស្រូវម្តាយ ដើម្បីយកលុយឱ្យប្តី ។ លុះប៉ុន្មានថ្ងៃក្រោយមកទៀត ស្រាប់តែទូរស័ព្ទមកប្រាប់គាត់ឱ្យរកលុយរាប់ម៉ឺនបាតទៀត ព្រោះលោកប្តីប្រាប់ថា បើករថយន្តបុកគេ ហើយអ្នកស្រីបង្ខំចិត្តលក់គោយន្តកន្ត្រៃដែលទុកភ្ជួរស្រែបានចំនួន៥០.០០០បាត យកលុយឱ្យលោកប្តីទៀត ។ មិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែលោកប្តីទូរស័ព្ទមករកអ្នកស្រីទៀតថា រថយន្តខូចត្រូវការលុយជាង១០០០ដុល្លារ ដើម្បីធ្វើរថយន្ត ហើយគាត់គ្មានប្រាក់ ក៏ទៅពឹងម្តាយឱ្យជួយខ្ចីលុយអង្គការបាន១.៥០០ដុល្លារទៀត ដើម្បីយកទៅឱ្យលោកប្តីធ្វើរថយន្ត ។
អ្នកស្រីបានបញ្ជាក់ថា អ្នកស្រីមិនដែលតាមដានសកម្មភាពប្តីទេ ព្រោះរឿងទុកចិត្តប្តីពេក ។ ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមកកាលពីចុងសបា្តហ៍មុននេះ ដោយមានការសង្ស័យ អ្នកស្រីក៏ចាប់ផ្តើមតាមដានអំពីសកម្មភាពប្តី ទើបដឹងថា លោកប្តីកំហូចរបស់គាត់លួចមានស្រីថ្មីនៅឯភូមិដុបក្រសាំង ឃុំព្រៃតូច ស្រុកមោងប្ញស្សី ។ ចំណែកប្រាក់ដែលប្រមូលពីអ្នកស្រី និងលក់ស្រូវម្តាយបានទាំងអស់ គឺយកទៅផ្គាប់ចិត្តស្រីថ្មីនោះ មិនតែប៉ុណ្ណោះអ្នកភូមិប្រាប់ថា ប្តីអ្នកស្រីបានបង់ថ្លៃទឹកដោះ២០០០ដុល្លារ បំរុងរៀបការនៅចុងខែឧសភានេះទៀតផង ។
អ្នកស្រីស៊ុយ គួន អាយុ៥០ឆ្នាំ ជាម្តាយបង្កើតនិងជាម្តាយក្មេករបស់តៃកុងតាក់ស៊ីឈ្មោះលួត សុខនឿត បានមានប្រសាសន៍បន្ថែមថា គាត់បានប្រឹងប្រែងលក់អស់ហើយ ស្រូវអង្ករ និងគោយន្តមួយគ្រឿង មិនតែប៉ុណ្ណោះ ថែមទាំងខ្ចីលុយពីអង្គការទៀត ដើម្បីយកលុយឱ្យកូនប្រសាទៅរកស៊ី ។ ប៉ុន្តែទីបំផុតគេបោកប្រាស់យកទៅចិញ្ចឹមស្រីក្មេងក្បត់កូនស្រីគាត់សោះ ។ រូបគាត់និងកូនស្រីកំពុងវ័ណ្ឌកកាន់តែខ្លាំង ព្រោះអត់មានការប្រាក់ឱ្យគេ ។ អ្នកស្រីបញ្ជាក់ថា គាត់ចង់ឱ្យកូនប្រសាយករថយន្តមកផ្ទះលក់ ដើម្បីប្រមូលលុយសងបំណុលគេ ព្រោះការប្រាក់ត្រូវបង់ឱ្យគេរាល់ខែតាមការកំណត់ ។
ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់ខាងលើនេះ កោះសន្តិភាពបានព្យាយាមទាក់ទងតាមទូរស័ព្ទទៅបុរសអ្នករត់តាក់ស៊ីឈ្មោះលួត សុខនឿតនេះដែរ តែមិនអាចទាក់ទងបានទេ ។
រីឯលោកឆែម សាម៉ុន នាយនគរបាលប៉ុសិ៍្តរូងជ្រៃ ដែលទទួលចាត់ការលើបណ្តឹងនេះ ក៏មិនអាចសុំការពន្យល់បានដែរ កាលពីព្រឹកថ្ងៃទី២៣ ឧសភា ។ ដើមបណ្តឹងគឺអ្នកស្រីព្រឿងសុខុមបានបញ្ជាក់បន្ថែមថា ប្តីរបស់អ្នកស្រីបានមកបង្ខំឱ្យអ្នកស្រីផ្តិតមេដៃបញ្ជាក់ថា រូបគាត់នៅកំលោះ ដើម្បីរៀបការជាមួយស្រីថ្មី ប៉ុន្តែអ្នកស្រីនិយាយថា នឹងទៅសួរនាំដល់លំនៅឋានស្ត្រីនោះ និងធ្វើពាក្យបណ្តឹងបន្ថែមចំពោះស្វាមីក្បត់ចិត្តនេះ ដើម្បីបង្ខំឱ្យយករថយន្តមកលក់យកលុយសងបំណុលគេ ។ អ្នកស្រីបានប្រកាសជាសាធារណៈ ដល់សមត្ថកិច្ចជួយឃាត់រថយន្តដែលមានភិនភាគ និងស្លាកលេខខាងលើផង ព្រោះអ្នកស្រីបានដាក់ពាក្យបណ្តឹងរួចហើយ ៕
ចែករំលែកព័តមាននេះ