ភ្នំពេញ៖ តាមប្រតិទិន ដែលបានគ្រោងទុក នៅថ្ងៃចន្ទ ទី១១ធ្នូស្អែកនេះ ជាថ្ងៃចុងក្រោយ ដែលគ.ជ.ប ទទួលចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជន ឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
គិតត្រឹមថ្ងៃទី១០ធ្នូ គ.ជ.ប ប្រកាសថា មានគណបក្ស ៤ហើយ បានចុះបញ្ជី ដាក់បេក្ខជនចូលរួមប្រកួតប្រជែងការបោះឆ្នោតព្រឹទ្ធសភា។ ក្នុងនោះ គ.ជ.ប បានសម្រេចទទួលស្គាល់ផ្លូវការនូវបញ្ជីឈ្មោះបេក្ខជនរបស់គណបក្សប្រជាជនកម្ពុជា ខណៈដែលគណបក្ស ៣ទៀត កំពុងពិនិត្យផ្ទៀងផ្ទាត់ រួមមាន គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។
គណបក្សហ៊្វុនស៊ិនប៉ិច បានដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ កាលពីព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣។
ការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ នឹងធ្វើឡើង នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាការបោះឆ្នោតអសកល ដោយមានតែសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងតំណែង និងអ្នកតំណាងរាស្ត្រ ក្នុងតំណែងប៉ុណ្ណោះ ជាអ្នកបោះឆ្នោត។
លទ្ធផលនៃការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បង្ហាញថា មានគណបក្ស ៩ បានជាប់ឆ្នោត ដែលមានសមាសភាពសរុប ១១៦២២រូប។ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតច្រើនជាងគេ ជាង ៨០ភាគរយ ដោយមានសមាសភាពជាក្រុមប្រឹក្សាឃុំសង្កាត់ ចំនួន ៩៣៧៦រូប។ គណបក្សភ្លើងទៀន មាន ២១៩៨រូប។ គណបក្សហ៊្វុនស៊ិនប៉ិច ១៩រូប។ គណបក្សរួបរួមជាតិ ១៣រូប។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ៦រូប។ គណបក្សខ្មែរស្រឡាញ់ជាតិ ៥រូប។ គណបក្សយុវជនកម្ពុជា ៣រូប។ គណបក្សកម្ពុជានិយម ១រូប។ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ១រូប។
ដោយឡែក លទ្ធផលនៃការបោះឆ្នោតតំណាងរាស្ត្រ នីតិកាលទី៧ នាខែកក្កដា ឆ្នាំ២០២៣ គឺក្នុងចំណោមអាសនៈរដ្ឋសភា សរុប ១២៥រូប មានគណបក្សប្រជាជនកម្ពុជា ១២០រូប និងគណបក្សហ៊្វុនស៊ិនប៉ិច ៥រូប៕






ចែករំលែកព័តមាននេះ