ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បៃដិន​ថា​លោក​ត្រូវ​តែ​ឈរ​ឈ្មោះ​នៅ​អាណត្តិ​ថ្មី​ដើម្បី​ទប់​ទល់​ជា​មួយ​ត្រាំ

7 ខែ មុន

វ៉ាស៊ីនតោន៖ លោក​បៃដិន​​ថ្លែង​​​ថា​លោក​ប្រហែល​ជា​​មិន​ចូល​រួម​​​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​អាណត្តិ​ថ្មី​នា​ឆ្នាំ​២០២៤​​ទេ​ ​បើ​​លោក​ត្រាំ​មិន​ឈរ​ឈ្មោះ​ជា​បេក្ខជន​របស់​គណ​បក្ស​សា​ធារណ​រដ្ឋ​​​។​​ ​ប៉ុន្តែ​​​លោក​ដឹង​ថា​​​​​លោក​ត្រាំ​​ប្រាកដ​ជា​ចូល​រួម​ប្រកួត​ប្រជែង​​​។ ដូច្នេះ​ បើ​លោក​ត្រាំ​បាន​ជា​ជ្រុល​ឈរ​ឈ្មោះ​ទៅ​ហើយ លោក​បៃ​ដិន​យល់​ថា​​បើ​លោក​មិន​ឈរ​ឈ្មោះ​​ហាក់​ដូច​ជា​​មិន​កើត​ទេ​។ ​លោក​​ពន្យល់​​​ថា​លោក​ត្រាំ​ជា​ការ​គំរាម​កំហែង​ដ៏​​ធំ​​​ចំ​ពោះជោគ​វាសនា​អនាគត​​​ជាតិ​របស់​យើង​។​ ម៉្យាង​ទៀត​ លោក​សម្លឹង​ឃើញ​ថា​នៅ​ក្នុង​ជួរ​គណ​បក្ស​ប្រជា​ធិបតេយ្យ​…

វ៉ាស៊ីនតោន៖ លោក​បៃដិន​​ថ្លែង​​​ថា​លោក​ប្រហែល​ជា​​មិន​ចូល​រួម​​​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​អាណត្តិ​ថ្មី​នា​ឆ្នាំ​២០២៤​​ទេ​ ​បើ​​លោក​ត្រាំ​មិន​ឈរ​ឈ្មោះ​ជា​បេក្ខជន​របស់​គណ​បក្ស​សា​ធារណ​រដ្ឋ​​​។​​ ​ប៉ុន្តែ​​​លោក​ដឹង​ថា​​​​​លោក​ត្រាំ​​ប្រាកដ​ជា​ចូល​រួម​ប្រកួត​ប្រជែង​​​។ ដូច្នេះ​ បើ​លោក​ត្រាំ​បាន​ជា​ជ្រុល​ឈរ​ឈ្មោះ​ទៅ​ហើយ លោក​បៃ​ដិន​យល់​ថា​​បើ​លោក​មិន​ឈរ​ឈ្មោះ​​ហាក់​ដូច​ជា​​មិន​កើត​ទេ​។ ​លោក​​ពន្យល់​​​ថា​លោក​ត្រាំ​ជា​ការ​គំរាម​កំហែង​ដ៏​​ធំ​​​ចំ​ពោះជោគ​វាសនា​អនាគត​​​ជាតិ​របស់​យើង​។​

ម៉្យាង​ទៀត​ លោក​សម្លឹង​ឃើញ​ថា​នៅ​ក្នុង​ជួរ​គណ​បក្ស​ប្រជា​ធិបតេយ្យ​ មាន​តែ​​រូប​លោក​​ម្នាក់​ប៉ុណ្ណោះ​ជា​បេក្ខជន​ដែល​ស័ក្ដិ​សម​​ជាង​គេ​​ដែល​អាច​ទប់​ទល់​ឈ្នះ​លោក​ត្រាំ​។ ​​លោក​បៃដិន​ទំនង​ជា​ចង់​បង្ហាញ​ថា​តំណែង​ប្រធានាធិបតី​មិន​ជា​សំខាន់​ពេក​ទេ​​សម្រាប់​រូប​លោក។​​ សំខាន់​លោក​ចង់​នៅ​ទប់​ទល់​ជា​មួយ​នឹង​លោក​ត្រាំ​ដើម្បី​ធ្វើ​យ៉ាង​ណា​កុំ​​ឱ្យ​លោក​ត្រាំ​​មាន​ឱកាស​វិល​មក​កាន់​អំណាច​សា​ជា​ថ្មី​។ ​​លោក​យល់​ថា​វា​ជា​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​សម្រាប់​ប្រទេស​​ជាតិ​ និង​សម្រាប់​ជោគ​វាសនា​ពិភព​លោក​ទាំង​មូល​ក្នុង​​នាម​​អាមេរិក​ជា​ប្រទេស​មហា​អំណាច​ដែល​មាន​ឥទ្ធិ​ពល​ទៅ​លើ​គ្រប់​វិស័យ​នៃ​ទំនាក់​ទំនង​អន្តរ​ជាតិ​។​

លោក​បៃដិន​ថ្លែង​ថា​ទោះ​​ជា​យ៉ាង​ណា​ក៏​ដោយ​ យើង​មិន​អាច​បណ្ដោយ​​​ឱ្យ​​​លោក​ត្រាំ​ឈ្នះ​ឆ្នោត​​ជា​ដាច់​ខាត​​​។​ ការ​ថ្លែង​យ៉ាង​ដូច្នេះ​ស្រប​ពេល​ដែល​មន្ត្រី​ធំ​ៗ​នៅ​ក្នុង​គណ​បក្ស​ប្រជា​ធិបតេយ្យ​កំពុង​បារម្ភ​ថា​លោក​បៃដិន​​កាន់​តែ​មាន​វ័យ​ចាស់​ជរា​ណាស់​ទៅ​ហើយ​។ ដូច្នេះ គេ​បារម្ភ​ថា​លោក​អាច​នឹង​ជួប​នឹង​បញ្ហា​ច្រើន​ណាស់​បើ​សិន​ជា​ត្រូវបន្ត​កាន់​អំណាច​នៅ​អាណត្តិ​ទី​ពីរ​។

ឥឡូវ​នេះ លោក​បៃដិន​មាន​អាយុ​៨១​ឆ្នាំ​ទៅ​ហើយ​។ ឧប​មា​ថា​លោក​ជាប់​ឆ្នោត​នៅ​អាណត្តិ​ថ្មី​។​ ទម្រាំ​កាន់​អំណាច​​ដល់​ចប់​អាណត្តិ​​ ​អាយុ​​របស់​លោក​នឹង​ឈាន​ចូល​ដល់​​៨៦​ឆ្នាំ​ ហើយ​នឹង​ក្លាយ​ជា​ប្រធានាធិបតី​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​អាមេរិក​។ ​​ក្រោយ​ពេល​ថ្លែង​សុន្ទរ​កថា​រួច​ ​លោ​កបៃដិន​បញ្ជាក់​​បន្ថែម​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​លោក​​​មិន​អាច​​​បោះ​​បង់​ចោល​​ការ​ប្រកួត​ប្រជែងនៅ​អាណត្តិ​ថ្មី​ទេ​​ព្រោះ​លោក​ត្រាំ​ប្រាកដ​ជា​ចូល​រួម​ប្រកួត​ប្រជែង​ដែរ​។

​​​កាល​ពី​ពេល​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០០០ លោក​បៃដិន​បញ្ជាក់​អំពី​មូល​ហេតុ​​ដែល​លោក​​​​សម្រេច​ចិត្ត​​ឈរ​ឈ្មោះ​នៅ​ក្នុង​ពេល​នោះ​ថា​ដោយ​សារ​កាលៈ​ទេសៈ​​ជា​អ្នក​បង្ខំ​រូប​លោក​។ ​ទាំង​រូប​លោក​ និង​អ្នក​ដទៃ​ទៀត​​បារម្ភ​យ៉ាង​ខ្លាំង​​អំពី​ជោគ​វាសនា​របស់​ប្រទេស​​ជាតិ​។​ បើ​សិន​ធ្លាក់​ទៅ​ក្នុង​ការ​ដឹក​នាំ​របស់​លោក​​ត្រាំ​អាច​នឹង​មាន​​​គ្រោះ​ថ្នាក់​។ ឧទាហរណ៍​ លោក​ត្រាំ​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​ និង​​និយាយ​ពន្យុះ​​ឱ្យ​​​អ្នក​គាំទ្រ​​សម្រុក​ចូល​វិមាន​រដ្ឋ​សភា​ បណ្ដាល​​ឱ្យ​​​ស្លាប់​មនុស្ស​មួយ​ចំនួន​។​

​​កាល​ពី​ខែ​មេសា លោក​បៃដិន​ធ្លាប់​ប្រកាស​ម្ដង​ហើយអំពី​​​​គម្រោង​ឈរ​ឈ្មោះ​នៅ​អាណត្តិ​ថ្មី​។ លោក​បាន​លើក​ហេតុ​ផល​២​ចំណុច​ ទី១​ លោក​ស្រី​អនុ​ប្រធានា​ធិបតី​ ឬ​បេក្ខជន​របស់​គណ​បក្ស​ប្រជា​ធិបតេយ្យ​ គ្មាន​នរណា​ម្នាក់​អាច​ប្រកួត​ឈ្នះ​លោក​ត្រាំ​ទេ​។ ​ទី២ លោក​ត្រាំ​នៅ​តែ​ឈរ​ឈ្មោះនៅ​អាណត្តិ​ថ្មី​។ ម៉្លោះ​ហើយ​​មាន​តែ​សង្ឃឹម​ទៅ​លើ​រូប​លោក​ម្នាក់​​ប៉ុណ្ណោះ​​។

​ប្រតិកម្ម​ចំពោះ​ការ​លើក​ឡើង​នេះ លោក​ត្រាំ​បាន​ផ្ដល់​បទ​សម្ភាស​ជា​មួយ​ទូរ​ទស្សន៍​ហ្វក់​ (Fox)។ លោក​ថ្លែង​ថា​មិន​មែន​លោក​បៃដិន​និយាយ​ពាក្យ​សម្ដី​ទាំង​នោះ​ចេញ​ពី​ចិត្ត​របស់​គាត់​ទេ​។ មាន​​អ្នក​ផ្សេង​​ប្រាប់​​​​​ឱ្យ​​គាត់​និយាយ​​បែប​នេះ​​ព្រោះ​ពួក​គេ​គិត​ថា​នេះ​ជា​សារ​នយោបាយ​ដែល​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​។ ​លោក​ត្រាំ​​​​វាយ​បក​ទៅ​វិញ​ថា​គឺ​លោក​បៃដិន​ទៅ​វិញ​ទេ​ជា​មេ​ដឹកនាំ​​​បែប​អត្តា​ធិប្ប​តេយ្យ​ ហើយ​អាច​​​អាច​បង្ក​គ្រោះ​ថ្នាក់​ចំពោះ​ប្រទេស​ជាតិ​​​។ ​លទ្ធផល​ស្ទង់​មតិ​ថ្មី​ៗ​នេះ​បង្ហាញ​ថា​លោក​ត្រាំ​ទទួលបាន​ការ​គាំទ្រ​ច្រើន​ជាង​លោក​បៃដិន​ទាំង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​តាម​​រដ្ឋ​​នី​មួយ​ៗ​ និង​​ការ​បោះ​ឆ្នោ​តថ្នាក់​ជាតិ៕​

ប្រភព៖ The Guardian និង​ Reuters
https://www.theguardian.com/us-news/2023/dec/05/biden-running-trump-2024-presidential-election ​​
https://www.reuters.com/world/us/biden-not-sure-he-would-seek-re-election-if-trump-was-not-2023-12-05/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ