ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ADB អបអរសាទរ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ ១.៥ ​លាននាក់ ​របស់​រាជរដ្ឋាភិបាល

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​ ១១ ខែធ្នូ…

រាជធានី​ភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​ ១១ ខែធ្នូ ឆ្នាំ ​២០២៣ ​នេះ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ លោក Anthony Gill នាយក​ស្តីទី​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB) ប្រចាំ​នៅ​កម្ពុជា​និង​ក្រុមការងារ​នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដោយ​ក្នុង​នោះ​រូប​លោក បាន​សរសើរ​ និង​អបអរសាទរ​ចំពោះ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​ដល់​យុវជន​គោលដៅ​ ១.៥​ លាន​នាក់ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​។

លោកនាយក​ស្តីទី​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី ​(ADB) ប្រចាំ​នៅ​កម្ពុជា បាន​គូសបញ្ជាក់​ថា លោក​សូម​អបអរសាទរ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចំពោះ​កម្មវិធី​ថ្នាក់​ជាតិ​ស្តី​ពី​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស វិជ្ជាជីវៈ​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ​ ។

ទន្ទឹម​នឹង​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ក៏​បាន​ថ្លែងអំណរគុណ​ដល់ ADB ​ដែល​បាន​អបអរសាទរ​ចំពោះ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​កម្រិត ​១ (C1)​ ដែល​ជា​ការ​គិតគូរ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ផ្តល់​ជំនាញ​ជាក់លាក់ និង​ឱកាស​ការងារ​សមរម្យ​សម្រាប់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ​និង​ងាយ​រង​ហានិភ័យ ​។

បន្ថែម​ពី​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​បញ្ជាក់​ពី​កិច្ច​ការងារ​ជា​ច្រើន​ដែល​ក្រសួង​បាន​ធ្វើ​រួច​មក​ហើយ​ដើម្បី​ធានា​ថា យុវជន​ដែល​ជា​សិក្ខាកាម​មាន​ជំនាញ​ជាក់លាក់ ប្រសិទ្ធភាព និង​ឱកាស​ចុះ​កម្មសិក្សា​ដែល​ជា​ការ​ហាត់​ការ​ជាក់ស្តែង​នៅ​តាម​រោងចក្រ​សហគ្រាស ​។

សូម​បញ្ជាក់​ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃ​ទី​ ១៤ ខែវិច្ឆិកា ឆ្នាំ ​២០២៣ ​នេះ បាន​ដាក់​ចេញ​នូវ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ​ចំនួន ​១.៥​ លាន​នាក់​ឱ្យ​សិក្សា​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ រយៈពេល​ ៤ ​ខែ​ដោយ​ឥត​គិតថ្លៃ និង​ទទួល​បាន​ប្រាក់​ឧ​ប​ត្ថ​ម​ចំនួន ​២៨​ ម៉ឺន​រៀល​បន្ថែម ​។

យ៉ាងណា​ក៏​ដោយ​ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ​ដល់​ធនាគារអភិវឌ្ឍន៍អាស៊ី​ចំពោះ​កិច្ច​សហប្រតិបត្តិការ និង​ជំនួយ​ជា​ច្រើន​លើ​ការ​បណ្តុះបណ្តាល​ជំនាញ​ជាមួយ​ក្រសួង ហើយ​រំពឹង​ថា ធនាគា​អភិវឌ្ឍន៍​អាស៊ី​មួយ​នេះ នឹង​បន្ត​គាំទ្រ​ជួយ​លើ​គម្រោង​នានា​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បន្ថែម​ទៀត ​៕ អត្ថបទសហការ