ខេត្តពោធិ៍សាត់ ៖ មានករណីខ្លាឃ្មុំមួយក្បាល បានខាំក្មេងប្រុសម្នាក់ បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ ខណៈចូលព្រៃជាមួយឪពុក រកគមក្រវាញយកមកលក់ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ។ ហេតុ ការណ៍នេះ កើតឡើងកាលពីវេលាម៉ោងប្រមាណ១និង៤៥នាទីរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ នៅចំណុចដំណាក់ត្រឡាច ជាប់ជើងភ្នំខ្មោច ស្ថិតក្នុងភូមិឈើទាលជ្រំ ឃុំប្រមោយ ស្រុកវាលវែង ។
សមត្ថកិច្ចឲ្យដឹងថា ក្មេងប្រុសដែលត្រូវខ្លាឃ្មុំខាំនោះឈ្មោះ រឹម រ៉ាន់ អាយុ១៥ឆ្នាំ រស់នៅក្នុងភូមិឃុំ ខាងលើ រងរបួសជើងស្ដាំ និងក្បាលយ៉ាង ធ្ងន់ធ្ងរ ។ មុនពេលកើតហេតុ ក្មេងប្រុសនិងឪពុកបានចេញពីផ្ទះទៅដកគមក្រវាញនៅម្ដុំជើងភ្នំខ្មោច ដែលមានចម្ងាយពីផ្ទះជាង៣គីឡូម៉ែត ។ នៅទីនោះគឺជាព្រៃស្រោងដែលមានដើមក្រវាញដុះល្បាយគ្នាក្រោមដើមឈើតូចធំចម្រុះ ។
ខណៈកំពុងដកគមក្រវាញក្បែរគ្នានោះ ស្រាប់តែមានខ្លាឃ្មុំ១ក្បាលចេញពីព្រៃម្ខាងទៀត ស្ទុះមកខាំកូនប្រុស ។ នៅពេលឃើញដូច្នេះ ឪពុកបានកាប់ដើមឈើមួយកំណាត់មកសំពងខ្លាឃ្មុំទាំងនេះពេញទំហឹង ។ ពេលនោះខ្លាឃ្មុំបានដកខ្លួនចេញពីកូនមកប្រយុទ្ធជាមួយឪពុកទៀត ប៉ុន្តែដោយ សារត្រូវបីបួនដំបងទំនងឈឺខ្លាំង ខ្លាឃ្មុំកំណាច១ក្បាលនោះក៏បោលចូលព្រៃវិញបាត់ទៅ ។
នៅក្នុងហេតុការណ៍នេះ កូនប្រុសបានរងរបួសក្បាលនិងជើងហូរឈាមសស្រាក់ លុះឪពុកនាំយកមកដល់ផ្ទះ ក៏បានដឹងដល់សមត្ថកិច្ច ជួយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗដែរ ៕
ចែករំលែកព័តមាននេះ