ថ្ងៃនេះ កម្មវិធីលុយ សូមណែនាំបងប្អូន និងមិត្តភក្តិទាំងអស់អោយស្គាល់លុយថោកជាងគេបំផុតទាំង១០ប្រទេស នៅក្នុងពិភពលោក។ ប៉ុន្តែជាសំណាងល្អ លុយរៀលខ្មែរយើងមិនស្ថិតក្នុងចំណោមលុយថោកជាងគេបំផុត១០ប្រទេស ដោយធៀបនឹងលុយដុល្លារអាមេរិកឡើយ។

នៅក្នុងចំណោមរូបិយប័ណ្ណ ដែលថោកជាងគេទាំង១០នៅលើពិភពលោក ត្រូវបានគេដឹងថា មានរូបិយប័ណ្ណរបស់ប្រទេសសមាជិកអាស៊ាន៣ប្រទេស គឺវៀតណាម ឡាវ និងឥណ្ឌូនេស៊ី។
តម្លៃនៃរូបិប័ណ្ឌទាំងនេះ ត្រូវបានវាស់ដោយការប្រៀបធៀបអត្រាប្តូរប្រាក់ធៀបនឹងលុយដុល្លាររបស់សហរដ្ឋអាមេរិកជាគោល ។

១- ប្រាក់រ៉លអ៊ីរ៉ង់ (Iranian Rial)
ប្រាក់រ៉លអ៊ីរ៉ង់ ដែលមានកូដសម្គាល់ដោយ IRR គឺជារូបិយប័ណ្ណដែលថោកបំផុតលំដាប់ទី១ នៅលើពិភពលោក ហើយការធ្លាក់ចុះនេះ គឺកើតមានឡើងក្រោយពេលដែល អ៊ីរ៉ង់ រងទណ្ឌកម្មសេដ្ឋកិច្ច ដោយសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៨មក ហើយមកដល់ពេលនេះ ដោយ១ដុល្លារស្មើនឹង ៤២.៣០០ រ៉លអ៊ីរ៉ង់។

២- វៀតណាមដុង (VND)
លុយដុងវៀតណាម គឺជារូបិយប័ណ្ណដែលមានតម្លៃទាបជាងគេទី២ ក្នុងពិភពលោក ដោយនៅពេលនេះត្រូវគេដឹងថា នៅក្នុងមួយដុល្លារ គេអាចប្តូរយកលុយដុងវៀតណាមបានចំនួន ២៣.៤៨៥ ដុងឯណោះ។

៣- ឡាវ គីប (LAK)
ការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ប្រទេសឡាវ នៅក្នុងអំឡុងពេលនៃការរាតត្បាតដោយមេរោគកូវីដ១៩ និងផលប៉ះពាល់ផ្ទួនៗ ប្រជាជាតិដីគោកក្បែរខាងកម្ពុជាយើងមួយនេះ មានរូបិយប័ណ្ឌ ដែលមានតម្លៃថោកលំដាប់ទី៣ នៅលើពិភពលោក ។ ស្ថានភាព អតិផរណា គឺមានសភាពកាន់តែអាក្រក់ ដោយនៅពេលនេះ នៅក្នុង១ដុល្លារ គេអាចប្តូរបានរហូតដល់ទៅ ១៧.៦៩២គីប។

៤- សេរ៉ាឡេអូន ឡេអូន (SLL)
លុយសេរ៉ាឡេអូន ដែលមានឈ្មោះថា ឡេអូន (Leone) ហើយមានអក្សរកូដថា SLL ជា រូបិយប័ណ្ណដែលមានតម្លៃទាបជាងគេទី៤ នៅលើពិភពលោក ដោយសារភាពមិនប្រាកដ ប្រជានយោបាយ និងការរីករាលដាលនៃអំពើពុ.ករលួយសាធារណៈ ធ្វើអោយរូបិយប័ណ្ណ ចុះខ្សោយគួរអោយកត់សម្គាល់ ដោយ១ដុល្លារស្មើនឹង ១៧.៦៦៥ ឡេអូន ។

៥- ផោនលីបង់ (LBP)
ប្រាក់ផោនលីបង់ បានធ្លាក់ចុះដល់កម្រិតទាបបំផុតធៀបនឹងប្រាក់ដុល្លារអាមេរិក នៅលំដាប់ទី៥។ រូបិយ ប័ណ្ណនេះ បាននិងកំពុងធ្លាក់ចុះយ៉ាងខ្លាំង ដោយសារបញ្ហាជាច្រើនរាប់តាំងពីវិបត្តិធនាគារដែលកំពុងបន្ត ភាពវឹកវរផ្នែកនយោបាយ និងអតិផរណាដែលកំពុងលេចឡើង។ នៅពេលនេះ នៅលើអត្រាប្តូរប្រាក់ ដោយ១ដុល្លារស្មើនឹង ១៥.០១២ ផោនលីបង់ ។

៦- ប្រាក់រូពីរបស់ឥណ្ឌូនេស៊ី (IDR)
ឥណ្ឌូនេស៊ី ជាប្រទេសដែលមានប្រជាជនច្រើនជាងគេលំដាប់ទី៤ របស់ពិភពលោក ប៉ុន្តែប្រជាជាតិនេះ មិនអាចការពាររូបិយប័ណ្ណពីការធ្លាក់ចុះនោះទេ។ ប្រាក់រូពី របស់ឥណ្ឌូនេស៊ី ជាប់ចំណាត់ថ្នាក់លេខ៦ ក្នុងបញ្ជីរូបិយប័ណ្ណដែលមានតម្លៃទាបបំផុតរបស់ពិភពលោក ដោយ១ដុល្លារស្មើនឹង ១៤.៩៨៥ រូពី ។

៧- អ៊ូសបេគីស្ថាន សោម (UZS)
ចាប់តាំងពីឆ្នាំ២០១៧ មក ប្រជាជាតិអាស៊ីកណ្តាល មួយនេះបាននិងកំពុងដំណើរការកំណែទម្រង់សេដ្ឋកិច្ច ទោះយ៉ាងណាក៏ដោយ ប្រាក់សោម (Som) របស់ប្រជាជាតិនេះ នៅតែជារូបិយប័ណ្ណទន់ខ្សោយ ។ ប្រាក់សោម អ៊ូសបេគីស្ថាន គឺជារូបិយប័ណ្ណដែលមានតម្លៃទាបបំផុតទី៧ នៅក្នុងពិភពលោក ដោយ១ដុល្លារស្មើនឹង ១១. ៤២០ សោម ។

៨- ហ្វ្រង់ហ្គីណេ (GNF)
ហ្វ្រង់ហ្គីណេ (Franc) គឺជារូបិយប័ណ្ណទី៨ ក្នុងចំណោមរូបិយប័ណ្ណដែលមានតម្លៃទាបបំផុត នៅលើពិភពលោក ។ ទោះបីជាសម្បូរធនធានធម្មជាតិដូចជា មាស និងពេជ្រ ក៏ដោយ ក៏ ហ្គីណេ ដែលជាប្រទេសមួយនៅអនុតំបន់សាហារ៉ាអាហ្វ្រិក និងជាអតីតអាណានិគមរបស់បារាំង ហើយត្រូវបានញាំញីដោយអតិផរណាខ្ពស់ ដែលធ្វើឱ្យប្រាក់ហ្វ្រង់ហ្គីណេធ្លាក់ចុះ។ ភាពចលាចលប្រឆាំងនឹងមេដឹកនាំយោធារបស់ប្រទេស និងការហូរចូលជនភៀសខ្លួនពីប្រទេសជិតខាង លីបេរីយ៉ា និងសៀរ៉ាឡេអូន កំពុងរួមចំណែកដល់ការធ្លាក់ចុះសេដ្ឋកិច្ច និងរូបិយប័ណ្ណរបស់ប្រទេស ។ ពេលនេះគេបានដឹងថា ១ដុល្លារស្មើនឹង ៨.៦៥០ ហ្វ្រង់ហ្គីណេ ។

៩- ប៉ារ៉ាហ្គាយហ្គារ៉ានី (PYG)
ប៉ារ៉ាហ្គាយហ្គារ៉ានី (Guarani ) ជារូបិយប័ណ្ណផ្លូវការរបស់ប្រទេសប៉ារ៉ាហា្គយ ដែលជាលុយ ថោកលំដាប់ទី៩ ពោលគឺ១ដុល្លារអាចប្តូរបាន ៧.២៤១ ហ្គារ៉ានី។

១០- ស៊ីលីងអ៊ូហ្គង់ដា (UGX)
ប្រាក់ ស៊ីលីងអ៊ូហ្គង់ដា ( Shilling) ជាប់ចំណាត់ថ្នាក់លេខ១០ ក្នុងចំណោមរូបិយប័ណ្ណដែលមានតម្លៃទាបបំផុតក្នុងពិភពលោក ទោះបីជាប្រទេសនេះសម្បូរប្រេង មាស និងកាហ្វេក៏ដោយ ប៉ុន្តែរូបិយប័ណ្ណស៊ីលីងអ៊ូហ្គង់ដា ត្រូវបានរំខានដោយកំណត់ត្រានៃកំណើនសេដ្ឋកិច្ចមិនស្ថិតស្ថេរ បំណុលដ៏ច្រើន និងចលាចលនយោបាយ ។ ពេលនេះ គេដឹងថា ១ដុល្លារអាចផ្តូរបាន ៤,៧៤១ ស៊ីលលីងអ៊ូហ្គង់ដា ។ 
អត្ថបទដោយ ៖ ស ផាត់










 
                        
			         
				
ចែករំលែកព័តមាននេះ