រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា បានបង្ហាញលើឆាកអន្តរជាតិ ក្នុងការរួមចំណែក ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ក្នុងនោះមានដាក់ចេញយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងការបណ្តុះដើមឈើជាង ១លានក្នុង១ឆ្នាំ សំដៅបង្កើនគម្របព្រៃឈើ ឲ្យបាន៦០% ត្រឹមឆ្នាំ២០៥០ ។
នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ កម្ពុជាមានកិត្តិយសគួរជាទីមោទន នៅលើឆាកអន្តរជាតិ ពីសន្និសីទកំពូលបណ្តាភាគី នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពី ការប្រែប្រួលអាកាសធាតុ លើកទី២៨(COP28) ដោយទទួលបានការចុះហត្ថលេខា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លើឯកសាររបស់ក្រុមប្រឹក្សាស្ការអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ស្តីពីតួនាទី និងភារកិច្ចសម្រាប់សហស្ថាបនិក និងសមាជិក ក្រោមប្រធានបទ ស្តីពី សម្ព័ន្ធភាពជើងឯកសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធស្បៀង ។
បន្ថែមពីនេះ កម្ពុជាទទួលការអញ្ជើញពីសន្និសីទកំពូលនេះ ឱ្យថ្លែងសុន្ទរកថា គន្លឹះ ស្តីពីការពន្លឿនការផ្លាស់ប្តូរនៅបណ្តាញអាកាសធាតុ និងអាហារូបត្ថម្ភ (Nutrition-Climate Nexus) ។
ក្នុងនាមកម្ពុជា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អះអាង និងគូសបញ្ចាក់លើការងារអាទិភាពថា ដើម្បីឆ្លើយតប នឹងប្រធានបទនេះ ក្រសួងបរិស្ថាន បានដាក់ចេញនូវការងារអាទិភាពរួចទៅហើយ នៅក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងការបណ្តុះដើមឈើជាង១លាន ក្នុង១ឆ្នាំ សំដៅបង្កើនគម្របព្រៃឈើឱ្យបាន៦០% ត្រឹមឆ្នាំ២០៥០ និងចូលរួមកែប្រែគុណភាពដី សម្រាប់ដំណាំកសិកម្ម ។
លទ្ធផលគួរទីមោទនមួយទៀត នៅថ្ងៃដដែលនេះ កម្ពុជានឹងត្រៀមដាក់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីរភាទៅជាអង្គភាពទទួលស្គាល់ ដែលមានលក្ខណៈឯករាជ្យភាព អធិបតេយ្យភាពកម្ពុជា និងភាពជាម្ចាស់ (Accredited Entity) ដោយមានការគាំទ្រ និងសន្យាជួយសម្របសម្រួលពីលោកស្រី Nonhlanhla Zindela អគ្គនាយិការង និងជាប្រធានកម្មវិធីមូលនិធិបរិស្ថានបៃតង Green Climate Fund (GCF) ឱ្យបានក្នុងរយៈពេល២ឆ្នាំ ខាងមុខនេះ ហើយនឹងឱ្យកាន់តែមានប្រសិទ្ធភាពបំផុត ។
សូមរម្លឹកជូនថា សន្និសីទកំពូលបណ្តាភាគី នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពី ការប្រែប្រួលអាកាសធាតុ លើកទី២៨ (COP28) នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម នាឆ្នាំនេះ មានរយៈពេល ១២ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ៕


ចែករំលែកព័តមាននេះ