ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កែលម្អឡើងវិញ ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតី

4 ខែ មុន
  • កំពង់ស្ពឺ

កំពង់ស្ពឺ៖ ពិធី​សម្ពោធដាក់ឱ្យប្រើប្រាស់គម្រោងស្តារ និងកែលម្អឡើងវិញ​នូវប្រព័ន្ធ​ស្រោចស្រព ​និងប្រព័ន្ធដោះទឹក ខាងលិចទន្លេសាប (CP-PII & CP-P23) និងពិធី​បើកការដ្ឋានសាងសង់​គម្រោងស្តារ និងកែលម្អឡើងវិញប្រព័ន្ធស្រោចស្រព…

កំពង់ស្ពឺ៖ ពិធី​សម្ពោធដាក់ឱ្យប្រើប្រាស់គម្រោងស្តារ និងកែលម្អឡើងវិញ​នូវប្រព័ន្ធ​ស្រោចស្រព ​និងប្រព័ន្ធដោះទឹក ខាងលិចទន្លេសាប (CP-PII & CP-P23) និងពិធី​បើកការដ្ឋានសាងសង់​គម្រោងស្តារ និងកែលម្អឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ (CP-P14 & CP-P28) សំណង់ទ្វារទឹករលាំងជ្រៃ បានធ្វើឡើង នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នៅ​ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

នៅក្នុងពិធីនោះ ប្រារព្ធឡើងក្រោមអធិបតីភាព លោក​ ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក UENO ATSUSHI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃរាជរដ្ឋា​ភិបាល​ជប៉ុន ប្រចាំ​កម្ពុជា។ ​ក្រៅពីនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក SANUI KAZUMASA ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក​ វ៉ី សំណាង អភិបាល​ខេត្តកំពង់ស្ពឺ លោក លោកស្រី ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ព្រមទាំងអាជ្ញាធរ និងប្រជាពលរដ្ឋ ចូលរួមយ៉ាងច្រើនកុះករផងដែរ។

​លោក​ ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លើកឡើងថា ទឹក គឺជាធនធានមួយដ៏មានសារសំខាន់ ក្នុងការទ្រទ្រង់ជីវិតមនុស្ស សត្វ និងរុក្ខជាតិ នៅក្នុងព្រះរាជាណា​ចក្រកម្ពុជា ក៏ដូចជា នៅក្នុងពិភពលោក។ ដូចនេះ ទឹកមានតួនាទីយ៉ាងសំខាន់ នៅក្នុងការធ្វើឲ្យសម្រេចបាន​នូវគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម សន្តិសុខស្បៀង និងការអភិរក្សបរិស្ថាន។

លោករដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តថា នាពេលបច្ចុប្បន្ន និន្នាការនៃការឡើង​កំដៅនៃភពផែនដី ការប្រែប្រួលអាកាសធាតុ ការកើនឡើងនូវ គ្រោះធម្មជាតិ (គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត) ការកើនឡើងនៃចំនួនប្រជាពលរដ្ឋ ការរីកដុះដាលនៃទីក្រុង ការរីកចម្រើនលើវិស័យឧស្សាហកម្ម ការកើនឡើងនៃតម្រូវការទឹក ការធ្លាក់ចុះគុណភាពទឹក ការថយចុះ បរិមាណទឹក។ ការប្រើប្រាស់ទឹក ការទទួលបាននូវទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ នៅមានកម្រិតការយល់ដឹង និងការផ្តល់ហិរញ្ញប្បទានសាធារណៈក្នុងវិស័យធនធានទឹក នៅមានកម្រិត បានធ្វើឲ្យ បញ្ហាទឹកមានសភាពកាន់តែធ្ងន់ធ្ងរទៅៗ និងបានបង្ហាញយ៉ាងច្បាស់ថា នាពេលដ៏ខ្លីខាងមុខនេះ វិបត្តិទឹកអាច នឹងកើតមានឡើងយ៉ាងពិតប្រាកដ។

លោករដ្ឋមន្ត្រី បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ដោយផ្តល់អាទិភាពខ្ពស់ លើវិស័យធនធានទឹក តាមរយៈការពង្រឹងយន្តការលើការគ្រប់គ្រង ការអភិវឌ្ឍន៍ និងការអភិរក្សវិស័យធនធានទឹក ការពង្រឹងលើការគ្រប់គ្រងស្ថាប័ន ក្នុងគោលបំណងផ្គត់ផ្គង់ និងបែងចែកទឹក ប្រកបដោយប្រសិទ្ធភាព សមធម៌ និងនិរន្តរភាព ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ថោ ជេដ្ឋា បន្ថែមថា ការស្តារ និងការជួសជុលឡើងវិញ ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹក ការបង្កើត និងការពង្រឹងសហគមន៍កសិករប្រើប្រាស់ទឹក និងការផ្តល់ សេវាផ្សព្វផ្សាយកសិកម្មដល់ប្រជាកសិករស្ថិតក្នុងតំបន់គម្រោង បានធ្វើឲ្យបរិមាណនៃផលិតកម្មស្រូវ និង ប្រាក់ចំណូលរបស់ប្រជាកសិករមានការកើនឡើង​ពីមួយឆ្នាំទៅមួយឆ្នាំ និងធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅ របស់ប្រជាកសិករ។

លោករដ្ឋមន្ត្រី បន្ថែមថា គម្រោងស្តារ និងកែលម្អឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹក​ខាងលិចទន្លេសាប បានបញ្ចប់ ការសាងសង់នៅក្នុងឆ្នាំ២០២០ កន្លងមក។ ក៏ប៉ុន្តែ ដោយសារវិបត្តិ​ជំងឺឆ្លងសកលកូវីដៃ១៩ បានធ្វើឲ្យការ រៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ត្រូវបានពន្យារពេល រហូតមកទល់ពេលនេះ។ ថ្ងៃនេះ យើងនឹងប្រារព្ធពិធីសម្ពោធគម្រោងចំនួនពីរ ក្នុងថ្ងៃតែមួយ គឺគម្រោងទី១ ការប្រកាសដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការនូវគម្រោងស្តារ និងកែលម្អឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកខាងលិចទន្លេសាប និងគម្រោងទី២ ពិធីសម្ពោធបើកការដ្ឋានសាងសង់គម្រោងស្តារ និងកែលម្អឡើងវិញប្រព័ន្ធស្រោចស្រព និង ប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ។

សមិទ្ធិផលថ្មី នៃគម្រោងទាំងពីរ ដែលយើងគ្រោងនឹងប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ និង សម្ពោធបើកការដ្ឋានសាងសង់នាថ្ងៃនេះ គឺជាចំណងដៃការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលជប៉ុន។

សមិទ្ធិផលថ្មី នៃគម្រោងទាំងពីរ ក៏បានចូលរួមចំណែកដល់ការធ្វើឲ្យសម្រេចបាននូវអាទិភាពគន្លឹះ ទី៣ គឺ ទឹក” និងបាវចនា ៥ “កំណើន ការងារ សមធម៌ ប្រសិទ្ធិភាព និងចីរភាព” នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឆ្នាំ២០២៤-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាជាតិផងដែរ។

ចំពោះគម្រោងស្តារ និងកែលម្អឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតី​រាជធានីភ្នំពេញ ស្ថិតក្នុងខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តតាកែវ បន្ទាប់ពីការសាងសង់សំណង់ការងារដី និងសំណង់សិល្ប ការត្រូវបានបញ្ចប់នៅក្នុងឆ្នាំ២០២៦ ខាងមុខនេះ គម្រោងនឹងផ្គត់ផ្គង់ទឹកស្រោចស្រពលើផ្ទៃដីស្រែ សរុបចំនួន ២៣.៨៣១ ហិកតា ដែលអ្នកទទួលផលពីគម្រោងមានចំនួន ៧.៩២៥ គ្រួសារ ស្មើនឹង ៤៤.១៥៧នាក់ និង បង្កើនទិន្នផលស្រូវពី ២,២០តោន ទៅ ៣,៨០ តោន/ហិកតា។

លោករដ្ឋមន្ត្រី បានសំណូមពរ ដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាកសិករ ដែលរស់នៅក្នុង​តំបន់គម្រោង សូមចូលរួមសហការឲ្យបានជិតស្និទ្ធ ជាមួយនឹងមន្ទីរធនធានទឹក និងឧតុនិយម ក្នុងការគ្រប់គ្រង និងការថែទាំប្រព័ន្ធធារាសាស្ត្រ ដែលបានសាងសង់រួច ឲ្យមានប្រសិទ្ធភាព និងមាននិរន្តរភាព ដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹក ឲ្យបានគ្រប់គ្រាន់ ដល់ការងារដាំដុះ ដំណាំកសិកម្ម ជាពិសេសដំណាំស្រូវផងដែរ៕ វង្ស សន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ