រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា អគ្គិភ័យបានឆាបឆេះធុងបាស់នៅក្នុងផាប់មួយកន្លែង នៅចំណុចទីប្រជុំជន បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋសុំជំនួយរថយន្តពន្លត់អគ្គិភ័យភ្លាមៗ កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចផាប់មួយកន្លែង មានស្លាកយីហោ «DO IT ALL PUB» ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាន់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានផ្សែងហ៊ុយចេញពីក្នុងផាប់មួយកន្លែង ដែលមានស្លាកយីហោ «DO IT ALL PUB» និងមានអណ្តាតភ្លើងឆាបឆេះតែម្ដង។ ដោយឃើញដូចនេះភ្លាម អ្នករស់នៅជិតទីតាំងកើតហេតុខាងលើ បាននាំគ្នារាយការណ៍ជូនសមត្ថកិច្ច និងសុំរថយន្តពន្លត់អគ្គិភ័យ ដើម្បីមកជួយអន្តរាគមន៍ជាបន្ទាន់ ដោយសារតែនៅតំបន់នោះ គឺមានមនុស្សរស់នៅច្រើន។

ក្រោយពីទទួលបានដំណឹងខាងលើនេះភ្លាម ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ទៅកាន់ទីតាំងកើតហេតុ និងអន្តរាគមន៍បា.ញ់ទឹកពន្លត់ភ្លាមៗផងដែរ។

គួរបញ្ជាក់ផងដែរថា ករណីអគ្គិភ័យនេះ បានឆាបឆេះធុងបាស់១គ្រឿងនៅក្នុងផាប់កើតហេតុខាងលើ ដោយគេសន្និដ្ឋានជាបឋមថា «សង្ស័យបណ្តាលមកពីឆ្លងចរន្តអគ្គិសនី»។ ហើយករណីអគ្គិភ័យនេះផងដែរ មិនបានបង្កអោយឆេះរាលដាល ឬបង្កអោយនរណាម្នាក់រងរបួសនោះឡើយ។

ក្រោយពេលកើតហេតុ មន្ត្រីជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យបា.ញ់ទឹកពន្លត់អស់១គ្រឿង ទើបធ្វើអោយអណ្ដាតភ្លើងរលត់ទៅវិញទាំងស្រុងនៅថ្ងៃខែឆ្នាំដដែល ព្រមទាំងបានត្រឡប់ទៅកាន់ការិយាល័យវិញផងដែរ៕
ចែករំលែកព័តមាននេះ