រាជធានីភ្នំពេញ ៖ ឃាតករវ័យក្មេងដែលសម្លាប់នាងកម្មការិនីជាសង្សាររួចយកទៅចង.កព្យួរនៅមាត់ទ្វារបន្ទប់ទឹកក្នុងបន្ទប់ជួលនោះ ត្រូវបាននាំខ្លួនពីអធិការដ្ឋានស្រុកក្រឡាញ់ ខេត្តសៀមរាប បញ្ជូនដល់អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញហើយ កាលពីវេលាម៉ោង៩ និង១៥នាទីយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ និងកំពុងត្រូវបានឃុំខ្លួនបណ្ដោះអាសន្នធ្វើការសាកសួរនៅទីនោះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។
ឃាតកររូបនោះ ឈ្មោះ ភុំ ផា អាយុ២០ឆ្នាំ រស់នៅភូមិអូរគគីកណ្ដាល ឃុំលំលង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ ចំណែកនាងជាសង្សារដែលត្រូវសម្លាប់នោះឈ្មោះស៊ីម រ៉ាឌី អាយុ១៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានស្រុកកំណើតនៅភូមិសំបួរ ឃុំព្រៃគុយ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ និងស្នាក់នៅផ្ទះជួលជាមួយម្ដាយជាស្រីមេម៉ាយនៅក្នុងភូមិកើតហេតុខាងលើ ។
នគរបាលខណ្ឌពោធិ៍សែនជ័យបានប្រាប់ឲ្យដឹងថា អំពើឃាតកម្មនេះ ផ្ដើមចេញពីទំនាស់វិបត្តិស្នេហា ដែលតាមការសាកសួរចម្លើយជនដៃដល់បានសារភាពថា នាងជាសង្សារបានបែកចិត្តទៅមានអ្នកថ្មី ហើយសុំខ្លួនបែកនិងផ្ដាច់ទំនាក់ទំនងជាមួយខ្លួនថែមទៀត ទើបនៅវេលាយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ពេលបានជួបគ្នានៅក្នុងបន្ទប់ជួលមានការជជែកគ្នា ហើយខ្លួនបានសុំឆែកមើលទូរស័ព្ទរបស់នាង ប៉ុន្តែនាងមិព្រមឲ្យមើល ក៏បានកើតជាទំនាស់ឈ្លោះប្រកែកគ្នាខ្លាំងឡើងនៅក្នុងពេលនោះតែម្ដង។
នគរបាលបានប្រាប់ឲ្យដឹងបន្តទៀតថា ដោយសារភ្លើងកំហឹងផ្ទុះឡើងឆេះរាលរោលពេញខ្លួននោះខ្លួនក៏បានច្រាននាងឲ្យដួល រួចយកខ្នើយខ្ទប់ច្រមុះ និងច្របាច់.កនាងរហូតដល់ដាច់ខ្យល់ស្លាប់ បន្ទាប់មកបានយកសពនាងចង.កព្យួរជាប់មាត់ទ្វារបន្ទប់ទឹក។
ក្រោយមក ខ្លួនបានដេកនៅក្នុងបន្ទប់កើតហេតុ១យប់ រហូតដល់វេលាម៉ោងប្រមាណ៥ព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ខ្លួនបានចាក់សោទ្វារពីខាងក្រៅរួចទើបចាកចេញ ហើយធ្វើដំណើរទៅកាន់ខេត្តឧត្តរមានជ័យដែលជាស្រុកកំណើតដើម្បីគេចខ្លួន ។
ប្រភពដដែលបានឲ្យដឹងបន្តថា ខ្លួនបានស្នាក់នៅខេត្តឧត្ដរមានជ័យនោះ១យប់ រហូតដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ទើបធ្វើដំណើរមកស្រុកក្រឡាញ់ ខេត្តសៀមរាប ហើយដោយមិនអាចគេចខ្លួនរួច ពុំដឹងថាត្រូវគេចទៅណានោះ ទើបនៅព្រឹកថ្ងៃទី៨ ខែធ្នូក៏ចូលខ្លួនសារភាពនៅអធិការដ្ឋាននគរបាលស្រុកក្រឡាញ់តែម្ដង។
សូមរំលឹកថា ស្ត្រីរងគ្រោះខាងលើត្រូវបានក្រុមគ្រួសារប្រទះឃើញស្លាប់ដោយចងព្យួរ ក នៅមាត់ទ្វារបន្ទប់ទឹកក្នុងបន្ទប់ជួលលេខ៣៧ ជាន់ទី១ ផ្ទះជួលស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២រសៀល ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។
បើតាមសាច់ញាតិជនរងគ្រោះបាននិយាយថា ម្ដាយរួមទាំងសាច់ញាតិបានដឹងថា ជនដៃដល់និងជនរងគ្រោះស្រលាញ់គ្នាយូរមកហើយ និងធ្លាប់បានប្រាប់ឲ្យជននោះនាំចាស់ទុំចូលស្ដីដណ្ដឹងនាងដែរ ប៉ុន្តែមិនព្រមចូលស្ដីសោះ។ ដោយឡែក នៅចុងក្រោយរយៈពលកន្លះខែ មុនពេលស្លាប់នាងរងគ្រោះបានផ្ដាច់ទំនាក់ទំនងជាមួយជនដៃដល់ និងមានបំណងចង់ឈប់ធ្វើការ ហើយជននោះបានខឹងសម្បារនាងយ៉ាងខ្លាំង។
ប្រភពខាងលើបានប្រាប់ឲ្យដឹងបន្តថា ឃាតកររូបនោះតែងតែបានគំរាមកំហែងនាងរងគ្រោះជាញឹកញាប់ថា «គ្មានស្រឡាញ់អ្នកណាក្រៅពីរូបគេទេ ពុំនោះទេ គេនឹងសម្លាប់ចោល បើខ្លួនយកនាងមិនបានទេ នរណាក៏យកមិនបានដែរ» ហើយ ក្រោយមកជននោះក៏បានសម្លាប់នាងទាល់តែបានមែន ។
ចែករំលែកព័តមាននេះ