រាជធានីភ្នំពេញ ៖ នារីម្នាក់ឈ្មោះបូ ស្រីចាន់ អាយុ២២ឆ្នាំ មានទីលំនៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន បានបើករថយន្តម៉ាកអាគុសបុកអ្នករត់ម៉ូតូឌុបម្នាក់បណ្តាលឱ្យអ្នករត់ម៉ូតូដួលប្រកាច់ប្រកិនកណ្តាលផ្លូវរងរបួសធ្ងន់ ។ រឿងដែលគួរឱ្យកត់សម្គាល់នោះគឺគេបានឃើញនាងចេញពីក្នុងរថយន្តនិងឈរជ្រែងចង្កេះជេរប្រមាថអ្នករត់ម៉ូតូឌុបដែលរងគ្រោះនោះថែមទៀត ។ ហេតុការណ៍នេះកើតឡើងនៅតាមផ្លូវលេខ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កាលពីវេលា ម៉ោង១ និង១៥នាទីរំលងអធ្រាត្រថ្ងៃទី២៣ ឧសភា ឆ្នាំ២០១១ ។
ប្រភពព័ត៌មានឱ្យដឹងថា នាងបូ ស្រី ចាន់បើករថយន្តម្នាក់ឯងលើផ្លូវលេខ៤៨៨ ក្នុងទិសដៅពីកើតទៅលិច ហើយរេចង្កូតទៅខាងឆ្វេងដៃប៉ះជាមួយម៉ូតូឌុបធុនគុបជ្រុង៥០ ដែលបើកបញ្ច្រាសទិសគ្នាបណ្តាលឱ្យដួលត្រឡប់ត្រឡិន ហើយម្ចាស់ម៉ូតូនោះរងរបួសធ្ងន់។ អ្វីដែលគេហួសចិត្តនោះគឺនាងបូ ស្រីចាន់ ចុះពីលើរថយន្ត ជេរប្រមាថអ្នករងរបួសថែមទៀត ហាក់បីដូចជាអត់មានក្តីអាណិតអាសូរបន្តិចសោះ ។
សមត្ថកិច្ចមូលដ្ឋានដែលទៅធ្វើអន្តរាគមន៍បាននិយាយថា នាង បូ ស្រីចាន់ ស្រវឹងស្រាសូម្បីឈរជិងក៏ធំក្លិនស្រាដែរ ទើបបើករថយន្តជ្រុលចង្កូតទៅបុកអ្នករត់ម៉ូតូឌុបបែប នេះ។ ចំពោះអ្នករត់ម៉ូតូឌុបនោះ សមត្ថកិច្ចបានបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យ ។ រថយន្តនិងម៉ូតូត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ