ប្រទេសថៃ និងវៀតណាម កំពុងតែបង្ហាញនូវអាទិភាពនៃការនាំចេញអង្កររបស់ពួកគេរៀងៗខ្លួន ដោយប្រទេសថៃ មកដល់១០ខែនៃឆ្នាំនេះ បាននាំចេញរហូតដល់ទៅ៧លានតោន មានតម្លៃជិត៤ពាន់លានដុល្លារ ខណៈដែលប្រទេសវៀតណាម នាំចេញបាន៦,៦លានតោននៅក្នុងរយៈពេល៩ខែ នៅក្នុងតម្លៃ៣,៦៦ពាន់លានដុល្លារ។ ដោយឡែកកម្ពុជាវិញ ក៏មានកំណើនដែរ តែការនាំចេញស្រូវ គឺមានច្រើនខ្លាំងណាស់ ។

តាមតួរលេខដែលប្រកាសដោយសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា នៅក្នុងរយៈពេល១១ខែ នៃឆ្នាំ២០២៣នេះ កម្ពុជានាំចេញអង្ករបាន ៥៩៥.៦៣០ តោន មានតម្លៃប្រមាណជាជិត ៤២១ លានដុល្លារ ហើយទីផ្សារធំគឺចិន សហភាពអឺរ៉ុប អាស៊ាន ប៉ុន្តែបរិមាណនៃការនាំចេញ ស្រូវតាមព្រំដែន គឺមានទំហំធំធេងខ្លាំងណាស់។

ស្ថិតិដដែល បានបង្ហាញថា ទំហំនៃការនាំចេញស្រូវរបស់កម្ពុជា តាមពាណិជ្ជកម្មឆ្លងកាត់ព្រំដែន គឺមានប្រមាណជា ៣,៩ លានតោន នៅក្នុងទឹកប្រាក់ដល់ទៅជាង ១.១៥៦ លាន ដុល្លារ ឃើញថា បរិមាណនេះច្រើនមែនទែន ។

តាមទំនងបរិមាណនៃការនាំចេញស្រូវនេះ នឹងបន្តកើនឡើងថែមទៀត ដោយសារតែនៅពេលនេះឈ្មួញកណ្តាលនៅតែបន្តចុះដើរប្រមូលទិញផលស្រូវពីកសិករ រហូតដល់វាលស្រែ ដើម្បីនាំចេញ ខណៈពេលដែលពួកគេកំពុងតែប្រមូលផល។ រីឯតម្លៃស្រូវនៅក្នុងឆ្នាំនេះវិញ ក៏មានតម្លៃល្អថែមទៀតផង ពោលគឺតម្លៃស្រូវសើមដែលឈ្មួញចុះទិញ គឺមានតម្លៃចាប់ពី១២០០រៀល ទៅ ១៤០០ រៀល នៅក្នុងមួយគីឡូក្រាម ។

ដោយសារតែមកដល់ពេលនេះ បណ្តាប្រទេសដែលនាំចូលស្រូវកម្ពុជា គឺមានតែប្រទេសវៀតណាម និងប្រទេសថៃ ហើយប្រទេសទាំងពីរនេះ កំពុងតែមានកំណើននៃការនាំចេញដូច្នេះថា តើនៅក្នុងចំណោមបរិមាណស្រូវនាំចេញរបស់កម្ពុជា ទាំងជាង ៣,៩ លានតោននេះ អាចមានលាយឡំនឹងបរិមាណអង្ករថៃ និងវៀតណាម នាំចេញទៅកាន់ទីផ្សារក្រៅប្រទេសបានទេ?
មកដល់ពេលនេះ ព័ត៌មានពិតប្រាកដ គឺមិនមានការបញ្ជាក់ច្បាស់លាស់ឡើយ នៅលើបញ្ហានេះ ប៉ុន្តែការសង្ស័យបែបនេះ ក៏អាចទៅរួចផងដែរ ។

តាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មថៃ ដែលសារព័ត៌មាននៅក្នុងប្រទេសនេះ បានចុះផ្សាយបានឲ្យដឹងថា នៅក្នុងរយៈពេល១០ខែនៃឆ្នាំ២០២៣ ពោលគឺពីខែមករា រហូតដល់ខែតុលា ថៃបាននាំអង្ករចេញមានបរិមាណសរុបជិត ៧ លានតោន ដែលមានតម្លៃជិត ៤ ពាន់លានដុល្លារ ដោយកើនឡើង ១១,៤ ភាគរយ ធៀបនឹងរយៈពេលដដែលកាលពីឆ្នាំទៅ ។ ហើយក្រៅពីនោះ គេបានព្យាករណ៍ថា នៅក្នុងឆ្នាំនេះ ថៃអាចនឹងនាំចេញអង្ករទៅកាន់ទីផ្សារ បរទេសសរុបដល់ទៅ ៨ លានតោន ។ អ្នកដែលទិញអង្ករថៃ ច្រើនជាងគេ គឺមានឥណ្ឌូនេស៊ី អាមេរិក អាហ្វ្រិកខាងត្បូង អ៊ីរ៉ាក់ និងចិន។

តាមទីភ្នាក់ងារព័ត៌មានស៊ីនហួរវិញ បានឲ្យដឹងថា នៅក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២៣ដដែល ប្រទេសវៀតណាម បាននាំចេញអង្ករសរុបដល់ទៅ ៦,៦ លានតោន ដោយមានតម្លៃសរុប ៣,៦៦ ពាន់លានដុល្លារ កើនឡើងដល់ទៅ ៤០,៤ ភាគរយ ។ អ្នកទិញអង្ករពីប្រទេសវៀតណាមច្រើនជាងគេ គឺមាន ៖ ហ្វីលីពិន ចិន និង ឥណ្ឌូនេស៊ី ។ តាមការរំពឹងទុក វៀតណាមអាចនឹងនាំចេញអង្ករសរុបប្រមាណជាពី ៧,៥ ទៅ ៧,៨ លានតោន នៅក្នុងទឹកប្រាក់ប្រមាណជា ៤,៣ ពាន់លានដុល្លារ ។
អត្ថបទដោយ ៖ ហេង ចេស្តារ







ចែករំលែកព័តមាននេះ