គូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ីចាប់ផ្ដើមចាត់វិធានការក្ដៅហើយពេលនេះ។ បណ្ដោយតទៅទៀតមិនបានទេបន្ទាប់ពីខ្លាខាំសម្លាប់មនុស្សអស់៣នាក់ត្រឹមតែរយៈពេល២ខែប៉ុណ្ណោះ។ ជាជំហានដំបូង អាជ្ញាធរចាប់ផ្ដើមដាក់ពង្រាយអន្ទាក់ចំនួន១១ និងកាមេរ៉ា២០គ្រឿងបង្កប់នៅក្នុងតំបន់ព្រៃស្រោងនៃស្រុកគួរមូសាង (Gua Musang) រដ្ឋកេឡាន់តាន់ (Kelantan)។ នៅទីនេះហើយដែលកើតមានការខាំសម្លាប់មនុស្សស្រស់ៗអស់បីនាក់។
បើគិតទាំងលើកនេះទៀត សត្វខ្លាខាំមនុស្សចំនួន៥ករណី និងស្លាប់មនុស្ស៤នាក់នៅស្រុកខាងលើនេះចាប់តាំងពីឆ្នាំ២០២១។ នេះបើយោងតាមការបង្ហើបឱ្យដឹងពីលោកមហាម៉ាត់ ហាហ៊្វីត រ៉ូហានី (Mohamad Hafid Rohani) ជាប្រធាននាយកដ្ឋានសត្វព្រៃ និងសួនឧទ្យានជាតិនៃរដ្ឋកេឡាន់តាន់។ ករណីស្លាប់មនុស្ស៣នាក់កើតឡើងនៅខែតុលា និងខែកញ្ញា ឆ្នាំ២០២៣។
លោកកំពុងបារម្ភយ៉ាងខ្លាំងចំពោះបញ្ហានេះ។ បើនិយាយទៅ, រយៈពេលជាច្រើនទសវត្សមកហើយទើបតែពេលនេះទេដែលមានករណីខ្លាខាំសម្លាប់មនុស្សញឹកញាប់បំផុត។ លើកនេះ គេយកអន្ទាក់រាងចតុកោណដែលគ្របជុំវិញដោយស្លឹកដូងប្រេងទៅដាក់នៅទីកន្លែងដែលកើតមានការខាំសម្លាប់មនុស្ស។ អន្ទាក់មួយត្រូវគេបង្កប់នៅក្នុងចម្ការដូងប្រេង។
គេបានដាក់សត្វពពែរស់ជាច្រើនក្បាលនៅក្នុងទ្រុងបិទជិតដើម្បីបោកបញ្ឆោតឱ្យសត្វខ្លាដើរចូលទៅក្នុងអន្ទាក់។ សត្វខ្លាម៉ាឡេដែលគេសង្ស័យថាជាអ្នកខាំសម្លាប់មនុស្សខាងលើនោះជាប្រភេទសត្វកម្រ។ គេគិតថាសត្វនេះនៅសេសសល់មិនដល់១៥០ក្បាលទេនៅទូទាំងពិភពលោក។ លោកហាហ៊្វីតប្រាប់ឱ្យដឹងថានៅរដ្ឋកេឡាន់តាន់មានខ្លាប្រភេទនេះ៣៥ក្បាល។
ជាទូទៅ សត្វខ្លាកម្រខាំមនុស្សណាស់់ ប៉ុន្តែករណីនេះក៏ធ្លាប់កើតមានម្ដងម្កាលផងដែរនៅក្នុងតំបន់អភិវឌ្ឍ។ ពោលគឺតំបន់ដែលធ្លាប់ជាដែនជម្រកសត្វព្រៃ ហើយត្រូវមនុស្សចូលទៅកាប់ទន្ទ្រានដើម្បីយកដីធ្វើជាគម្រោងអភិវឌ្ឍអ្វីមួយ។ កាលពីខែវិច្ឆិកា គេដាក់អន្ទាក់ជាប់ខ្លាញីមួយក្បាល ហើយដឹកយកទៅដាក់នៅតំបន់អភិរក្សសត្វព្រៃ។ ប៉ុន្តែគេមិនទាន់ដឹងតើសត្វខ្លាជាប់អន្ទាក់ហ្នឹងបានខាំមនុស្សរបួស ឬស្លាប់នៅឡើយទេ។
នៅក្នុងចំណោមអ្នកស្លាប់២នាក់តាំងពីឆ្នាំ២០២១ ម្នាក់ជាកម្មករធ្វើការនៅក្នុងចម្ការធំៗនៃប្រទេសម៉ាឡេស៊ី។ ចំណែកជនរងគ្រោះពីរនាក់ទៀតជាអ្នកស្រុករស់នៅតំបន់នោះផ្ទាល់តែម្ដង។ ខ្លាញីមួយក្បាលដែលខាំបុរសម្នាក់បណ្ដាលឱ្យរបួសធ្ងន់កាលពីខែកក្កដា ឆ្នាំ២០២១ត្រូវគេចាប់បានហើយ ហើយយកទៅលែងនៅក្នុងតំបន់អភិរក្សសត្វព្រៃ។ ខ្លាដែលខាំសម្លាប់មនុស្សម្នាក់កាលពីខែមករា ឆ្នាំ២០២២ត្រូវគេបាញ់សម្លាប់ចោលតែម្ដងព្រោះទុកវាមិនបានទេ។ ពេលនោះ វាប្រុងស្ទុះទៅខាំអ្នកអភិរក្សសត្វព្រៃ។ អាជ្ញាធរប្រាប់ឱ្យអ្នកស្រុកប្រុងប្រយ័ត្នខ្លួន។ បើត្រូវធ្វើដំណើរចេញទៅក្រៅផ្ទះគួរមានគ្នាអមដំណើរទៅជាមួយផង៕
ប្រភព៖ Channel News Asia
https://www.channelnewsasia.com/asia/malaysia-trapping-tigers-after-three-people-killed-3972496
ចែករំលែកព័តមាននេះ