ខេត្តស្វាយរៀង ៖ ក្មេងស្រីម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរដោយសារប្រឡែងគ្នានៅលើដើមព្រីងហើយរបូតដៃធ្លាក់មកដីកម្ពស់ជាង៧ម៉ែត្រ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២១ ឧសភា ស្ថិតនៅខាងជើងផ្ទះក្មេងស្រីរងគ្រោះប្រមាណ១៥០ម៉ែត្រក្នុងភូមិស្វាយយា ឃុំស្វាយយា ស្រុកស្វាយជ្រំ ។
ក្មេងស្រីរងគ្រោះឈ្មោះឈឹម សុផា អាយុ១៣ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ រងរបួសបាក់ដៃទាំងសងខាង ស្ពឹកជើងខាងស្តាំកម្រើកមិនរួចបែកមាត់និងច្រមុះ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្ត ។ តាមការឱ្យដឹងពីម្តាយក្មេងស្រីរងគ្រោះឈ្មោះមាស សាលី អាយុ៥២ឆ្នាំ បានប្រាប់ថា នៅមុនពេលកើតហេតុមានក្មេងស្រីកូនអ្នកជិតខាងពីរនាក់ម្នាក់ឈ្មោះម៉ី និងម្នាក់ទៀតឈ្មោះណាក់ បានមកបបួលកូនស្រីគាត់ទៅឡើងបេះព្រីងយកមកលក់ ។
ពួកគេទាំង៣នាក់បាននាំគ្នាទៅបាត់ប្រមាណជាកន្លះម៉ោងក្រោយស្រាប់តែគេឮសំឡេងក្មេងស្រីកូនអ្នកភូមិស្រែកហៅឱ្យគេជួយពីលើចុងព្រីងធ្វើឱ្យមានការភ្ញាក់ផ្អើលឡើង ។ ពេលនោះអ្នកស្រុករួមទាំងរូបគាត់មាស សាលី បាននាំគ្នារត់ទៅមើលស្រាប់តែឃើញកូនស្រីគាត់ឈឹម សុផា ដេកនៅក្រោមដើមព្រីងសន្លប់ស្តូកស្តឹង ឯផ្ទៃមុខសុទ្ធតែឈាម ធ្វើឱ្យរូបគាត់ជាម្តាយរន្ធត់ចិត្តជាខ្លាំងហើយក៏បានពឹងពាក់អ្នកជិតខាងជួយដឹកកូនស្រីយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ ។
ប្រភពដដែលនេះបានបញ្ជាក់ថា តាមការរៀបរាប់ពីក្មេងស្រីឈ្មោះម៉ី និងឈ្មោះណាក់ បានឱ្យដឹងថា ពេលកំពុងបេះព្រីងនៅលើចុងព្រីងទាំងអស់គ្នា ពួកគេបានប្រឡែងគ្នាលេងបណ្តើរបេះព្រីងបណ្តើរ ដោយបេះព្រីងគប់គ្នាផង និងលូកដៃក្តិចគ្នាផង ពេលនោះឈឹម សុផា ដោយខ្លាចពួកគេក្តិចត្រូវបានខំប្រឹងគេចរហូតធ្វើឱ្យរបូតដៃធ្លាក់មកដីតែម្តងទៅ ៕
ចែករំលែកព័តមាននេះ