រាជធានីភ្នំពេញ ៖ យោងតាមសាលាក្តីខ្មែរក្រហម (អ.វ.ត.ក) កាលពីថ្ងៃទី២៣ ឧសភា ឆ្នាំ២០១១បានឱ្យដឹងថា សហព្រះរាជអាជ្ញាអន្តរជាតិលោកអាន់ឌ្រូ ខាលី បានដាក់ពាក្យបណ្តឹងជាលាយលក្ខណ៍អក្សរប្រឆាំងនឹងសហចៅក្រមស៊ើបអង្កេត ចំពោះករណីដែលសហចៅក្រមស្នើឱ្យដកផ្នែកខ្លះនៃសេចក្តីប្រកាសព័ត៌មានក្នុងសំណុំរឿង០០៣ ទៅអង្គជំនុំជម្រះនៃសាលាក្តីកាលពីថ្ងៃទី១៩ ឧសភា ឆ្នាំ២០១១កន្លងទៅ ។ តាមពាក្យបណ្តឹងរបស់លោកអាន់ឌ្រូ ខាលី ដែលបានផ្សព្វផ្សាយតាមគេហទំព័រសាលាក្តីនៅថ្ងៃទី២៣ឧសភាបញ្ជាក់ថា កាលពីថ្ងៃទី១៨ ឧសភា ឆ្នាំ ២០១១ សហចៅក្រមស៊ើបអង្កេតលោកយូ ប៊ុនឡេង និងលោក Siegfried Blunk នៃសាលាក្តី បានចេញដីកាបញ្ជាឱ្យសហព្រះរាជអាជ្ញាអាន់ឌ្រូ ខាលី ដកយកផ្នែកខ្លះនៃព័ត៌មានដែលបានចេញផ្សាយក្នុងសេចក្តីប្រកាសព័ត៌មានរបស់គាត់នៅក្នុងសំណុំរឿង០០៣មិនឱ្យហួសពីរយៈពេលបីថ្ងៃជាកំហិត។
យោងតាមសេចក្តីប្រកាសរបស់សហចៅក្រមស៊ើបអង្កេតនៅក្នុងដីកាចុះថ្ងៃទី១៨ ឧសភា ឆ្នាំ២០១១ លោក យូ ប៊ុនឡេង សហចៅក្រមស៊ើបអង្កេតជាតិ និងលោក Siegfried Blunk សហចៅក្រមអន្តរជាតិនៃអ.វ.ត.កបានចេញដីកាបញ្ជាឱ្យសហព្រះរាជអាជ្ញាអន្តរជាតិ លោកអាន់ឌ្រូ ខាលី ត្រូវដកយកផ្នែកខ្លះចេញពីសេចក្តីប្រកាសរបស់ខ្លួនពាក់ព័ន្ធនឹងសំណុំរឿង០០៣មិនឱ្យហួសពីរយៈពេលបីថ្ងៃជាកំហិត។ សហព្រះរាជអាជ្ញាបានរំលោភលើវិធាននៃការរក្សាការសម្ងាត់ ដោយបានជូនដំណឹងដល់សាធារណជននិងយ៉ាងលម្អិតអំពីការដែលខ្លួន«ស្នើដល់សហចៅក្រមស៊ើបអង្កេតឱ្យ»អនុលោមតាមវិធាន៦៦.១នៃវិធានផ្ទៃក្នុង។
លោកយូ ប៊ុនឡេង ថ្លែងថា សហចៅក្រមស៊ើបអង្កេតបានធ្វើការកត់សម្គាល់លើសេចក្តីប្រកាសព័ត៌មានរបស់សហព្រះរាជអាជ្ញាអន្តរជាតិស្តីពីសំណុំរឿងលេខ០០៣ចុះថ្ងៃទី៩ ឧសភា ឆ្នាំ២០១១ ដែលបានផ្តល់នូវព័ត៌មានស្តីពីឧក្រិដ្ឋកម្មដែលបើតាមគំនិតរបស់សហព្រះរាជអាជ្ញាអន្តរជាតិតម្រូវឱ្យមានការស៊ើបសួរ ហើយក្នុងនោះបានបង្ហាញពីព័ត៌មានពិស្តារទាក់ទងនឹងឧក្រិដ្ឋកម្មដែលបានចោទប្រកាន់ក្នុងករណី ០០៣ ទីតាំងឧក្រិដ្ឋកម្ម និងផែនការឧក្រិដ្ឋកម្មនានា។ ជាងនេះទៅទៀត សេចក្តីប្រកាសព័ត៌មានក៏បានលើកឡើងពីព័ត៌មានស្តីពីសកម្មភាពនានា ដែលបម្រុងនឹងធ្វើនាពេលអនាគតដោយសហព្រះរាជអាជ្ញាអន្តរជាតិទាក់ទងនឹងដំណើរការស៊ើបសួរ ។
សេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យសហចៅក្រមស៊ើបអង្កេតចុះថ្ងៃទី១៨ ឧសភា ឆ្នាំ ២០១១បានសរសេរថា សហព្រះរាជអាជ្ញាអន្តរជាតិ លោកអាន់ឌ្រូ ខាលី ខ្វះខាតនូវមូលដ្ឋានផ្លូវច្បាប់ក្នុងការប្រកាសព័ត៌មានទាំងឡាយខាងលើជាសាធារណៈ ហើយគាត់ក៏បានរំលោភលើវិធានស្តីពីភាពសម្ងាត់ដែរ ។ ដូច្នេះសហព្រះរាជអាជ្ញាអន្តរជាតិត្រូវធ្វើការកែតម្រូវឡើងវិញ ឬក៏ដកចេញនូវចំណុចមួយចំនួននៅក្នុងសេចក្តីប្រកាសជាសាធារណៈរបស់ខ្លួន កាលពីថ្ងៃទី៩ ឧសភា ឆ្នាំ២០១១ មិនឱ្យហួសពីរយៈពេលបីថ្ងៃនៃថ្ងៃធ្វើការងារឡើយ ។
សូមបញ្ជាក់ថា ក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី៩ ឧសភា ឆ្នាំ២០១១ របស់សហព្រះរាជអាជ្ញាអន្តរជាតិ លោកអាន់ឌ្រូ ខាលី ដែលសហចៅក្រមស៊ើបអង្កេតតម្រូវឱ្យដកចេញនោះ គឺចំណុចដែលសហព្រះរាជអាជ្ញាអន្តរជាតិរូបនេះ បានស្នើសុំឱ្យសហចៅក្រមស៊ើបអង្កេត ដំណើរការស៊ើបអង្កេតបន្ថែមលើសំណុំរឿងលេខ០០៣ ដែលរួមមាន៖ កោះហៅ និងសួរចម្លើយជនសង្ស័យនានា ដែលមានឈ្មោះនៅក្នុងដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលើសំណុំរឿងលេខ០០៣ និងកំណត់អត្តសញ្ញាណអ្នកទាំងនោះថា ពួកគេស្ថិតនៅក្រោមការស៊ើបសួរស្រាវជ្រាវរកទីកន្លែងកប់សាកសពរួម និងដាក់ភស្តុតាងបន្ថែមចូលទៅក្នុងសំណុំរឿង រួមទាំងការផ្ទេរភស្ថុតាងបន្ថែមទៀតពីសំណុំរឿងលេខ០០២ ទៅក្នុងសំណុំរឿងលេខ០០៣ជាដើម។
ចំណែកមួយចំណុចផ្សេងទៀត គឺត្រង់កន្លែងដែលសហព្រះរាជអាជ្ញាអន្តរជាតិបានលើកឡើងក្នុងសេចក្តីប្រកាសរបស់ខ្លួនថា ឧក្រិដ្ឋកម្មនានា ដែលតម្រូវឱ្យធ្វើការស៊ើបសួរជាផ្នែកនៃសំណុំរឿងលេខ០០៣ បានកើតឡើងនៅតាមទីតាំងឧក្រិដ្ឋកម្ម និងព្រឹត្តិការណ៍ឧក្រិដ្ឋកម្មនានាជាច្រើន ដែលគ្របដណ្តប់ដោយសំណុំរឿងលេខ០០២ រួមមាន៖ មន្ទីរសន្តិសុខស២១ ការដ្ឋានសាងសង់ចំណតយន្តហោះកំពង់ឆ្នាំង ការបោសសម្អាតភូមិភាគបូព៌ា ភូមិភាគកណ្តាល និងភូមិភាគឧត្តរថ្មី ហើយនិងការលុកលុយចូលក្នុងប្រទេសវៀតណាម ក៏ដូចជា ទីតាំងឧក្រិដ្ឋកម្ម និងព្រឹត្តិការណ៍ឧក្រិដ្ឋកម្មថ្មីៗនានានៅមន្ទីរសន្តិសុខ ស២១ ក្នុងតំបន់ភ្នំពេញ មន្ទីរសន្តិសុខវត្តអង្គតាញាណ ក្នុងខេត្តព្រះសីហនុ ការដ្ឋានពលកម្មដោយបង្ខំ កន្លែងយកថ្មនៅស្ទឹងហាវ ក្នុងខេត្តព្រះសីហនុ ការចាប់ចងជនជាតិបរទេស នៅក្បែរតំបន់ឆ្នេរសមុទ្រកម្ពុជា និងការដាក់ពួកគេនៅក្នុងមន្ទីរឃុំឃាំងដោយខុសច្បាប់ ការបញ្ជូនទៅ ស២១ ឬការសម្លាប់ និងនៅមន្ទីរសន្តិសុខនានាដែលបានដំណើរការប្រព្រឹត្តនៅក្នុងខេត្តរតនគិរី។
សាលាក្តីបានឱ្យដឹងទៀតថា នៅថ្ងៃទី១៨ ឧសភា ឆ្នាំ ២០១១ ជាថ្ងៃចុងក្រោយដែលសហព្រះរាជអាជ្ញាត្រូវឆ្លើយតបជាផ្លូវការទៅកាន់សហចៅក្រមស៊ើបអង្កេតពាក់ព័ន្ធនឹងសំណុំរឿង០០៣ ដែលមានរយៈពេលយ៉ាងយូរ១៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ មេសា ឆ្នាំ២០១១។ ថ្ងៃទី២៩ មេសា ឆ្នាំ២០១១ ជាថ្ងៃដែលសហចៅក្រមស៊ើបអង្កេត បានប្រកាសបញ្ចប់ការស៊ើបសួរលើសំណុំរឿងលេខ០០៣ ។
គេនៅចាំបានថា កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០០៩ សហព្រះរាជអាជ្ញាអន្តរជាតិ បានដាក់ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរចំនួនពីរ ជូនទៅសហចៅក្រមស៊ើបអង្កេត ដើម្បីឱ្យបើកកិច្ចស៊ើបសួរលើឧក្រិដ្ឋកម្មផ្សេងៗដែលមាននៅក្នុងសំណុំរឿងលេខ០០៣ និង០០៤ ។ ដីកាសន្និដ្ឋានទាំងនេះមានឈ្មោះជនសង្ស័យសរុបចំនួន៥នាក់ ដែលសហព្រះរាជអាជ្ញាជឿជាក់ថា ត្រូវទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មនានា ដែលបានលើកឡើងចោទប្រកាន់ និងដែលស្ថិតក្រោមយុត្តាធិការរបស់ អ.វ.ត.ក ។ ទោះយ៉ាងណា គេនៅមិនទាន់ដឹងទេថា តើ ជនសង្ស័យទាំងនោះមានឈ្មោះអ្វីនិងតួនាទីអ្វីនៅឡើយ ៕
ចែករំលែកព័តមាននេះ